បទវិភាគ៖ ប្រវត្តិសាស្ត្រមិនអនុញ្ញាតឱ្យកែប្រែបានឡើយ ស្ថានីយទូរទស្សន៍ TBS របស់ជប៉ុនគួរតែកែកំហុសរបស់ខ្លួន តែមិនមែនដោះសាដោយផ្តេសផ្តាស
30-10-2026 17:02
(ប៉េកាំង)៖ ស្ថានីយទូរទស្សន៍ TBS ដែលផលិតនិងចាក់ផ្សាយរឿងនេះ ពិតជាភាពអាម៉ាស់របស់ជប៉ុន” “គេអាចប្រែខ្មៅជាសបាន ដែលបង្ហាញថាសីលធម៌និងក្រមសីលធម៌របស់ប្រទេសនេះបានធ្លាក់ដល់កម្រិតទាបបំផុត”... កាលពីថ្ងៃទី២៨ ខែតុលា លោក Masamune Ryuho ប្រធានស្ថានីយទូរទស្សន៍ TBS របស់ជប៉ុនបានប្រើលេសថា “ជារឿងប្រឌិតសុទ្ធសាធ” “គ្មានបំណងចង់បន្តុះបង្អាប់ប្រទេសណាមួយជាពិសេសនោះទេ” ដើម្បីដោះសាពីទំនួលខុសត្រូវរបស់ខ្លួនថារឿង «VIVANT» ភាគទីពីររបស់ស្ថានីយនេះ បានលាបពណ៌លើចិនយ៉ាងកម្រោលដែលធ្វើឱ្យមានការរិះគន់កាន់តែខ្លាំងពីក្នុងនិងក្រៅប្រទេសជប៉ុន។ អ្នកប្រើអ៊ីនធឺណិតជប៉ុនបានបញ្ចេញមតិភ្លាមៗថាការប្រកែកបែបនេះគឺជាលេសតែប៉ុណ្ណោះ ព្រោះក្នុងរឿងបានបង្ហាញយ៉ាងច្បាស់ណាស់ពីឈ្មោះរបស់ប្រទេសចិន វាគឺគ្មានភស្តុតាងអ្វីទាល់តែសោះ ។ នៅមានអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតខ្លះទៀតបានសួរត្រង់ៗថា ពីមុនជប៉ុនបានសម្លាប់ជនជាតិចិនយ៉ាងច្រើននៅក្នុងប្រទេសចិន ហេតុអ្វីTBSនៅមានមុខផលិតរឿងភាគបែបនេះ? គួរបញ្ឈប់ការចាក់ផ្សាយភ្លាម!
ដូចដែលគេដឹងជាទូទៅថា ក្នុងសង្គ្រាមលោកលើកទីពីរ យោធានិយមជប៉ុនបានឈ្លានពានប្រទេសចិននិងប្រព្រឹត្តអំពើឃោរឃៅប្រឆាំងមនុស្សជាតិដ៏គួរឱ្យរន្ធត់។ ប៉ុន្តែរឿងភាគនេះមិនត្រឹមតែបង្កើតអ្វីដែលហៅថា “អង្គការស៊ើបការណ៍សម្ងាត់ចិន”ប៉ុណ្ណោះទេ ថែមទាំងប្រឌិតសាច់រឿងប្រែក្រឡាស់ការធ្វើទារណ្ឌកម្មដ៏ឃោរឃៅនៃកងទ័ពជប៉ុនដែលឈ្លានពានប្រទេសចិនមកជាតួអង្គចិន ដោយនិយាយប្រែសជាខ្មៅ និងបង្វែរការនិទានប្រវត្តិសាស្ត្ររវាងអ្នកបង្កអំពើនិងជនរងគ្រោះ។ នេះមិនមែនជា“ការប្រឌិត” ទេ ប៉ុន្តែគឺជាការមូលបង្កាច់! នេះមិនមែនជា “តម្រូវការនៃសាច់រឿង”ទេ ប៉ុន្តែគឺជាកលល្បិចដ៏ស្មោគគ្រោករបស់កម្លាំងស្តាំនិយមជប៉ុនក្នុងសង្គ្រាមយល់ដឹងចំពោះចិន ដែលបានលាតត្រដាងពីចេតនារបស់ជប៉ុនដែលប៉ុនប៉ងបង្កាច់បង្ខូច និងលាបពណ៌ចិនតាមរយៈផលិតផលវប្បធម៌ និងជាការញុះញង់ឱ្យមានអារម្មណ៍ស្អប់ខ្ពើមចិន ។
