មនុស្សរាប់ម៉ឺននាក់ ជម្លៀសខ្លួនចេញពីតំបន់ឆ្នេរភាគខាងកើតប្រទេសឥណ្ឌា មុនការមកដល់នៃព្យុះស៊ីក្លូនឈ្មោះ Arnab (Video inside)
27-10-2026 15:05
(ញូវដែលី)៖ អាជ្ញាធរឥណ្ឌាបានឱ្យដឹងនៅថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២៦ ថាមនុស្សរាប់ម៉ឺននាក់ ត្រូវបានជម្លៀសចេញពីតំបន់ឆ្នេរភាគខាងកើតប្រទេស ហើយសេវាកម្មរថភ្លើងមួយចំនួន ក៏ត្រូវបានផ្អាកផងដែរ មួយថ្ងៃមុនពេលព្យុះស៊ីក្លូនមានឥទ្ធិពលខ្លាំងក្លាមួយ ត្រូវបានរំពឹងថានឹងបោកបក់មកដល់ ដោយនាំមកជាមួយនូវខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
នៅនេប៉ាល់ដែលជាប្រទេសជិតខាង អាជ្ញាធរបានព្រមានភ្ញៀវទេសចរកុំឱ្យធ្វើដំណើរទៅកាន់តំបន់ដែលមានរយៈកម្ពស់ខ្ពស់ ដោយបារម្ភថា ព្យុះស៊ីក្លូន Arnab អាចបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងជោគជាំ ព្យុះព្រិល និងការបាក់ស្រុតផ្ទាំងទឹកកក នៅតំបន់ជួរភ្នំហិម៉ាឡៃ ចាប់ពីយប់ថ្ងៃព្រហស្បតិ៍ រហូតដល់ថ្ងៃសៅរ៍សប្តាហ៍នេះ។ ហានិភ័យនេះ គឺចំពេល ដែលនេប៉ាល់ទើបឆ្លងកាត់មហន្តរាយគ្រោះទឹកជំនន់ភ្លាមៗដ៏ប្រល័យបំផុតមួយ កាលពីខែសីហា ដែលបានសម្លាប់មនុស្សប្រហែល ១៥០០នាក់ ហើយរាប់ពាន់នាក់ផ្សេងទៀត នៅបន្តបាត់ខ្លួន។
ការិយាល័យឧតុនិយមរបស់ប្រទេសឥណ្ឌា បានឱ្យដឹងថា ព្យុះស៊ីក្លូន Arnab ដែលបានកកើតឡើងនៅឈូងសមុទ្រ Bengal បានបន្តកើនកម្លាំង ចាប់តាំងពីថ្ងៃចន្ទ។ ព្យុះនេះត្រូវបានរំពឹងថា នឹងបោកបក់មកដល់ឆ្នេរនៃរដ្ឋ Andhra Pradesh នៅភាគអាគ្នេយ៍ឥណ្ឌា នាព្រឹកថ្ងៃពុធ ដោយនាំមកនូវខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់យ៉ាងគំហុក លើតំបន់មួយចំនួនក្នុងរដ្ឋនេះ ព្រមទាំងរដ្ឋ Odisha ដែលនៅជិតខាង។
លោក Prakhar Jain នាយកគ្រប់គ្រងនៃអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋ Andhra Pradesh បានប្រាប់អ្នកសារព័ត៌មានថា គិតត្រឹមយប់ថ្ងៃចន្ទ មនុស្សជិត ៥០ ០០០នាក់ ត្រូវបានជម្លៀសទៅកាន់ទីជម្រកសុវត្ថិភាព ចេញពីតំបន់ដែលប្រឈមនឹងគ្រោះថ្នាក់ ក្នុងចំណោមមនុស្សសរុបប្រមាណ ៤០០ ០០០នាក់ ដែលត្រូវបានប៉ាន់ប្រមាណថា ត្រូវការជម្លៀសចេញ។ លោក Jain បានបន្ថែមថា ការជម្លៀសនៅតែកំពុងបន្តធ្វើឡើង។
លោក Rajesh Prabhakar Patil ស្នងការពិសេសទទួលបន្ទុកការជួយសង្រ្គោះរបស់រដ្ឋ Odisha បានប្រាប់ថា រហូតមកដល់ពេលនេះ មិនទាន់មានការជម្លៀសប្រជាជន នៅក្នុងរដ្ឋនេះនៅឡើយទេ ប៉ុន្តែរដ្ឋបានប្រកាសបិទសាលារៀន និងមហាវិទ្យាល័យនៅក្នុងស្រុកចំនួន៥ សម្រាប់ថ្ងៃអង្គារនិងថ្ងៃពុធរួចហើយ។ អាជ្ញាធរផ្លូវដែកក្នុងតំបន់ បានឱ្យដឹងតាមរយៈការបង្ហោះលើបណ្ដាញសង្គមថា រថភ្លើងយ៉ាងហោច ១២ខ្សែ បានលុបចោលជើងធ្វើដំណើរ នៅភាគខាងកើត ខណៈសេវារថភ្លើងលើផ្លូវចំនួន៥៣ខ្សែ នៅតាមបណ្ដោយឆ្នេរភាគខាងត្បូង ត្រូវបានផ្អាកសម្រាប់ថ្ងៃអង្គារ និងថ្ងៃពុធ។
គួរបញ្ជាក់ថា ឈូងសមុទ្រ Bengal គឺជាតំបន់ចម្បងមួយ ក្នុងចំណោមតំបន់ធំៗរបស់ពិភពលោក ដែលតែងកើតមានព្យុះស៊ីក្លូនត្រូពិក ជាហេតុធ្វើឱ្យតំបន់ឆ្នេរភាគខាងកើតនៃប្រទេសឥណ្ឌា ងាយរងគ្រោះជាពិសេសដោយសារគ្រោះមហន្តរាយអាកាសធាតុ ដែលពាក់ព័ន្ធនឹងផ្ទៃសមុទ្រ៕





