សហរដ្ឋអាមេរិក អនុម័តការលក់គ្រាប់មីស៊ីល Patriot តម្លៃ ២,១ពាន់លានដុល្លារ ទៅឱ្យអ៊ុយក្រែន (Video inside)
31-10-2026 09:38
(Reuters)៖ ក្រសួងការបរទេសអាមេរិក នៅថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២៦ បានប្រកាសពីការអនុម័តការលក់គ្រាប់មីស៊ីល Patriot PAC-3 ចំនួន៥០០គ្រាប់ទៅឱ្យអ៊ុយក្រែន ក្នុងតម្លៃប្រមាណ ២,១ពាន់លានដុល្លារ ដែលនេះអាចនឹងក្លាយជាការបោះជំហានដ៏សំខាន់បំផុតមួយក្នុងការផ្គត់ផ្គង់អាវុធការពារខ្លួនសម្រាប់ទីក្រុងកៀវ ចាប់តាំងពីលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកក្នុងអាណត្តិទី២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការយឺតយ៉ាវក្នុងការប្រគល់គ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាសបានបង្កើនភាពតានតឹងរបស់អ៊ុយក្រែនជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីលោក ដូណាល់ ត្រាំ បានប្រកាសពីការឈានដល់កិច្ចព្រមព្រៀងទិញប្រេងម៉ាស៊ូតពីរុស្ស៉ី និងរិះគន់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី សម្រាប់ការវាយប្រហារលើរោងចក្រប្រេងក្នុងទឹកដីរុស្ស៉ី។
អ៊ុយក្រែនបានទទូចជាយូរណាស់មកហើយពីតម្រូវការចាំបាច់បន្ទាន់នូវគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាសដូចជា Patriot នៅចំពោះមុខការកើនឡើងការវាយប្រហារដោយមីស៊ីលពីសំណាក់រុស្ស៉ី។ Patriot ជាប្រព័ន្ធការពារដែនអាកាសមួយដែលមានសមត្ថភាពខ្ពស់ក្នុងការស្ទាក់បាញ់កម្ទេចមីស៊ីលបាលិស្ទីគ។
ក៏ប៉ុន្តែទោះជាមានការទទូចរបស់អ៊ុយក្រែនក៏ដោយ ក៏ទីក្រុងកៀវទំនងជានឹងមិនអាចទទួលបានគ្រាប់មីស៊ីល Patriot ឆាប់ៗនោះទេ។ ជាធម្មតា ការលក់អាវុធត្រូវការចាយពេលច្រើនឆ្នាំដើម្បីបំពេញតាមការបញ្ជាទិញ។ ប្រភពចំនួន២ ដែលបានដឹងពីការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកលើការលក់គ្រាប់មីស៊ីល Patriot ទៅឱ្យអ៊ុយក្រែន បាននិយាយថាដោយសារតែគ្រាប់មីស៊ីលដែលត្រូវបានអនុម័តការលក់ខាងលើនៅមិនទាន់ត្រូវបានផលិតនៅឡើយ ដូច្នេះការប្រគល់គ្រាប់មីស៊ីលមិនត្រូវបានរំពឹងថានឹងធ្វើឡើងទេ រហូតដល់ឆ្នាំ២០៣០ឯណោះ។
តាមប្រភពខាងលើដដែល ក្រសួងការពារជាតិអ៊ុយក្រែនបានជំរុញឱ្យមន្ទីរបញ្ចកោណពន្លឿនការប្រគល់គ្រាប់មីស៊ីល តាមរយៈការផ្គត់ផ្គង់ឱ្យអ៊ុយក្រែននូវគ្រាប់មីស៊ីលដែល មានស្រាប់នៅក្នុងឃ្លាំងអាវុធអាមេរិក ហើយចាំបំពេញស្ដុកតាមក្រោយវិញដោយគ្រាប់មីស៊ីលត្រូវបានផលិតថ្មី។
គួរបញ្ជាក់ថា បើតាមក្រសួងការបរទេសអាមេរិក អ៊ុយក្រែននឹងចំណាយលើការទិញគ្រាប់មីស៊ីលតាមរយៈកម្មវិធី US JUMPSTART ដែលប្រើប្រាស់មូលនិធិបរិច្ចាគដោយ សម្ព័ន្ធមិត្ដដូចជាកាណាដា អាល្លឺម៉ង់ និងន័រវែសជាដើម។ JUMPSTART គឺជាគំនិតផ្ដួចផ្ដើមួយត្រូវបានបង្កើតឡើងក្នុងគោលដៅប្រើប្រាស់ការបរិច្ចាគពីសម្ព័ន្ធមិត្តដើម្បីទិញ អាវុធ សេវា និងការបណ្ដុះបណ្ដាលសម្រាប់អ៊ុយក្រែន សំដៅគាំទ្រដល់ការការពារខ្លួនរបស់អ៊ុយក្រែនប្រឆាំងនឹងការវាយប្រហារពីរុស្ស៉ី៕






