បទវិភាគ៖ របាយការណ៍សេដ្ឋកិច្ចចិនក្នុងត្រីមាសទី៣បង្ហាញថា សេដ្ឋកិច្ចចិនបាននិងកំពុងឆ្ពោះទៅរកការវិវត្តថ្មីនិងភាពល្អប្រសើរប្រកបដោយស្ថិរភាព
20-10-2026 16:55
(ប៉េកាំង)៖ នៅថ្ងៃទី១៩ ខែតុលា របាយការណ៍សេដ្ឋកិច្ចចិនក្នុងត្រីមាសទី៣ ត្រូវបានចេញផ្សាយ៖ យោងតាមការគណនាជាបឋម ក្នុងរយៈពេល៣ត្រីមាសដើមឆ្នាំនេះ ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិន បានឈានដល់ជាង ១០៧ទ្រីលានយន់ប្រាក់ចិន បើគិតតាមតម្លៃថេរបានកើនឡើង៤,៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្រុមហ៊ុនវិទ្យុផ្សាយសំឡេងអង់គ្លេស BBC ទីភ្នាក់ងារសារព័ត៌មាន Reuters និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតបានវាយតម្លៃព្រមៗគ្នាថា "កំណើនលឿនជាងមុននៅក្នុងត្រីមាសទី៣" "កំណើនក្នុងត្រីមាសទី៣លើសពីការរំពឹងទុក"។ល។
តាមការពិនិត្យមើលរបាយការណ៍នេះឱ្យកាន់តែច្បាស់ បានបង្ហាញពីចំណុចលេចធ្លោចំនួនបួននៃសេដ្ឋកិច្ចចិន៖ ដំណើរការប្រកបដោយស្ថិរភាព កម្លាំងចលករឆ្ពោះទៅរកការវិត្តថ្មី រចនាសម្ព័ន្ធកាន់តែប្រសើរឡើង គុណភាពនិងប្រសិទ្ធភាពកាន់តែល្អ។ និយាយជារួម អត្រាកំណើន៤,៦% ក្នុងរយៈពេលបីត្រីមាសដំបូង គឺសមស្របនឹងគោលដៅតាមការរំពឹងទុកសម្រាប់សេដ្ឋកិច្ចពេញមួយឆ្នាំ និងបានជាប់ចំណាត់ថ្នាក់នាំមុខក្នុងចំណោមអង្គភាពសេដ្ឋកិច្ចសំខាន់ៗ នៅទូទាំងពិភពលោក។ ក្នុងរយៈពេល៣ត្រីមាសដំបូង កំណើនសេដ្ឋកិច្ចបានឈានដល់៥,៧ទ្រីលានយន់ប្រាក់ចិន ដែលជាការកើនឡើងច្រើនបំផុតក្នុងរយៈពេលដូចគ្នាក្នុងរយៈពេល ៥ឆ្នាំកន្លងមក។
ជាពិសេស ក្នុងរយៈពេលបីត្រីមាសដំបូង តម្លៃបន្ថែមរបស់សហគ្រាសឧស្សាហកម្មធុនមធ្យមនិងធំបានកើនឡើង៥.៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ទំហំលក់រាយសរុបនៃទំនិញប្រើប្រាស់និងសេវាកម្មបានកើនឡើង២.៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងតម្លៃទំនិញប្រើប្រាស់របស់ប្រជាជនបានកើនឡើង០.៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន... និន្នាការនៃសូចនាករសេដ្ឋកិច្ចភាគច្រើនឆ្ពោះទៅរកភាពល្អប្រសើរ ដែលបង្ហាញពីភាពធន់ និងភាពរស់រវើកនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិន ប្រការទាំងនេះបានបង្ហាញថា ប្រទេសចិននៅតែជាប្រភពកម្លាំងចលករដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចពិភពលោក។
