ភក្តីភាព ភាពស្អាតស្អំ និងមានទំនួលខុសត្រូវ ជាស្តង់ដាជ្រើសរើសបុគ្គលឆ្នើមឱ្យធ្វើការនៃបក្សកុម្មុយនីស្តចិន
03-11-2026 17:45
(ប៉េកាំង)៖ ការកសាងក្រុមកម្មាភិបាលដែលមានគុណវុឌ្ឍិខ្ពស់ និងមានសមត្ថភាពទទួលបន្ទុកសំខាន់ស្តីពីការស្តារភាពរុងរឿងរបស់ប្រជាជាតិឡើងវិញ គឺជាខ្លឹមសារស្នូលនៃគំនិតលោក Xi Jinping ស្តីពីការកសាងបក្ស។ ដើម្បីសម្រេចបាននូវគោលដៅនេះ គណៈបក្សកុម្មុយនីស្តចិនបានកំណត់ជាក់លាក់នូវគោលការណ៍សំខាន់ចំនួន៣ ពោលគីភក្តីភាព ភាពស្អាតស្អំ និងមានទំនួលខុសត្រូវ ដែលជាស្តង់ដាមូលដ្ឋានក្នុងដំណើរការទាំងមូលនៃការជ្រើសរើស ការបណ្តុះបណ្តាល ការតែងតាំង និងការគ្រប់គ្រងកម្មាភិបាល សំដៅបំពេញតម្រូវការនៃការធ្វើទំនើបកម្ម និងភារកិច្ចនៃការអភិវឌ្ឍរយៈពេលវែង។
តាំងពីសម័យបុរាណមក ប្រជាជនចិនបានប្រកាន់ខ្ជាប់នូវគំនិតអភិបាលកិច្ចដែលផ្តល់សារៈសំខាន់លើការជ្រើសរើសអ្នកធ្វើការដែលមានគុណធម៌និងសមត្ថភាព ដោយយល់ឃើញថា គុណវុឌ្ឍិរបស់អ្នកកាន់អំណាចគឺជាកត្តាដ៏សំខាន់បំផុត។ ប្រពៃណីនេះបានក្លាយជាមូលដ្ឋានសម្រាប់កំណត់ស្តង់ដាការងារនៃកម្មាភិបាលក្នុងយុគសម័យថ្មី ពោលគឺទាមទារឱ្យពួកគេមាននៃ«ភក្តីភាព ភាពស្អាតស្អំ និងមានទំនួលខុសត្រូវ»។ ប្រការនេះបានរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅរវាងគំនិតអភិបាលកិច្ចប្រពៃណីនិងតម្រូវការនៃការកសាងបក្សក្នុងសម័យបច្ចុប្បន្ន ។
ស្តង់ដាទាំងបី «ភក្តីភាព ភាពស្អាតស្អំ និងមានទំនួលខុសត្រូវ» បានបំពេញបន្ថែមគ្នាទៅវិញទៅមក និងមិនអាចខ្វះមួយបានឡើយ ហើយវាជាស្តង់ដាជាក់លាក់សម្រាប់កំណត់កម្មាភិបាលឆ្នើមក្នុងយុគសម័យថ្មី។ «ភក្តីភាព» តម្រូវឱ្យមានជំនឿមុតមាំ និងបំណងដើមដ៏បរិសុទ្ធ។ វាមានន័យថា ត្រូវប្រកាន់ខ្ជាប់នូវបេសកកម្មរបស់បក្សកុម្មុយនីស្តចិនដែលស្វែងរកសុភមង្គលជូនប្រជាជន និងស្តារភាពរុងរឿងរបស់ប្រជាជាតិឡើងវិញ ព្រមទាំងរក្សាជំហរនយោបាយដ៏មុតមាំ ជៀសវាងការធ្វើជា «មនុស្សពាក់មុខពីរ» (និយាយផ្សេង ធ្វើផ្សេង) ត្រូវតម្កល់ទុកផលប្រយោជន៍មូលដ្ឋានរបស់បក្ស និងប្រជាជនជាអាទិភាព។
«ភាពស្អាតស្អំ» សំដៅលើការបែងចែកឱ្យបានច្បាស់លាស់រវាងផលប្រយោជន៍សាធារណៈ និងផលប្រយោជន៍ផ្ទាល់ខ្លួន គោរពវិន័យ និងបទប្បញ្ញត្តិរបស់បក្សនិងរដ្ឋយ៉ាងតឹងរ៉ឹង។ បដិសេធការល្បួងនានា មិនបង្កើតបក្ខពួក ឬស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ហើយធានាថាប្រើប្រាស់អំណាចប្រកបដោយភាពយុត្តិធម៌ និងបំពេញភារកិច្ចដោយស្អាតស្អំ។ នេះគឺជា បន្ទាត់ក្រហមសម្រាប់អ្នកធ្វើអភិបាលកិច្ចនៅប្រទេសចិន។
