លោក Xi Jinping ប្រធានរដ្ឋចិន ជួបពិភាក្សាជាមួយលោក Duma Boko ប្រធានាធិបតីបុតស្វាណា
15-10-2026 17:02
(ប៉េកាំង)៖ ថ្ងៃទី ១៣ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយលោក Duma Boko ប្រធានាធិបតីបុតស្វាណា ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិននៅទីក្រុងប៉េកាំង។ ប្រមុខរដ្ឋនៃប្រទេសទាំងពីរ បានប្រកាសពីការដំឡើងទំនាក់ទំនងទ្វេភាគី ទៅជាទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
លោក Xi Jinping បានលើកឡើងថា ប្រទេសចិន និងបុតស្វាណា គួរតែចងចាំពីផ្លូវអតីតកាលដែលបានគាំទ្រគ្នា និងជួយយកអាសាគ្នាទៅវិញទៅមក ហើយបន្តដំណើរទៅមុខលើផ្លូវឆ្ពោះទៅរកអនាគតកាលដ៏ភ្លឺស្វាង សម្រាប់ការអភិវឌ្ឍ ទំនាក់ទំនងចិន-បុតស្វាណាក្នុងយុគសម័យថ្មី ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ និងវឌ្ឍនភាពរបស់សកលលោក។
លោក Xi Jinping បានលើកឡើងសំណើចំនួនបួន សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការរ៉ែរវាងចិននិងបុតស្វាណា និងចិន-អាហ្វ្រិក ពោលគឺ៖ ទី១ ប្រកាន់ខ្ជាប់នូវគោលការណ៍ស្តីពីធនធានអាហ្វ្រិក គឺជាកម្មសិទ្ធិរបស់អាហ្វ្រិកជាបុរេលក្ខខណ្ឌ សម្រាប់កិច្ចសហប្រតិបត្តិការ។ ទី២ ប្រកាន់ខ្ជាប់នូវគោលគំនិតសហប្រតិបត្តិការដែលគិតពិចារណាទាំងសច្ចភាព និងផលប្រយោជន៍ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ទី ៣ ប្រកាន់ខ្ជាប់នូវទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការ ដែលមានការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់។ ទី ៤ ប្រកាន់ខ្ជាប់នូវបរិយាកាសសហប្រតិបត្តិការដ៏យុត្តិធម៌ និងបើកចំហ។
ជាការឆ្លើយតប លោក Duma Boko បានថ្លែងថា ក្រោមការដឹកនាំដ៏មុតមាំរបស់លោកប្រធានរដ្ឋចិន Xi Jinping ប្រទេសចិនសម្រេចបាននូវសមិទ្ធផលអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់។ ភាគីបុតស្វាណាយកចិត្តទុកដាក់ខ្ពស់ ចំពោះទំនាក់ទំនងជាមួយប្រទេសចិន ហើយនឹងប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវគោលការណ៍ចិនមួយ។ បុតស្វាណាមានឆន្ទៈធ្វើកិច្ចសម្របសម្រួល និងសហការជាមួយប្រទេសចិនយ៉ាងជិតស្និទ្ធ ប្រកាន់ខ្ជាប់នូវពហុភាគីនិយម ពង្រឹងសាមគ្គីភាពក្នុងចំណោម ប្រទេសកំពុងអភិវឌ្ឍន៍ និងធ្វើឱ្យប្រព័ន្ធអភិបាលកិច្ចសកលកាន់តែមានបរិយាបន្ន និងមានភាពជាតំណាង៕
វិទ្យុមិត្តភាពកម្ពុជាចិន






