ចិន ដើរតួនាទីឈានមុខគេ ចំពោះអភិបាលកិច្ចបញ្ញាសិប្បនិម្មិតសាកល
18-10-2026 14:29
(ប៉េកាំង)៖ តួនាទីរបស់ចិនក្នុងវិស័យអភិបាលកិច្ច AI សកល មិនត្រឹមតែជាអ្នកស្នើគំនិតប៉ុណ្ណោះទេ ប៉ុន្តែបានវិវត្តទៅជាអ្នកកសាងក្របខ័ណ្ឌច្បាប់ អ្នកជំរុញយន្តការពហុភាគី និងអ្នកផ្តល់ធនធានបច្ចេកវិទ្យាជាក់ស្តែង។ តួនាទីឈានមុខនេះ អាចវិភាគតាមទិដ្ឋភាពសំខាន់ៗដូចជា ការកសាងក្របខណ្ឌច្បាប់ជាតិមុនគេ ការបំប្លែងគំនិតផ្តួចផ្តើមទៅជាសកម្មភាពក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ការបង្កើតវេទិកានិងយន្តការអន្តរជាតិថ្មីៗ ការចូលរួមយ៉ាងសកម្មក្នុងកិច្ចសន្ទនាពហុភាគី និង ទ្វេភាគី និង ការលើកម្ពស់បច្ចេកវិទ្យាប្រភពបើកចំហរ។
ចិនស្ថិតក្នុងចំណោមប្រទេសដំបូងគេនៅលើពិភពលោក ដែលបានដាក់ចេញនូវបទប្បញ្ញត្តិជាក់លាក់សម្រាប់គ្រប់គ្រងបច្ចេកវិទ្យា AI។ ក្នុងនោះរួមមាន បទប្បញ្ញត្តិស្តីពីការគ្រប់គ្រងក្បួនដោះស្រាយការណែនាំព័ត៌មាន (ឆ្នាំ ២០២២) បទប្បញ្ញត្តិស្តីពីបច្ចេកវិទ្យាសំយោគជ្រៅ (Deep Synthesis) (ឆ្នាំ ២០២៣) វិធានការបណ្តោះអាសន្នស្តីពីការគ្រប់គ្រងសេវាកម្ម AI បង្កើតខ្លឹមសារ (Generative AI) ដែលចូលជាធរមាននៅខែសីហា ឆ្នាំ ២០២៣ និងវិធានការស្តីពីការដាក់ស្លាកសម្គាល់ខ្លឹមសារដែលបង្កើតដោយ AI (ចូលជាធរមាននៅខែកញ្ញា ឆ្នាំ២០២៥ ) ។
បទពិសោធន៍ក្នុងការគ្រប់គ្រងក្នុងស្រុកនេះ បានផ្តល់មូលដ្ឋានជាក់ស្តែងដល់ការលើកឡើង នូវគោលការណ៍អភិបាលកិច្ចនៅថ្នាក់អន្តរជាតិ ។ នៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២៤ មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តដោយការឯកភាពទាំងស្រុងនូវសេចក្តីសម្រេចស្តីពី «ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ លើការកសាងសមត្ថភាពបញ្ញាសិប្បនិម្មិត» ដែលផ្តួចផ្តើមដោយចិន និងទទួលបានការឧបត្ថម្ភរួមពីប្រទេសជាង ១៤០។ បន្ទាប់មក ចិនបានដាក់ចេញនូវ «ផែនការសកម្មភាពកសាងសមត្ថភាព AI ដើម្បីផលល្អ និងសម្រាប់ទាំងអស់គ្នា» (ខែកញ្ញា ឆ្នាំ ២០២៤) ព្រមទាំងបានសហការជាមួយសាធារណរដ្ឋហ្សំប៊ី បង្កើត «ក្រុមមិត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើការកសាងសមត្ថភាព AI» នៅអង្គការសហប្រជាជាតិ (ខែធ្នូ ឆ្នាំ ២០២៤)។ ជំហានទាំងនេះបង្ហាញថា ចិនបានជំរុញឱ្យអង្គការសហប្រជាជាតិក្លាយជាវេទិកាចម្បងសម្រាប់អភិបាលកិច្ច AI ស្របតាមគោលការណ៍ពហុភាគីនិយម។
តាមរយៈសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក (WAIC) ដែលប្រារព្ធជាប្រចាំឆ្នាំនៅទីក្រុងសៀងហៃ ចិនបានដាក់ចេញនូវ «សេចក្តីប្រកាសសៀងហៃ ស្តីពីអភិបាលកិច្ច AI សកល» (ឆ្នាំ ២០២៤) និង «ផែនការសកម្មភាពអភិបាលកិច្ច AI សកល» (ខែកក្កដា ឆ្នាំ ២០២៥)។ ជាពិសេស ចិនបានស្នើឱ្យបង្កើត «អង្គការកិច្ចសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក» (World AI Cooperation Organization) ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងសៀងហៃ ក្នុងគោលដៅផ្តល់វេទិកាស្ថាប័នរួមមួយ ជាពិសេសសម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍ។ ក្រៅពីនេះ ចិនក៏បានជំរុញកិច្ចសហប្រតិបត្តិការ AI ក្នុងក្របខ័ណ្ឌ BRICS អង្គការសហប្រតិបត្តិការសៀងហៃ (SCO) និងកិច្ចសហប្រតិបត្តិការចិន-អាស៊ាន ដែលបង្ហាញពីឆន្ទៈក្នុងការធ្វើជាស្ពានតភ្ជាប់រវាងប្លុកនានា ជាជាងការបែងចែក។ ក្រុមហ៊ុនបច្ចេកវិទ្យាចិនបានដាក់ឱ្យប្រើប្រាស់ជាសាធារណៈនូវគំរូភាសាធំៗ (Large Language Models) ក្នុងទម្រង់ប្រភពបើកចំហ ដូចជា DeepSeek និង Qwen ដែលមានសមត្ថភាពខ្ពស់ និងចំណាយទាប។ និន្នាការនេះបានកាត់បន្ថយឧបសគ្គផ្នែកថ្លៃដើម និងធនធានសម្រាប់ បណ្តាប្រទេសកំពុងអភិវឌ្ឍ ក្នុងការចូលប្រើ និងកែសម្រួលបច្ចេកវិទ្យា AI ឱ្យស្របតាមភាសា និងតម្រូវការក្នុងស្រុក ដែលជាការបកស្រាយជាក់ស្តែង នៃគោលការណ៍កាត់បន្ថយគម្លាតបច្ចេកវិទ្យា។
គំនិតផ្តួចផ្តើមស្តីពីអភិបាលកិច្ច AI សកល មិនមែនជាគោលនយោបាយដាច់ដោយឡែកនោះទេ ប៉ុន្តែជាផ្នែកមួយនៃចក្ខុវិស័យរួមរបស់ចិន រួមជាមួយគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល (២០២១) គំនិតផ្តួចផ្តើមសន្តិសុខសកល(២០២២) គំនិតផ្តួចផ្តើមអរិយធម៌សកល (២០២៣) និងគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល(២០២៥)។ ភាពស៊ីសង្វាក់នេះ ផ្តល់នូវមូលដ្ឋានគំនិតរួមមួយ ដែលភ្ជាប់អភិបាលកិច្ចបច្ចេកវិទ្យាទៅនឹងការអភិវឌ្ឍ សន្តិសុខ និងសណ្តាប់ធ្នាប់អន្តរជាតិប្រកបដោយយុត្តិធម៌។ សម្រាប់កម្ពុជា ដែលកំពុងអនុវត្តក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១–២០៣៥ តួនាទីឈានមុខរបស់ចិនក្នុងវិស័យនេះ ផ្តល់នូវឱកាសក្នុងការទទួលបានការកសាងសមត្ថភាព ការបណ្តុះបណ្តាលធនធានមនុស្ស និងការចូលប្រើបច្ចេកវិទ្យា ក្នុងតម្លៃសមរម្យ។ ទន្ទឹមនឹងនេះ គោលការណ៍គោរពអធិបតេយ្យភាពឌីជីថល អនុញ្ញាតឱ្យកម្ពុជារក្សាសិទ្ធិក្នុងការកំណត់ក្របខ័ណ្ឌច្បាប់ផ្ទាល់ខ្លួន ស្របតាមកាលៈទេសៈជាតិ និងក្របខ័ណ្ឌអាស៊ាន។
ក្រោយរយៈពេលបីឆ្នាំនៃការដាក់ចេញ (២០២៣–២០២៦) «គំនិតផ្តួចផ្តើមស្តីពីអភិបាលកិច្ចបញ្ញាសិប្បនិម្មិតសកល» បានវិវត្តពីគំនិតគោលការណ៍ ទៅជាសកម្មភាពជាក់ស្តែង។ តាមរយៈដំណើរការនេះ សាធារណរដ្ឋប្រជាមានិតចិនបានបង្ហាញខ្លួន ជាតួអង្គឈានមុខគេម្នាក់ក្នុងការកសាង សណ្តាប់ធ្នាប់អភិបាលកិច្ច AI សកល ដោយឈរលើគោលការណ៍ពហុភាគីនិយម ការគោរពអធិបតេយ្យភាព និងការលើកកម្ពស់សិទ្ធិអភិវឌ្ឍ របស់បណ្តាប្រទេសកំពុងអភិវឌ្ឍ។ គំនិតផ្តួចផ្តើមនេះបានបញ្ជាក់នូវសារសំខាន់មួយថា បច្ចេកវិទ្យា AI មិនគួរក្លាយជាឧបករណ៍នៃការបែងចែក ឬជាអភ័យឯកសិទ្ធិសម្រាប់តែបណ្តាប្រទេសមានធនធានខ្ពស់នោះឡើយ ផ្ទុយទៅវិញ ត្រូវតែជា «ផលប្រយោជន៍សាធារណៈសកល» ដែលបម្រើដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងសុខុមាលភាពរួមរបស់មនុស្សជាតិទាំងមូល។ សម្រាប់ព្រះរាជាណាចក្រកម្ពុជា ការចូលរួមយ៉ាងសកម្ម និងប្រកបដោយតុល្យភាព ក្នុងដំណើរការនេះ គឺជាឱកាសដ៏មានតម្លៃក្នុងការពន្លឿនការផ្លាស់ប្តូរឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ៕
ដោយ បណ្ឌិត គី សេរីវឌ្ឍន៍
ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា





