* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង (Video inside)

02-11-2026 15:30

(បរទេស)៖ រដ្ឋាភិបាលប្រទេសកាន់តែច្រើននៅជុំវិញពិភពលោក បាននិងកំពុងបង្កើនការណែនាំដល់ប្រជាពលរដ្ឋរបស់ពួកគេឱ្យត្រៀមស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗស្តុកទុក សម្រាប់ប្រើប្រាស់ក្នុងករណីមានគ្រាអាសន្នណាមួយកើតឡើងភ្លាមៗ ដូចជា សង្គ្រាម បាតុភូតអាកាសធាតុអាក្រក់ និងការគំរាមកំហែងផ្នែកសន្តិសុខតាមប្រព័ន្ធសាយប័រ ជាដើម។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Newsweek នាពេលថ្មីៗនេះ។

យ៉ាងហោចណាស់ប្រទេសចំនួន៣៣ នៅទូទាំងពិភពលោក បានចេញសេចក្តីណែនាំជំរុញឱ្យគ្រួសារនានាស្តុកទុកអាហារ ទឹកស្អាតសម្រាប់បរិភោគ និងសម្ភារៈចាំបាច់ផ្សេងៗទៀត ដើម្បីត្រៀមទប់ទល់នឹងគ្រាអាសន្នដែលអាចកើតមាន ចំពោះមុខការព្រួយបារម្ភកាន់តែខ្លាំង អំពីបញ្ហាជម្លោះភូមិសាស្ត្រនយោបាយ ស្ថានភាពបាតុភូតអាកាសធាតុអាក្រក់ និងការរំខានដល់ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាសេវាកម្មសំខាន់ៗ។

ក្នុងចំណោមនោះ ប្រទេសនីមួយៗមានការណែនាំអំពីកម្រិតនៃការត្រៀមខ្លួនខុសៗគ្នា។ ជាទូទៅ ប្រទេសភាគច្រើន ណែនាំឱ្យមានស្បៀងអាហារ និងសម្ភារៈចាំបាច់ សម្រាប់ប្រើប្រាស់រយៈពេលយ៉ាងហោច ៧២ម៉ោង ឬ៣ថ្ងៃ។ ថ្មីៗនេះ ប្រទេសបារាំងនិងព្រីតថេន (ចក្រភពអង់គ្លេស) បានណែនាំឱ្យប្រជាពលរដ្ឋរបស់ខ្លួន ត្រៀមសម្ភារៈចាំបាច់ សម្រាប់រយៈពេល ៧២ម៉ោង។

រីឯប្រទេសកាណាដា ជប៉ុន ម៉ិកស៊ិក និងហូឡង់ ក៏បានណែនាំឱ្យប្រជាពលរដ្ឋពួកគេ បម្រុងទុកសម្ភារដែលចាំបាច់បន្ទាន់សម្រាប់រយៈពេល ៧២ម៉ោងផងដែរ។ ចំណែកប្រទេសមួយចំនួនទៀតវិញ បានណែនាំឱ្យមានការត្រៀមខ្លួន សម្រាប់រយៈពេលយូរជាងនេះ តួយ៉ាងស៊ុយអែត និងន័រវែស ណែនាំឱ្យមានស្បៀងអាហារនិងសម្ភារៈចាំបាច់ បម្រុងទុកសម្រាប់ប្រហែលមួយសប្តាហ៍ ខណៈអាល្លឺម៉ង់ ណែនាំឱ្យត្រៀមសម្រាប់រយៈពេលរហូតដល់១០ថ្ងៃ។

