អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
16-10-2026 22:20
(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក កំពុងចាត់វិធានការជាប្រវត្តិសាស្ត្រក្នុងការបើកដំណើរការឡើងវិញនូវរោងចក្រថាមពលនុយក្លេអ៊ែរចំនួន ៣ កន្លែងដែលធ្លាប់បានបិទទ្វារ ដើម្បីឆ្លើយតបនឹងការកើនឡើងយ៉ាងគំហុកនៃតម្រូវការអគ្គិសនី ជាពិសេសការផ្គត់ផ្គង់ដល់បណ្តាញមជ្ឈមណ្ឌលទិន្នន័យ (Data Centers) ធំៗ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦។
ក្រសួងថាមពលអាមេរិក បានទម្លាក់កញ្ចប់កម្ចីរហូតដល់ ៤.៤ ពាន់លានដុល្លារ ក្នុងការបើកដំណើរការឡើងវិញនូវរោងចក្រ Palisades ក្នុងរដ្ឋ Michigan មជ្ឈមណ្ឌលថាមពលស្អាត Crane នៅកោះ Three Mile Island ក្នុងរដ្ឋ Pennsylvania និងមជ្ឈមណ្ឌលថាមពល Duane Arnold ក្នុងរដ្ឋ Iowa ដើម្បីស្ដារសមត្ថភាពផលិតអគ្គិសនីសរុប ២.២៥ ជីហ្គាវ៉ាត់ ដែលអាចផ្គត់ផ្គង់ដល់ផ្ទះសម្បែង និងអាជីវកម្មបានប្រមាណ ២ លានកន្លែង។ រោងចក្រទាំងបីនេះ សុទ្ធតែបានបិទទ្វារមុនកាលកំណត់កាលពីពេលកន្លងទៅ ដោយសារតែថ្លៃដើមផលិតអគ្គិសនីនាពេលនោះខ្ពស់ពេក។
បច្ចុប្បន្ន ស្ថានភាពបានផ្លាស់ប្តូរទាំងស្រុង ដោយរោងចក្រចំនួន ២ ក្នុងចំណោមនោះ បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្ស (Big Tech) ដែលហ៊ានចំណាយប្រាក់ខ្ពស់ដើម្បីទិញថាមពលស្អាតគ្មានកាបូនសម្រាប់បម្រើឱ្យមជ្ឈមណ្ឌលទិន្នន័យ។ ទន្ទឹមគ្នានេះ រដ្ឋបាលលោក ដូណាល់ ត្រាំ ក៏កំពុងជំរុញការប្រើប្រាស់ថាមពលនុយក្លេអ៊ែរយ៉ាងខ្លាំង សម្រាប់ការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) និងវិស័យផលិតកម្ម ព្រមទាំងផ្តល់កម្ចីរាប់ពាន់លានដុល្លារបន្ថែម ដើម្បីលើកកម្ពស់រោងចក្រនុយក្លេអ៊ែរដែលកំពុងដំណើរការស្រាប់។
លោក Todd Allen អ្នកជំនាញវិស្វកម្មនុយក្លេអ៊ែរ បានបញ្ជាក់ថា ការបើកដំណើរការម៉ាស៊ីនរ៉េអាក់ទ័រចាស់ៗឡើងវិញ គឺជាមធ្យោបាយដ៏លឿន និងចំណាយតិចជាងការសាងសង់រោងចក្រថ្មី ដោយលោកសង្កត់ធ្ងន់ថា៖ «ប្រទេសជាតិកំពុងត្រូវការថាមពលបន្ថែម។ យើងមានរោងចក្រស្រាប់ដែលអាចដំណើរការឡើងវិញបានលឿន ហើយសម្រាប់អ្នកដែលត្រូវការថាមពលគ្មានកាបូន នុយក្លេអ៊ែរគឺជាជម្រើសដ៏ល្អបំផុត»។
គួរបញ្ជាក់ថា ក្នុងប្រវត្តិសាស្ត្រពាណិជ្ជកម្មអាមេរិក គេមិនធ្លាប់ឃើញមានម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរណាដែលឈានដល់ដំណាក់កាលរុះរើហើយ បែរជាអាចបើកដំណើរការផលិតអគ្គិសនីឡើងវិញបែបនេះឡើយ៕




