លោក ស៊ី ជីនពីង ថា មជ្ឈិមបូព៌ាមិនគួរក្លាយជាសមរភូមិប្រជែងអំណាចរវាងមហាអំណាចឡើយ
02-11-2026 20:46
(ប៉េកាំង/ឌូបៃ)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានថ្លែងប្រាប់ព្រះចៅស៊ុលតង់នៃប្រទេសអូម៉ង់ នៅថ្ងៃចន្ទនេះថា តំបន់មជ្ឈិមបូព៌ា និងឈូងសមុទ្រពែក្ស មិនគួរក្លាយជាសមរភូមិនៃការប្រកួតប្រជែងរវាងមហាអំណាចឡើយ ហើយទីក្រុងប៉េកាំងត្រៀមខ្លួនធ្វើការជាមួយបណ្តាប្រទេសអារ៉ាប់ ដើម្បីសម្រេចឱ្យបាននូវសន្តិភាពយូរអង្វែង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៦។
តាមក្រសួងការបរទេសចិន ក្នុងជំនួបជាមួយព្រះចៅស៊ុលតង់អូម៉ង់ ហៃថាម ប៊ីន តារីក អាល់សាអ៊ីដ (Haitham bin Tariq al-Said) លោក ស៊ី បានគូសបញ្ជាក់ថា៖ «តំបន់ឈូងសមុទ្រមជ្ឈិមបូព៌ា មិនគួរក្លាយជាឆាកប្រកួតប្រជែងរវាងមហាអំណាច និងជម្លោះភូមិសាស្ត្រនយោបាយនោះទេ ព្រោះសន្តិភាព និងស្ថិរភាពក្នុងតំបន់ទាមទារឱ្យគ្រប់ភាគីរួមគ្នាថែរក្សា និងការពារ»។ លោកបន្ថែមថា ចិនតែងតែប្តេជ្ញាបញ្ឈប់សង្គ្រាម និងត្រៀមពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអារ៉ាប់ រួមទាំងសមាជិកក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ដើម្បីរួមចំណែកផ្តល់ដំណោះស្រាយចំពោះវិបត្តិសន្តិសុខក្នុងតំបន់ ខណៈនៅក្នុងសេចក្តីថ្លែងការណ៍រួម ២០ចំណុច ភាគីទាំងពីរក៏បានឯកភាពថា ការធ្វើនាវាចរណ៍ប្រកបដោយសុវត្ថិភាពនៅច្រកសមុទ្រ Hormuz គួរតែបើកដំណើរការជាធម្មតាឡើងវិញ ព្រមទាំងអំពាវនាវឱ្យអាមេរិក និងអ៊ីរ៉ង់ វិលទៅរកកិច្ចព្រមព្រៀងកាលពីខែមិថុនា និងចាប់ផ្តើមការសន្ទនាឡើងវិញ។
គួរបញ្ជាក់ថា ទោះបីជាកន្លងមក ចិនតែងប្រកាន់ជំហរការទូតស្ងប់ស្ងាត់នៅមជ្ឈិមបូព៌ាក៏ដោយ ក៏ទីក្រុងប៉េកាំងបានបង្កើនកិច្ចប្រឹងប្រែងជួយបញ្ចប់ភាពតានតឹង ក្រោយពេលសង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ បានធ្វើឱ្យរាំងស្ទះដល់ច្រកសមុទ្រ Hormuz និងជំរុញឱ្យតម្លៃថាមពល ព្រមទាំងថ្លៃដឹកជញ្ជូនសកលហក់ឡើងខ្ពស់។ ក្រសួងការបរទេសចិនក៏បានប្រកាសនៅថ្ងៃចន្ទនេះដែរថា បេសកជនពិសេសរបស់ចិនទទួលបន្ទុកកិច្ចការមជ្ឈិមបូព៌ា លោក ចៃ ជុន (Zhai Jun) នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីរ៉ង់ អូម៉ង់ និងអារ៉ាប៊ីសាអូឌីត នៅក្នុងខែវិច្ឆិកានេះ៕




