បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
19-10-2026 21:07
(ប៉ារីស)៖ រដ្ឋាភិបាលបារាំង នៅថ្ងៃចន្ទនេះ បានស្នើឱ្យអាជ្ញាធរមូលដ្ឋានពិចារណាដាក់បម្រាមគោចរនៅតាមតំបន់មួយចំនួន ខណៈកំពុងរងសម្ពាធយ៉ាងខ្លាំងជុំវិញភាពកម្សោយនៃប្រព័ន្ធសន្តិសុខ បន្ទាប់ពីកុបកម្ម និងការលួចប្លន់បានផ្ទុះឡើងកាលពីចុងសប្តាហ៍ ដែលកើតចេញពីបាតុកម្មប្រឆាំងរដ្ឋាភិបាលទូទាំងប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២៦។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាយករដ្ឋមន្ត្រីបារាំង លោក Sebastien Lecornu មិនបានច្រានចោលលទ្ធភាពនៃការប្រកាសភាពអាសន្ននោះឡើយ ប៉ុន្តែបានបញ្ជាក់ថា ការអនុវត្តបម្រាមគោចរតាមតំបន់ជាក់លាក់ គឺសមស្របជាងសម្រាប់ពេលនេះ ដោយមិនរាប់បញ្ចូលបម្រាមគោចរទូទាំងរដ្ឋធានីប៉ារីសទេ។ លោកបានសង្កត់ធ្ងន់ថា៖ «ការប្តេជ្ញាចិត្តរបស់ខ្ញុំក្នុងការស្តារសណ្តាប់ធ្នាប់សង្គមឡើងវិញ គឺដាច់ខាត» ព្រមទាំងបានទម្លាក់កំហុសលើក្រុមឆ្វេងនិយមជ្រុល ថាជាអ្នកបង្កអស្ថិរភាពមុនការបោះឆ្នោតប្រធានាធិបតីចូលមកដល់ក្នុងរយៈពេល ៦ ខែខាងមុខ។
សហព័ន្ធពាណិជ្ជកម្ម និងលក់រាយរបស់បារាំង បានឱ្យដឹងថា ហាងទំនិញជិត ៣,០០០ កន្លែងបានរងផលប៉ះពាល់កាលពីចុងសប្តាហ៍ ដោយបានអំពាវនាវសុំការបន្ធូរបន្ថយពន្ធ និងប្រាក់វិភាគទានសន្តិសុខសង្គម ខណៈរដ្ឋាភិបាលសន្យាថានឹងដាក់ចេញវិធានការឧបត្ថម្ភចាប់ពីថ្ងៃអង្គារតទៅ។ ក្នុងហេតុការណ៍កុបកម្មកាលពីថ្ងៃសៅរ៍ បាតុករម្នាក់បានស្លាប់ដោយសារគាំងបេះដូង ប៉ូលិសជិត ១,០០០ នាក់រងរបួស និងមនុស្សប្រមាណ ២,៤០០ នាក់ត្រូវបានចាប់ខ្លួន។
វិមានអេលីហ្សេ បានឱ្យដឹងនៅថ្ងៃចន្ទនេះថា ប្រធានាធិបតី លោក Emmanuel Macron បានបដិសេធសំណើសុំលាលែងពីតំណែងរបស់រដ្ឋមន្ត្រីមហាផ្ទៃ លោក Laurent Nunez ដោយបញ្ជាឱ្យលោកបន្តដឹកនាំកម្លាំងបញ្ចប់រនាំងបិទផ្លូវ និងការលួចប្លន់ ព្រមទាំងពិនិត្យមើលភាពខ្វះចន្លោះខាងការងារចារកម្ម។ ទោះបីជាមានភាពវឹកវរក្ដី លោក Nunez បានបញ្ជាក់ថា ការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Champions League រវាងក្រុម Paris Saint-Germain និង Barcelona នៅយប់ថ្ងៃអង្គារ នឹងបន្តធ្វើឡើងតាមការគ្រោងទុកដដែល៕






