មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប (Video inside)
01-11-2026 11:26
(ប៉ារីស)៖ មនុស្សសរុបរាប់សែននាក់ បានបន្តចេញធ្វើបាតុកម្មនៅទូទាំងប្រទេសបារាំង កាលពីថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០២៦ ខណៈប្រទេសអឺរ៉ុបមួយនេះ ក៏កំពុងត្រៀមខ្លួនឆ្លើយតបផងដែរ ចំពោះគម្រោងធ្វើកូដកម្មទ្រង់ទ្រាយធំ នៅប៉ុន្មានថ្ងៃខាងមុខ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC។
នៅទីក្រុងប៉ារីស កងកម្លាំងប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងប៉ះទង្គិចជាមួយក្រុមបាតុករ ក្នុងការធ្វើបាតុកម្មទូទាំងប្រទេសនាពេលចុងសប្តាហ៍ លើកទី៣ជាប់គ្នាៗ ដើម្បីប្រឆាំងនឹងបញ្ហាកើនឡើងថ្លៃចំណាយក្នុងជីវភាពរស់នៅ និងការធ្លាក់ចុះគុណភាពនៃសេវាសាធារណៈ។ យោងតាមក្រសួងមហាផ្ទៃប្រទេសបារាំង មនុស្សជាង ៣២០ ០០០នាក់ បានចូលរួមក្នុងសកម្មភាពតវ៉ានៅទូទាំងប្រទេស ហើយយ៉ាងហោចបាតុករ ២៩០នាក់ ត្រូវបានចាប់ខ្លួន។ ប៉ូលិសបានឱ្យដឹងថា មនុស្សប្រមាណ ៧០០០០នាក់ បានចូលរួមធ្វើបាតុកម្មនៅទីក្រុងប៉ារីស។
ដោយឡែក សម្ព័ន្ធអង្គការយុវជន និងសហជីពដែលតំណាងឱ្យសិស្សវិទ្យាល័យនិងនិស្សិតសាកលវិទ្យាល័យ បានអះអាងថា មនុស្សរហូតដល់ជិតកន្លះលាននាក់ បានចូលរួមការធ្វើបាតុកម្មនៅទូទាំងប្រទេសបារាំង កាលពីថ្ងៃសៅរ៍ ក្នុងនោះមាន ២០០ ០០០នាក់នៅទីក្រុងប៉ារីស។ កាលពីមួយសប្តាហ៍មុន អាជ្ញាធរបារាំង បានរាប់ឃើញមានបាតុករសរុបចំនួន ៤១០ ០០០នាក់នៅទូទាំងប្រទេស រួមទាំង ១១០ ០០០នាក់នៅទីក្រុងប៉ារីស។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង បាននិយាយកាលពីថ្ងៃសៅរ៍ថា បាតុកម្មនៅទូទាំងប្រទេស ភាគច្រើនបានប្រព្រឹត្តទៅដោយមានសណ្តាប់ធ្នាប់ បើទោះបីជានៅបន្តមានអំពើហិង្សា ពីក្រុមបង្កកុបកម្មមួយចំនួនក៏ដោយ។ អាជ្ញាធរបារាំង បានរៀបចំវិធានការយ៉ាងហ្មត់ចត់ ដើម្បីបង្ការកុំឱ្យកើតមានឡើងវិញ នូវអំពើហិង្សា ការបង្កកុបកម្ម និងការលួចប្លន់យ៉ាងវឹកវរ ដែលបានកើតឡើងកាលពី២សប្តាហ៍មុន។
គួរបញ្ជាក់ថា ទន្ទឹមគ្នា ការធ្វើបាតុកម្មក៏បានកើតឡើងផងដែរ នៅប្រទេសដទៃទៀត ដូចជាអាល់បានី អាល្លឺម៉ង់ ព័រទុយហ្គាល់ និងអ៉ីតាលី ខណៈក្រុមយុវជន បាននាំគ្នាចេញតវ៉ានៅតាមដងផ្លូវទូទាំងទ្វីបអឺរ៉ុប៕