ដោយឡែក ប្រទេសមួយចំនួន មិនបានកំណត់រយៈពេលជាក់លាក់តែម្តង ក្នុងសេចក្តីណែនាំរបស់ខ្លួន។ ឧទាហរណ៍ នៅសហរដ្ឋអាមេរិក សេចក្តីណែនាំដែលផ្សព្វផ្សាយនៅលើគេហទំព័រ Ready.gov របស់ក្រសួងសន្តិសុខមាតុភូមិ បានបញ្ជាក់ថា «ការត្រៀមខ្លួនមានន័យថា ត្រូវមានអាហារ ទឹក និងសម្ភារៈផ្សេងៗផ្ទាល់ខ្លួនគ្រប់គ្រាន់ សម្រាប់ប្រើប្រាស់រយៈពេលជាច្រើនថ្ងៃ»។ ចំណែកអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ របស់ប្រទេសឥណ្ឌា បានណែនាំឱ្យគ្រួសារនានារៀបចំសម្ភារបន្ទាន់ៗ សម្រាប់គ្រោះមហន្តរាយ ប៉ុន្តែមិនបានកំណត់រយៈពេលច្បាស់លាស់ឡើយ។

តាមពិតទៅ ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ តំបន់អឺរ៉ុបបានផ្តោតការយកចិត្តទុកដាក់ជាពិសេស លើការត្រៀមខ្លួនសម្រាប់គ្រាអាសន្ន។ គណៈកម្មការអឺរ៉ុប បានប្រកាសចេញ «យុទ្ធសាស្ត្រត្រៀមលក្ខណៈរួមសម្រាប់គ្រាអាសន្ន» របស់ខ្លួន កាលពីខែមីនា ឆ្នាំ២០២៥ ដោយលើកឡើងថា ទ្វីបអឺរ៉ុបទាំងមូល កំពុងប្រឈមមុខភាពតានតឹង និងជម្លោះភូមិសាស្ត្រនយោបាយកាន់តែខ្លាំង ព្រមទាំងការគំរាមកំហែងពីគ្រោះធម្មជាតិ ដែលបង្កឡើងដោយកត្តាប្រែប្រួលអាកាសធាតុ។

ទោះបីជាការណែនាំអំពីរយៈពេលដែលប្រជាពលរដ្ឋ គួរត្រៀមស្បៀងអាហារនិងសម្ភារចាំបាច់ មានភាពខុសគ្នាតាមប្រទេសនីមួយៗក៏ដោយ ការណែនាំអំពីប្រភេទសម្ភារៈ ដែលគួរមានក្នុងឈុតសម្ភារបន្ទាន់ គឺហាក់មិនខុសគ្នានោះទេ។ រដ្ឋាភិបាលនានាណែនាំឱ្យស្តុកទុករបស់របរ ដូចជាអាហារដែលមិនងាយខូច ទឹក ថ្នាំពេទ្យ ថ្ម-អាគុយ ពិលបំភ្លឺ និងវិទ្យុ ជាដើម។

គួរបញ្ជាក់ថា ជាទូទៅ សេចក្តីណែនាំដែលចេញដោយប្រទេសជាច្រើនខាងលើ គឺជាគ្រាន់ជាការជំរុញឱ្យប្រជាពលរដ្ឋត្រៀមខ្លួនជាមុន សម្រាប់គ្រាអាសន្នណាមួយ ដែលអាចកើតមានឡើងប៉ុណ្ណោះ មិនមែនជាសេចក្តីប្រកាសថា ការផ្គត់ផ្គង់ស្បៀងអាហារ និងសម្ភារចាំបាច់នានា កំពុងជួបបញ្ហាខ្វះខាតនោះទេ។ សេចក្តីណែនាំទាំងនេះ គឺជាការត្រៀមសម្រាប់ស្ថានការណ៍រំខានផ្សេងៗ ដូចជា អាកាសធាតុអាក្រក់ខ្លាំង ទឹកជំនន់ ការវាយប្រហារតាមប្រព័ន្ធអ៉ីនធឺណិត ព្រមទាំងការដាច់ចរន្តអគ្គិសនី ការផ្គត់ផ្គង់ទឹក ឬប្រព័ន្ធបណ្តាញទំនាក់ទំនង។ ការដែលមានស្បៀងអាហារនិងសម្ភារៈចាំបាច់ត្រូវបានរក្សាទុកមុនបែបនេះ ​អនុញ្ញាតឱ្យគ្រួសារនានា អាចដោះស្រាយស្ថានភាពបានដោយខ្លួនឯងជាបឋម ក្នុងអំឡុងពេលដែលអាជ្ញាធរចាត់វិធានការឆ្លើយតប៕