ជប៉ុនចោទប្រកាន់ជាផ្លូវការលើទាហានម៉ារីនអាមេរិកម្នាក់ ក្នុងសំណុំរឿងមនុស្សឃាតនៅ Okinawa (Video inside)
26-10-2026 10:26
(តូក្យូ)៖ រដ្ឋអាជ្ញាជប៉ុនបានសម្រេចចោទប្រកាន់ជាផ្លូវការប្រឆាំងនឹងទាហានម៉ារីនអាមេរិកម្នាក់ ជុំវិញបទសង្ស័យមនុស្សឃាតលើស្ត្រីម្នាក់នៅកោះ Okinawa ហើយដែលសំណុំរឿងនេះបានបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំងនៅក្នុងចំណោមប្រជាជនជប៉ុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ទង្វើមនុស្សឃាតលើស្ត្រីជនជាតិជប៉ុនអាយុ ៣៩ឆ្នាំ ត្រូវបាននាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ចាត់ទុកជាអំពើឃោរឃៅ ហើយបានបង្កឱ្យមានភាពចម្រូងចម្រាសឡើងវិញពាក់ព័ន្ធនឹងវត្តមានយោធាអាមេរិកនៅលើកោះ Okinawa។ អ្នកនំាពាក្យម្នាក់របស់តុលាការជប៉ុន ក្នុងទីក្រុង Naha នៅថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថាសំណុំរឿងឃាតកម្មខាងលើបានចូលដល់ដំណាក់កាលចោទប្រកាន់ជាផ្លូវការ កាលពីថ្ងៃទី២៥ ខែតុលា ហើយនេះជាការទទួលស្គាល់សេចក្ដីរាយការណ៍របស់បណ្ដាប្រព័ន្ធផ្សព្វផ្សាយដែលថាជនសង្ស័យត្រូវបានចោទប្រកាន់ជាផ្លូវការពីបទមនុស្សឃាត និងប្លន់។
កាសែតជប៉ុន Yomiuri Shimbun ដោយផ្អែកលើឯកសារចោទប្រកាន់របស់តុលាការ បានឱ្យដឹងថាជនសង្ស័យជាទាហានម៉ារីនអាមេរិកមានអាយុ ២០ឆ្នាំបានរឹតកសម្លាប់ស្ត្រីម្នាក់មកពីទីក្រុង Naha នៅឯសណ្ឋាគារមួយដោយប្រើខ្សែទូរស័ព្ទលើតុ កាលពីថ្ងៃទី៣ ខែតុលា។ ជនសង្ស័យ ក៏ត្រូវបានចោទប្រកាន់ផងដែរពីបទលួចកាបូបសម្ពាយមួយដែលមានកាបូបលុយ និងទ្រព្យសម្បត្តិផ្ទាល់ខ្លួនផ្សេងទៀតរបស់ស្ត្រីជនរងគ្រោះ។ នេះបើតាម Yomiuri Shimbun។
តាម Yomiuri Shimbun និងកាសែតជប៉ុនដទៃទៀតដោយផ្អែកលើប្រភពពីមន្ត្រីស៊ើបអង្កេត ទាហានម៉ារីនអាមេរិកដែលបានបដិសេធការចោទប្រកាន់នៅពេលត្រូវបានចាប់ខ្លួន ឥលូវបានធ្វើសេចក្ដីថ្លែងការណ៍ដែលហាក់សន្មត់បានថារូបគេមានជាប់ពាក់ព័ន្ធមួយចំនួនក្នុងសំណុំរឿងឃាតកម្មខាងលើ។
គួរបញ្ជាក់ថា បទឧក្រិដ្ឋក្នុងនោះរួមមានការចាប់រំលោភ ការបៀតបៀន ការវាយហើយរត់ និងការបើកបរក្នុងស្ថានភាពស្រវឹងប្រព្រឹត្តដោយទាហានអាមេរិកបានបង្កឱ្យមានការតវ៉ាជាយូរមកហើយនៅលើកោះ Okinawa ជាទីដែលអាជ្ញាធរជប៉ុនបានជំរុញជាច្រើនឆ្នាំ ឱ្យតំបន់ដទៃទៀតក្នុងប្រទេសជប៉ុនចូលរួមចំណែករំលែកបន្ទុកក្នុងការទទួលឱ្យកងទ័ពអាមេរិកឈរជើង។ បទឧក្រិដ្ឋប្រព្រឹត្តដោយទាហានអាមេរិកបានក្លាយជាបញ្ហាឈឺក្បាលមួយក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងជប៉ុន។ កាលពីឆ្នាំ២០២៥ តុលាការជប៉ុនក៏បានផ្តន្ទាទោសលើទាហានម៉ារីនអាមេរិកម្នាក់ផងដែរពីបទច្របាច់ក និងប៉ុនប៉ងរំលោភស្ត្រីម្នាក់មានអាយុខ្ទង់ ២០ឆ្នាំ ឱ្យជាប់ពន្ធនាគារ ៧ឆ្នាំ។ សហរដ្ឋអាមេរិកមានកងទ័ពប្រហែល ៥៤០០០នាក់ កំពុងឈរជើងនៅលើទឹកដីជប៉ុន ក្នុងនោះភាគច្រើននៅលើកោះ Okinawa។
នៅជប៉ុន ជាទូទៅជនសង្ស័យដែលរងការចោទប្រកាន់ជាផ្លូវការ រូបគេអាចនឹងប្រឈមមុខនឹងការកាត់ទោសឱ្យជាប់ពិរុទ្ធក្នុងអត្រាខ្ពស់ជាង ៩៩ភាគរយ។ ពីព្រោះរដ្ឋអាជ្ញាជប៉ុនសម្រេចចិត្តបញ្ជូនសំណុំរឿងណាមួយឡើងតុលាការ លុះត្រាតែពួកគេមានភស្តុតាងរឹងមាំនៅក្នុងដៃ៕




