មេដឹកនាំបក្សប្រឆាំងវ៉េណេស៊ុយអេឡា ត្រៀមជាស្រេចដើម្បីជួបប្រធានាធិបតីស្តីទី បន្ទាប់ពីវិលត្រឡប់ចូលប្រទេសវិញ (Video inside)
27-10-2026 14:09
(ការ៉ាកាស)៖ លោកស្រី Maria Corina Machado ដែលជាមេដឹកនាំបក្សប្រឆាំងវ៉េណេស៊ុយអេឡា និងជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាព បាននិយាយកាលពីថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ ថា លោកស្រីត្រៀមខ្លួនជាស្រេច ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីបណ្តោះអាសន្នរបស់វ៉េណេស៊ុយអេឡា បន្ទាប់ពីការវិលត្រឡប់មកពីការនិរទេសខ្លួនវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
លោកស្រី Machado បានមកដល់រដ្ឋធានីការ៉ាកាស កាលពីថ្ងៃអាទិត្យ ទី២៥ ខែតុលា បន្ទាប់ពីនិរទេសខ្លួនអស់ជិតមួយឆ្នាំ។ ការវិលត្រឡប់របស់លោកស្រី បានទាក់ទាញការស្វាគមន៍ពីសំណាក់ក្រុមអ្នកគាំទ្រយ៉ាងច្រើនកុះករ ដែលសម្តែងក្តីរីករាយយ៉ាងខ្លាំង ហើយវាគឺជាសារមួយផ្ញើផ្ទាល់ទៅកាន់រដ្ឋាភិបាល ដែលទទួលបានការគាំទ្រពីសហរដ្ឋអាមេរិក។ កាលពីថ្ងៃចន្ទ លោកស្រី Machado បានបង្ហាញសញ្ញានៃការផ្សះផ្សាគ្នា ទៅកាន់ប្រធានាធិបតីស្តីទី លោកស្រី Delcy Rodriguez ដោយនិយាយថា លោកស្រីបើកចំហ ចំពោះការចរចាជាមួយលោកស្រី Rodriguez ដែលធ្លាប់ជាអនុប្រធានាធិបតី ក្រោមការដឹកនាំរបស់គូសត្រូវនយោបាយរបស់លោកស្រី Machado គឺលោកប្រធានាធិបតី Nicolas Maduro មុនពេលរូបលោក ត្រូវបានសហរដ្ឋអាមេរិកចាប់ខ្លួនទម្លាក់ពីអំណាច។
អ្នកនាំពាក្យរបស់លោកស្រី Machado បានប្រាប់វិទ្យុក្នុងស្រុក Union Radio ដូច្នេះថា «លោកស្រី Machado បានបង្ហាញពីឆន្ទៈក្នុងការជួបពិភាក្សា មិនត្រឹមតែជាមួយលោកស្រី Delcy Rodríguez ប៉ុណ្ណោះទេ ប៉ុន្តែជាមួយនរណាក៏ដោយ ដែលលោកស្រីចាំបាច់ត្រូវជួប ដោយធ្វើឡើងចំពោះមុខប្រជាជននៃប្រទេសទាំងមូល ប្រកបដោយតម្លាភាពពេញលេញ និងមានរបៀបវារៈច្បាស់លាស់»។ សហភាពអឺរ៉ុប ក៏បានស្វាគមន៍ការវិលត្រឡប់របស់លោកស្រី ផងដែរ។
ការវិលត្រឡប់របស់លោកស្រី Machado ធ្វើឱ្យមេដឹកនាំបក្សប្រឆាំង ដែលមានឥទ្ធិពលបំផុតរបស់វ៉េណេស៊ុយអេឡារូបនេះ វិលមកកាន់ចំណុចកណ្តាលសាជាថ្មី នៃនយោបាយដ៏ច្របូកច្របល់របស់ប្រទេស។ លោកស្រី Machado ដែលមានវ័យ៥៩ឆ្នាំ បានចាកចេញពីប្រទេសដោយសម្ងាត់ កាលពីខែធ្នូ ឆ្នាំ២០២៥ ដើម្បីទៅទទួលពានរង្វាន់ណូបែលសន្តិភាព បន្ទាប់ពីបានលាក់ខ្លួន អស់ជិតមួយឆ្នាំ។ យោងតាមប្រភពពីគណបក្សរបស់លោកស្រី ចាប់តាំងពីពេលនោះមក លោកស្រីបានព្យាយាមត្រឡប់មកវ៉េណេស៊ុយអេឡាវិញ យ៉ាងហោចណាស់ ៧លើក ប៉ុន្តែមិនបានសម្រេច។
លោកស្រីបានវិលត្រឡប់មកប្រទេសមួយ ដែលបានផ្លាស់ប្តូរយ៉ាងខ្លាំង ចាប់តាំងពីដើមឆ្នាំនេះ។ កាលពី៩ខែមុន លោក Maduro ត្រូវបានចាប់ខ្លួន ក្នុងប្រតិបត្តិការយោធាដ៏ភ្ញាក់ផ្អើលមួយ របស់សហរដ្ឋអាមេរិក ហើយឥឡូវកំពុងជាប់ឃុំខ្លួននៅក្នុងទឹកដីអាមេរិក។ ប៉ុន្តែការដែលលោកស្រី Delcy Rodriguez ដែលធ្លាប់ជាអនុប្រធានាធិបតីរបស់លោក Maduro ឡើងកាន់តំណែងជាប្រធានាធិបតីបណ្តោះអាសន្ន ដោយមានការគាំទ្រពីទីក្រុងវ៉ាស៊ីនតោន បានធ្វើឱ្យក្រុមប្រឆាំងដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ មានការខកចិត្ត។ លោក ត្រាំ បានបង្ហាញការពេញចិត្តម្តងហើយម្តងទៀត ចំពោះលោកស្រី Rodriguez ខណៈលោកស្រីបំពេញតាមការទាមទារសំខាន់ៗរបស់អាមេរិក ជាពិសេសការអនុញ្ញាតឱ្យអាមេរិក ទទួលបានសិទ្ធិចូលទៅកាន់ធនធានប្រេងដ៏ច្រើនសម្បើមរបស់វ៉េណេស៊ុយអេឡា។
តាំងពីពេលនោះ លោកស្រី Machado បានរស់នៅនិរទេសខ្លួន ក្នុងប្រទេសប៉ាណាម៉ា ខណៈកិច្ចចរចាស្តីពីការធ្វើអន្តរកាលរនយោបាយ ដែលគាំទ្រដោយសហរដ្ឋអាមេរិក បានប្រព្រឹត្តទៅដោយគ្មានវត្តមានរបស់លោកស្រី។ រដ្ឋាភិបាលបណ្តោះអាសន្នរបស់លោកស្រី Rodriguez បានសន្យាថានឹងរៀបចំការបោះឆ្នោត ប៉ុន្តែមកទល់ពេលនេះ មិនទាន់បានកំណត់កាលបរិច្ឆេទច្បាស់នៅឡើយទេ៕






