រដ្ឋមន្ត្រីការពារជាតិព្រីតថេន ជំរុញឱ្យអាមេរិកគាំទ្រអ៊ុយក្រែន ខណៈប្រទេសទាំងពីរកាន់តែទាស់គ្នា (Video inside)
16-10-2026 11:45
(វ៉ាស៉ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិព្រីតថេន (ចក្រភពអង់គ្លេស) លោក Wes Streeting កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២៦ បានជំរុញឱ្យសហរដ្ឋអាមេរិកគាំទ្រអ៊ុយក្រែន ចំពេលមានការខ្វែងគំនិតគ្នាកាន់តែខ្លាំងឡើងរវាងប្រទេសទាំងពីរ ដោយលោកបានសង្កត់ធ្ងន់ថា ការគាំទ្រនេះគឺស្របទៅនឹងផលប្រយោជន៍របស់ទីក្រុងវ៉ាស៊ីនតោន ទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ថ្លែងក្នុងព្រឹត្តិការណ៍មួយរៀបចំដោយវិទ្យាស្ថានស្រាវជ្រាវ CSIS នៅទីក្រុងវ៉ាស៊ីនតោន លោក Streeting បានលើកឡើងដូច្នេះថា «សហរដ្ឋអាមេរិកមានឱកាសដ៏ធំធេង ជុំវិញការគាំទ្រអ៊ុយក្រែន គឺឱកាសទទួលបានទាំងចំណេះដឹង និងបទពិសោធន៍ ព្រមទាំងឱកាសពង្រឹងទំនាក់ទំនង ក្នុងវិស័យឧស្សាហកម្មការពារជាតិ»។ លោកបានបន្តថា «ខ្ញុំគិតថា ក្នុងរយៈពេលប៉ុន្មានឆ្នាំ និងប៉ុន្មានទសវត្សរ៍ខាងមុខ សហរដ្ឋអាមេរិកនឹងឃើញច្បាស់ថា អ៊ុយក្រែននឹងចូលរួមចំណែកយ៉ាងច្រើនដល់ភាពខ្លាំងរបស់អាមេរិក ទាំងផ្នែកសមត្ថភាពយោធា និងមូលដ្ឋានឧស្សាហកម្មការពារជាតិ»។
លោក Streeting បានកត់សម្គាល់ថា ទោះបីបើនិយាយពីទីតាំងភូមិសាស្រ្ត សហរដ្ឋអាមេរិកស្ថិតនៅឆ្ងាយពីអ៊ុយក្រែនក៏ដោយ ប្រសិនបើអំពើឈ្លានពានត្រូវបានផ្តល់រង្វាន់ ឬការលើកទឹកចិត្ត ប្រសិនបើព្រំដែនអាចត្រូវបានកំណត់ឡើងវិញដោយការប្រើកម្លាំង ប្រសិនបើអធិបតេយ្យភាពរបស់ប្រទេសនានា ក្លាយជារឿងដែលអាចចរចាបាន នោះផលវិបាកនឹងមិនមែនចប់នៅត្រឹមតែអ៊ុយក្រែន នោះទេ»។
ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងកៀវ បាននិងកំពុងកាន់តែតានតឹងខ្លាំងឡើង ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានការផ្លាស់ប្តូរលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ចេញពីតំណែង បន្ទាប់ពីមេដឹកនាំអ៊ុយក្រែនរូបនេះ បានរិះគន់កិច្ចព្រមព្រៀងរបស់សហរដ្ឋអាមេរិក ដែលអនុញ្ញាតឱ្យប្រេងម៉ាស៊ូតរុស្ស៊ីកាន់តែច្រើន ចូលទៅក្នុងទីផ្សារពិភពលោក។
លោក ត្រាំ ក៏បានចោទប្រកាន់លោក ហ្សេលេនស្គី ថាមិនអើពើនឹងការណែនាំមិនឱ្យវាយប្រហាររោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីផងដែរ។ ចំណែកទីក្រុងកៀវ និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន បានព្រមានថា ការបន្ធូរបន្ថយសម្ពាធលើទីក្រុងមូស្គូ នឹងជួយផ្តល់មូលនិធិដល់សង្គ្រាមរបស់វិមានក្រឹមឡាំង។
គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីព្រីតថេន លោក Andy Burnham កាលពីចុងសប្តាហ៍កន្លងទៅ បានអះអាងជាថ្មី អំពីការួមសាមគ្គីភាពយ៉ាងពេញលេញរបស់លោក ជាមួយលោក ហ្សេលេនស្គី។ ការិយាល័យនាយករដ្ឋមន្ត្រីព្រីតថេន បានឱ្យដឹងថា លោក Burnham ក៏បានសន្យាដែរថា ព្រីតថេននឹងរឹតបន្តឹងទណ្ឌកម្មរបស់ខ្លួនបន្ថែមទៀតលើរុស្ស៊ី៕