នៅពេលសង្កេតមើលសេដ្ឋកិច្ចរបស់ប្រទេសមួយ ត្រូវផ្តោតសំខាន់ទាំងបរិមាណសរុបនិងរចនាសម្ព័ន្ធ ។ ក្នុងរយៈពេលបីត្រីមាសដំបូងឆ្នាំនេះ កម្លាំងចលករនៃសេដ្ឋកិច្ចរបស់ប្រទេសចិនបានផ្លាស់ប្តូរទៅរកការវិត្តថ្មី ហើយរចនាសម្ព័ន្ធក៏មានភាពប្រសើរឡើងផងដែរ។ តាមការគណនាជាបឋមបានបង្ហាញថា អត្រារួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់កម្លាំងចលករថ្មីដែលមានផលិតកម្មបច្ចេកវិទ្យាខ្ពស់ សេដ្ឋកិច្ចឌីជីថលនិងសេវាកម្មទំនើបជាតំណាងបន្តរក្សាលើសពី៤០% ហើយកំណើននៃផលិតកម្មបច្ចេកវិទ្យាខ្ពស់និងការផលិតផលិតផលឌីជីថលបានបង្កើនល្បឿន។ របាយការណ៍ដែលចេញផ្សាយដោយអង្គការកម្មសិទ្ធិបញ្ញាពិភពលោកបង្ហាញថា បច្ចុប្បន្ន សន្ទស្សន៍នវានុវត្តន៍របស់ប្រទេសចិនជាប់ចំណាត់ថ្នាក់ទី១០នៅទូទាំងពិភពលោក ដោយមានក្រុមនវានុវត្តន៍ចំនួន២៥បានឈានចូលកម្រិតកំពូលទាំង១០០លើពិភពលោក ចំនួននេះបានជាប់ចំណាត់ថ្នាក់លេខមួយនៅទូទាំងពិភពលោកក្នុងរយៈពេល៤ឆ្នាំជាប់ៗគ្នា។
ទន្ទឹមនឹងនេះ និន្នាការអភិវឌ្ឍន៍របស់សេដ្ឋកិច្ចចិនដែលមានគុណភាពនិងប្រសិទ្ធភាពដ៏ល្អប្រសើរត្រូវបានពង្រឹងថែមមួយកម្រិតទៀត ជាពិសេសគឺពាណិជ្ជកម្មអន្តរជាតិបានបង្ហាញពីភាពធន់យ៉ាងខ្លាំងក្លា។ បច្ចុប្បន្ននេះ ប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ប្រទេសនិងតំបន់ចំនួន១៦៩ ក្នុងរយៈពេល៣ត្រីមាសដំបូងឆ្នាំនេះ ទំហំនាំចេញនាំចូលទំនិញសរុបបានកើនឡើង១៨.៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អ្វីដែលគួរឱ្យលើកឡើងនោះគឺ ក្នុងរយៈពេលបីត្រីមាសនីមួយៗ ល្បឿនកំណើននៃការនាំចូលសុទ្ធតែលើសពី២០% ដែលបង្ហាញម្តងទៀតថា ប្រទេសចិនមិនត្រឹមតែជា"អ្នកលក់ដ៏អស្ចារ្យ"ប៉ុណ្ណោះទេ ថែមទាំងក៏ជា "អ្នកទិញដ៏អស្ចារ្យ" ផងដែរ។
បច្ចុប្បន្ននេះ បរិយាកាសអន្តរជាតិមានភាពស្មុគស្មាញនិងប្រែប្រួលខ្លាំង មូលដ្ឋានគ្រឹះនៃការបន្តស្ថិរភាពនិងភាពល្អប្រសើរនៃសេដ្ឋកិច្ចចិននៅតែត្រូវពង្រឹងឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ទោះជាយ៉ាងណាក៏ដោយ យើងក៏ត្រូវមើលឃើញថា កត្តាវិជ្ជមានដែលជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិនកំពុងកើនឡើងឥតឈប់ឈរ ដែលផ្តល់នូវការគាំទ្រយ៉ាងរឹងមាំដល់ការសម្រេចបាន នូវគោលដៅកំណើនសេដ្ឋកិច្ចពេញមួយឆ្នាំ។ ប្រទេសចិនកំពុងតភ្ជាប់ជាមួយពិភពលោកតាមរយៈវិធានការបើកទូលាយ និងកិច្ចសហប្រតិបត្តិការកាន់តែច្រើន ដើម្បីចែករំលែកកាលានុវត្តភាពនៃការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ជាមួយពិភពលោក៕
វិទ្យុមិត្តភាពកម្ពុជាចិន






