កម្មកររោងចក្រកាត់ដេរនៅបង់ក្លាដែស ធ្វើបាតុកម្ម៤ថ្ងៃជាប់គ្នា ដើម្បីទាមទារដំឡើងប្រាក់ឈ្នួល (Video inside)
03-11-2026 15:43
(ដាក្កា)៖ កម្មកររោងចក្រកាត់ដេរនៅប្រទេសបង់ក្លាដែស នៅថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបន្តធ្វើការតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល ខណៈប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមបាតុករ។ ភាពចលាចលនេះ បាននិងកំពុងរំខានដល់ប្រតិបត្តិការរោងចក្រ និងមធ្យោបាយដឹកជញ្ជូន ក្នុងវិស័យនាំចេញដ៏សំខាន់របស់ប្រទេសអាស៉ីខាងត្បូងមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ភាពវឹកវរខាងលើ បានចាប់ផ្តើមកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ហើយនាពេលនេះកំពុងបន្តកើនឡើងកាន់តែខ្លាំង បើទោះបីជារដ្ឋាភិបាល បានសម្រេចបង្កើតក្រុមប្រឹក្សាប្រាក់ឈ្នួលក៏ដោយ ដើម្បីពិនិត្យមើលឡើងវិញ លើបញ្ហាប្រាក់ឈ្នួលក្នុងវិស័យកាត់ដេររបស់បង់ក្លាដែស ដែលជាប្រទេសនាំចេញសម្លៀកបំពាក់ធំជាងគេលំដាប់ទី២ នៅលើពិភពលោក បន្ទាប់ពីប្រទេសចិន។
វាកើតឡើងចំពេលដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុនផលិតសម្លៀកបំពាក់ ដែលកំពុងឈានចូលដល់រដូវកាលផលិតពេញទំហឹង សម្រាប់ការនាំចេញ នារដូវផ្ការីក និងរដូវក្តៅ។ វិស័យកាត់ដេរនៅបង់ក្លាដែស មានកម្មករប្រមាណ ៤ លាននាក់ ហើយផ្គត់ផ្គង់ផលិតផល ដល់ម៉ាកសម្លៀកបំពាក់ល្បីៗទូទាំងពិភពលោក ដូចជា H&M, Zara និង Gap ព្រមទាំងរួមចំណែកជាង ៨០ ភាគរយនៃចំណូលពីការនាំចេញសរុបរបស់ប្រទេស។
ការប៉ះទង្គិចគ្នារវាងអ្នកតវ៉ានិងកងកម្លាំងសន្តិសុខ ត្រូវបានរាយការណ៍នៅតាមតំបន់ឧស្សាហកម្ម ជុំវិញរដ្ឋធានីដាក្កា រួមមាន Ashulia, Gazipur និង Mirpur ខណៈក្រុមកម្មករបានធ្វើបាតុកម្មជាថ្មី និងព្យាយាមបិទផ្លូវហាយវ៉េសំខាន់ៗ។ មនុស្សរាប់សិបនាក់ រួមទាំងមន្ត្រីប៉ូលិស បានរងរបួសក្នុងការប៉ះទង្គិចទាំងនេះ។
គួរបញ្ជាក់ថា កម្មករទាមទារចង់ដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំខែដល់ ៣០ ០០០ តាកា ឬស្មើនឹង ២៤១ដុល្លារ ពីប្រាក់ឈ្នួលបច្ចុប្បន្ន ១២ ៥០០ តាកា ឬស្មើនឹង១០០ដុល្លារ ក្រោមហេតុផលថា ការកើនឡើងនៃថ្លៃចំណាយជីវភាព និងអតិផរណា បានធ្វើឱ្យធ្លាក់ចុះអំណាចទិញរបស់ពួកគេ ។ រោងចក្រជាច្រើនកន្លែង ក៏បានរងការបំផ្លិចបំផ្លាញផងដែរ អំឡុងពេលផ្ទុះភាពចលាចលនេះ៕








