បទវិភាគ៖ ការរៀបចំឡើងតាមពេលកំណត់និងឆ្ពោះទៅរកភាពថ្មីដោយឥតឈប់ឈរ៖ ពិព័រណ៍ផលិតផលនាំចេញនាំចូលចិន (ពិព័រណ៍ Canton ) បន្តសរសេររឿងរ៉ាវនៃការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ
19-10-2026 17:55
(ប៉េកាំង)៖ មនុស្សយន្តរូបរាងមនុស្សរាប់មិត្តតាមរយៈ "ក្បាច់គុណ" មនុស្សយន្តពាក់ exoskeleton ដែលអាចជួយសម្រួលដល់ការដើរ វ៉ែនតា AI ដែលអាចបកប្រែនិងថតរូប ។ល។ នៅក្នុងពិព័រណ៍ផលិតផលនាំចេញនាំចូលចិនលើកទី ១៤០ (ពិព័រណ៍ Canton )ដែលកំពុងរៀបចំឡើង ផលិតផលឈានមុខជាច្រើនដែលតំណាងឱ្យកម្លាំងផលិតកម្មគុណភាពថ្មីត្រូវបានដាក់តាំងបង្ហាញព្រមៗគ្នាដែលបានក្លាយជាការបង្ហាញឱ្យឃើញពីការរៀបចំធ្វើឡើងតាមពេលកំណត់និងឆ្ពោះទៅរកភាពថ្មីដោយឥតឈប់ឈរនៃពិព័រណ៍ Canton ។ "ពិព័រណ៍ផលិតផលនាំចេញនាំចូលចិនបង្ហាញពីកម្លាំងចលករនៃការជំរុញវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា" "កសាងស្ពានសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ" "ពិព័រណ៍ Canton គឺជាវេទិកាពាណិជ្ជកម្មសកលដែលគួរឱ្យជឿទុកចិត្តបំផុត" ។ល។ មតិសាធារណៈអន្តរជាតិបាននាំគ្នាវាយតម្លៃយ៉ាងផុសផល ។
ឆ្នាំនេះគឺជាឆ្នាំចាប់ផ្តើមនៃការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ ហើយក៏ជាខួបលើកទី ៧០ នៃការបង្កើតពិព័រណ៍ Canton ផងដែរ ។ ក្នុងរយៈពេល ៧០ ឆ្នាំកន្លងមក ទំហំនៃការតាំងពិព័រណ៍Canton ត្រូវបានពង្រីកពី ៩៦០០ ម៉ែត្រក្រឡាក្នុងពិព័រណ៍ Canton លើកដំបូងទៅដល់ ១,៥៥ លានម៉ែត្រក្រឡានាពេលបច្ចុប្បន្ន ហើយចំនួនពាណិជ្ជករបញ្ជាទិញបានកើនឡើងពី ១២០០ នាក់នៅគ្រាដំបូងទៅដល់ជាង ៣០ ម៉ឺននាក់នៅឆ្នាំនេះដែលបានក្លាយជាពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិដែលមានប្រវត្តិសាស្រ្តយូរបំផុត ទ្រង់ទ្រាយធំបំផុតនិងទំហំទិញលក់ច្រើនបំផុតរបស់ប្រទេសចិន ហើយបានក្លាយជា"ពិព័រណ៍លំដាប់ទីមួយរបស់ប្រទេសចិន"ដែលមានឈ្មោះល្បីល្បាញនៅទូទាំងពិភពលោក ។
ឆ្លងកាត់រយៈពេល ៧០ឆ្នាំ ហេតុអ្វីបានជាពិព័រណ៍ Canton អាចរៀបចំឡើងតាមពេលកំណត់និងឆ្ពោះទៅរកភាពថ្មី ដោយឥតឈប់ឈរ ? លោក Wang Xiaosong សាស្ត្រាចារ្យនៃវិទ្យាស្ថានសេដ្ឋកិច្ចនៃសកលវិទ្យាល័យប្រជាជនចិនបានថ្លែងថា ជាដំបូងនេះគឺបានទទួលផលប្រយោជន៍ពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការជំរុញនវានុវត្តន៍ផ្នែកបច្ចេកវិទ្យានិងពូនជ្រំការអភិវឌ្ឍកម្លាំងចលករថ្មី ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ សហគ្រាសចិនជាច្រើនបានរួមបញ្ចូលបណ្តាញអ៊ីនធឺណិតឧស្សាហកម្មនិងបញ្ញាសិប្បនិម្មិតទៅក្នុងខ្សែសង្វាក់ឧស្សាហកម្មដែលបានទាក់ទាញពាណិជ្ជករបញ្ជាទិញលើទូទាំងពិភពលោកឱ្យចូលរួមក្នុងពិព័រណ៍នេះ ។ ក្រៅពីនេះ ប្រទេសចិនមានប្រព័ន្ធឧស្សាហកម្មដ៏ពេញលេញដែលជំរុញឱ្យសមិទ្ធផលនៃកម្លាំងផលិតកម្មគុណភាពថ្មីត្រូវបានដាក់តាំងបង្ហាញព្រមៗគ្នាសំដៅជំរុញឱ្យ"ការផលិតដោយចិន"ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយតម្រូវការនៃសកលលោក ហើយបូករួមទាំងប្រទេសចិនបាននិងកំពុងប្រកាន់ខ្ជាប់នូវការពង្រីកការបើកទូលាយចំពោះបរទេសប្រកបដោយកម្រិតខ្ពស់និងកសាងវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិដែលមានស្ថិរភាពនិងភាពរលូនតាមរយៈពិព័រណ៍ Canton ដែលបានបង្កើតឱកាសឈ្នះ-ឈ្នះកាន់តែច្រើនសម្រាប់ពាណិជ្ជករបញ្ជាទិញ។
ពិព័រណ៍ Canton បង្កើតឡើងដោយសារការបើកទូលាយនិងមានភាពរុងរឿងដោយសារភាពបើកទូលាយដែលបានក្លាយជាបង្អួចដ៏សំខាន់សម្រាប់ពិភពលោក សង្កេតមើលប្រទេសចិន ។ តាមរយៈបង្អួចនេះ សហគមន៍អន្តរជាតិមិនត្រឹមតែបានមើលឃើញពីកម្លាំងរស់រវើកដ៏ធំធេងនៃសេដ្ឋកិច្ចចិននិងជាសក្ខីភាពនៃការធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្មរបស់ប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាន់តែទទួលអារម្មណ៍ពីការប្តេជ្ញាចិត្តនិងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនចំពោះការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះជាមួយពិភពលោក ។
ក្នុងបរិបទបច្ចុប្បន្នដែលឯកតោភាគីនិយមនិងគាំពារនិយមបានងើបឡើងវិញ ពិព័រណ៍ Canton បានរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំតាមពេលកំណត់ វាបានបំពេញបន្ថែមនូវកម្លាំងចលករសម្រាប់ជំរុញការកសាងសេដ្ឋកិច្ចពិភពលោកបែបបើកចំហ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ពាណិជ្ជករបញ្ជាទិញជាង ៣០ ម៉ឺននាក់ដែលមកពីប្រទេសនិងតំបន់ជាង ២២០ បានចូលរួមពិព័រណ៍តាមពេលកំណត់ដែលជាការផ្តល់"សំឡេងគាំទ្រ"ចំពោះប្រទេសចិនដែលបាននិងកំពុងប្រកាន់ខ្ជាប់ការគោរពតាមពាក្យសន្យារបស់ខ្លួន ។
នៅពេលអនាគត ស្របពេលដែលផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ របស់ប្រទេសចិនត្រូវបានអនុវត្តជាបន្តបន្ទាប់ ពិភពលោកនឹងទទួលអារម្មណ៍កាន់តែជ្រាលជ្រៅពីការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការជំរុញការបើកទូលាយចំពោះបរទេសប្រកបដោយកម្រិតខ្ពស់និងពង្រីកលំហសហប្រតិបត្តិការឈ្នះ-ឈ្នះផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ ។ បើនិយាយក្នុងន័យនេះ ពិព័រណ៍ Canton នឹងមិនបិទបញ្ចប់ជារៀងរហូត ហើយនឹងបន្តសរសេររឿងរ៉ាវនៃការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ៕
វិទ្យុមិត្តភាពកម្ពុជាចិន