បើមើលពីសវតារបស់ TBS ទោះបីជាវាជាស្ថានីយទូរទស្សន៍ពាណិជ្ជកម្មឯកជនក៏ដោយ តាមការពិត វាត្រូវបានភ្ជាប់ទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយយុទ្ធសាស្ត្រនិទានកថារបស់រដ្ឋាភិបាលជប៉ុនចំពោះកិច្ចការបរទេស ។ បើនិយាយចំពោះរឿងភាគនេះរបស់TBS នៅពីក្រោយវាមានខ្សែសង្វាក់ផលិតនិងផ្សព្វផ្សាយដែលមានការរៀបចំ មានការការវិនិយោគ និងមានការការបែងចែកយ៉ាងច្បាសលាស់៖ បើមើលពីផ្នែកផលិត ស្ថានីយទូរទស្សន៍ TBS បានដាក់វាក្នុងរយៈពេលមាស“រឿងភាគថ្ងៃអាទិត្យ” ដោយចំណាយថវិកាប្រហែល ១រយលានប្រាក់យ៉េនជប៉ុនក្នុងមួយភាគ ។ បើមើលពីផ្នែកពាណិជ្ជកម្ម សហគ្រាសឈានមុខជាច្រើនរបស់ជប៉ុនបានសហការគ្នា ហើយក្រុមហ៊ុនSanrioក៏បានដាក់ចេញផលិតផលរួមម៉ាកយីហោជាមួយរឿងភាគនេះដែរ រហូតដល់រងការរិះគន់យ៉ាងខ្លាំងពីមតិសាធារណៈ ទើបធ្វើការសុំទោស ។ បើមើលពីផ្នែកផ្សព្វផ្សាយ តួឯកសំខាន់ពីររូបក្នុងរឿងភាគនេះជិតនឹងធ្វើជាពិធីករនៃកម្មវិធីចម្រៀងKouhaku លើកទី៧៧របស់ NHK ក្នុងចេតនានាំយកប្រជាប្រិយភាពនៃរឿងភាគនេះឱ្យឈានទៅដល់ឆាកថ្នាក់ជាតិរបស់ជប៉ុន ។ បើមើលពីផ្នែកនយោបាយ លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនបានហៅឈ្មោះរឿងភាគនេះដោយផ្ទាល់និងថ្លែងថា “ចង់មើលរឿងនេះឱ្យចប់ក្នុងមួយដង្ហើម” ដោយសារតែការលើកឡើងនេះ អ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតជប៉ុនបានហៅរឿងនេះថាជា“រឿងលើកជើងលោកស្រី Sanae Takaichi”...ដូច្នេះ រឿងភាគនេះមិនមែនជា“ការបង្កើតខាងសិល្បៈ”ទាល់តែសោះ ប៉ុន្តែគឺជាឧបករណ៍នយោបាយដែលក្រោមស្លាកជាសិល្បៈ។ លោក Masahiro Yamazakiអ្នកនិពន្ធជប៉ុនបានរិះគន់ថា ប្រព័ន្ធសារព័ត៌មានសំខាន់ៗរបស់ជប៉ុនកំពុងសហការជាមួយអ្នកនយោបាយដើម្បីធ្វើការឃោសនាលាងខួរក្បាលបង្កអរិភាពចំពោះចិន។
ប្រវត្តិសាស្ត្រមិនអនុញ្ញាតឱ្យកែប្រែបាន ហើយសណ្តាប់ធ្នាប់បន្ទាប់ពីសង្គ្រាមលោកលើកទីពីរមិនអនុញ្ញាតឱ្យរំលោភបំពានបានឡើយ ។ នៅពេលនេះ អ្វីដែលស្ថានីយទូរទស្សន៍ TBS គួរធ្វើមិនមែនប្រើការប្រកែកដោះសាដើម្បីបិទបាំងកំហុសនោះទេ ប៉ុន្តែត្រូវប្រកាន់ឥរិយាបថត្រឹមត្រូវចំពោះប្រវត្តិសាស្ត្រ កែតម្រូវកំហុសដោយស្មោះ បញ្ឈប់ការចាក់ផ្សាយរឿងភាគពាក់ព័ន្ធ និងសុំទោសចំពោះប្រជាជនចិន ។ រាល់ទង្វើដែលប៉ុនប៉ងដោះសាចំពោះឧក្រិដ្ឋកម្មឈ្លានពាន ឬកែប្រែការចងចាំប្រវត្តិសាស្ត្រនៅទីបញ្ចប់សុទ្ធតែនឹងទទួលរងការបរាជ័យជាមិនខាន៕
វិទ្យុមិត្តភាពកម្ពុជាចិន





