បាញ់ប្រហារក្នុងសាលាបឋមសិក្សាមួយនៅអាមេរិក សម្លាប់មនុស្ស ៤នាក់ ជនសង្ស័យត្រូវពលរដ្ឋបាញ់សម្លាប់តាមក្រោយ (Video inside)
16-10-2026 09:31
(Oregon)៖ ប៉ូលិសបានឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ខ្មាន់កាំភ្លើងអាយុ ១៦ឆ្នាំម្នាក់បានធ្វើសកម្មភាពបាញ់ប្រហារ នៅសាលាបឋមសិក្សាមួយកន្លែងក្នុងទីក្រុង Bend រដ្ឋ Oregon របស់សហរដ្ឋអាមេរិក ដោយបានសម្លាប់មនុស្ស ៤នាក់ ក្នុងនោះមានកុមារ ៣នាក់ មុនពេលរូបគេត្រូវបានបាញ់សម្លាប់តាមក្រោយដោយពលរដ្ឋសហគមន៍។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។
ប៉ូលិសនិយាយថា ខ្មាន់កាំភ្លើងបានចូលទៅក្នុងសាលារៀនដោយបាញ់ទម្លុះទ្វារចាក់សោ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអ្វីទៀតឡើយ។ មេប៉ូលិសក្រុង Bend លោក Mike Krantz បានប្រាប់សន្និសីទសារព័ត៌មាន អ្នកស្លាប់គឺមានក្មេងៗអាយុ ៥ឆ្នាំ ៨ឆ្នាំ ១១ឆ្នាំ និងគ្រូបង្រៀនម្នាក់ ហើយសិស្សអាយុ ៧ឆ្នាំម្នាក់ និងគ្រូអាយុ ៥៤ឆ្នាំម្នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយត្រូវរបួសធ្ងន់។
លោកស្រី Tina Kotek អភិបាលរដ្ឋ Oregon ដែលបានបង្ហាញខ្លួនក្នុងសន្និសីទព័ត៌មានដែរនោះ បានអគុណពលរដ្ឋសហគមន៍ម្នាក់ ដោយនិយាយគាត់បានចូលអន្តរាគមន៍ដោយក្លាហាន ដើម្បីទប់ស្កាត់កុំឱ្យមានការបាត់បង់ជីវិតមនុស្សបន្ថែមទៀត។ តាមលោក Krantz ពលរដ្ឋសហគមន៍ម្នាក់នោះ បានឃើញជនសង្ស័យចូលទៅក្នុងសាលារៀន ហើយក៏បានដេញតាមជនសង្ស័យ។
Bend ជាទីក្រុងមួយមានប្រជាជនប្រហែល ១០០,០០០នាក់ ស្ថិតក្នុងតំបន់ជនបទភាគកណ្តាលរដ្ឋ Oregon ចម្ងាយ ២៨០គីឡូម៉ែត្រ ទៅទិសអាគ្នេយ៍នៃទីក្រុង Portland ក្នុងតំបន់វាលខ្សាច់ខ្ពង់រាបនៃរដ្ឋ Oregon ជាប់នឹងព្រៃជាតិ Deschutes។ ក្រុមមន្ត្រីបានឱ្យដឹងថា សាលាបឋមសិក្សា Silver Rail ដែលជាកន្លែងកើតហេតុ ទទួលសិស្សចាប់ពីថ្នាក់មត្តេយ្យសិក្សារហូតដល់ថ្នាក់ទី៥ ដែលមានអាយុប្រហែល ៥ ទៅ ១១ឆ្នាំ ដោយមានសិស្សប្រមាណ ៤៥០នាក់ និងបុគ្គលិកចំនួន ៤០នាក់៕