«មានទំនួលខុសត្រូវ» សំដៅលើភាពឧស្សាហ៍ព្យាយាម ការអនុវត្តជាក់ស្តែង និងបំពេញតួនាទីឱ្យអស់ពីលទ្ធភាព។ វាមានន័យថា មិនត្រូវគេចវេះ ឬដកថយឡើយ នៅពេលប្រឈមមុខនឹងបញ្ហាប្រឈមស្មុគស្មាញនៃការកែទម្រង់ កង្វល់បន្ទាន់របស់ប្រជាជន ឬភារកិច្ចដ៏លំបាក ត្រូវមានភាពក្លាហានក្នុងការដោះស្រាយ «បញ្ហាដែលលំបាកបំផុត» និងជម្នះឱ្យបាន ដើម្បីដោះស្រាយក្តីកង្វល់បន្ទាន់ និងការលំបាករបស់ប្រជាជន សំដៅជំរុញឱ្យបុព្វហេតុជាតិបន្តវិវឌ្ឍរីកចម្រើនទៅមុខ។
ជំនួសរួបមន្តជ្រើសរើសបុគ្គលឆ្នើមដោយផ្អែកលើបទពិសោធរបស់អ្នកជ្រើសរើសដែលជារូបមន្តប្រពៃណី គណបក្សកុម្មុយនីស្តចិន បានដាក់ចេញនូវយន្តការជាក់ស្តែងសម្រាប់ការជ្រើសរើសបុគ្គលឆ្នើម ដោយផ្អែកលើលទ្ធផលការងារជាក់ស្តែង ប្រៀបបាននឹងការ «ស្វែងរកសេះល្អបំផុតតាមរយៈការរត់ប្រណាំង»។ ចាប់តាំងពីសមាជគណបក្សកុម្មុយនីស្តចិន លើកទី១៨មក គោលគំនិតស្នូលក្នុងការជ្រើសរើស មន្ត្រីឆ្នើមបានផ្លាស់ប្តូរពី «ការពឹងផ្អែកលើបទពិសោធរបស់អ្នកជ្រើសរើស» ទៅជា «ការជ្រើសរើសតាមការបំពេញការងារជាក់ស្តែង»។
ជួរមុខនៃមូលដ្ឋាន ជនបទ និងមុខតំណែងសំខាន់ដែលមានបន្ទុកធ្ងន់ឬមានគ្រោះថ្នាក់ខ្លាំង ត្រូវបានចាត់ទុកជា «ទីលានប្រកួតប្រជែង» សម្រាប់សាកល្បងសមត្ថភាពមន្ត្រី។ពួកគេបានប្រកួតពីសមិទ្ធផលជាក់ស្តែង និងបានពង្រឹងសមត្ថភាពរបស់ខ្លួនតាមរយៈការដោះស្រាយបញ្ហាយ៉ាងជាក់ស្តែង។ វិធីសាស្ត្រជ្រើសរើសបុគ្គលឆ្នើមបែបនេះ ត្រូវបានពង្រឹងជាបណ្តើរៗ រហូតក្លាយជាប្រព័ន្ធជ្រើសរើសបុគ្គលឆ្នើមដែលមានលក្ខណៈម៉ឺងម៉ាត់ និងមានស្តង់ដាច្បាស់លាស់ ។
យុទ្ធនាការលុបបំបាត់ភាពក្រីក្ររបស់ចិន គឺជាគំរូជាក់ស្តែងដ៏រស់រវើកបំផុតនៃប្រព័ន្ធជ្រើសរើសអ្នកធ្វើការពិតប្រាកដ។ កម្មាភិបាលរាប់ពាន់នាក់បានទៅបំពេញការងារនៅតាមភូមិ បានចូលទៅក្នុងចំណោមប្រជាជនតាមមូលដ្ឋាន ហើយធ្វើកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដើម្បីជួយប្រជាជន និងជំរុញការកាត់បន្ថយភាពក្រីក្រ។ នេះបានបង្ហាញពីភក្តីភាពរបស់ពួកគេចំពោះកាអនុវត្តបំណងដើមរបស់បក្ស ដែលប្រកាន់ខ្ជាប់នូវគោលការណ៍ ៖ «អ្វីៗទាំងអស់គឺដើម្បីប្រជាជន»។
តាមរយៈការគោរពវិន័យយ៉ាងម៉ឺងម៉ាត់ បានធានាដល់ការប្រើប្រាស់ធនធានឧបត្ថមនានាប្រកបដោយភាពត្រឹមត្រូវនិងមានតម្លាភាព ព្រមទាំងរក្សាបាននូវភាពស្អាតស្អំនិងក្រមសីលធម៌វិជ្ជាជីវៈផ្ទាល់ខ្លួនក្នុងពេលបំពេញភារកិច្ច ពួកគេបានធ្វើជាគំរូនៃការបំពេញភារកិច្ចយ៉ាងស្អាតស្អំ និងត្រឹមត្រូវ។ តាមរយៈការប្រឈមមុខនិងជម្នះបញ្ហាស្មុគស្មាញនៃភាពក្រីក្រ ការអភិវឌ្ឍឧស្សាហកម្មតាមជនបទ និងការដោះស្រាយចន្លោះខ្វះខាតធំដែលប៉ះពាល់ដល់ សុខុមាលភាពប្រជាជន ពួកគេបានដឹកនាំប្រជាជនឆ្ពោះទៅរកភាពសម្បូរសប្បាយ ដែលបានបង្ហាញពីការហ៊ានទទួលខុសត្រូវនិងការអនុវត្តជាក់ស្តែង ។ឆ្លងតាមរយៈការអនុវត្តជាក់ស្តែងតាមមូលដ្ឋាន កម្មាភិបាលជាច្រើននាក់បានឆ្លងកាត់ការលត់ដំ និងបានបង្ហាញពីសមត្ថភាពលេចធ្លោរបស់ខ្លួន រហូតក្លាយជាបុគ្គលឆ្នើមដែលមានសមត្ថភាពអាចរ៉ាប់រងភារកិច្ចនៃការស្តារភាពរុងរឿងរបស់ប្រជាជាតិឡើងវិញ។
ស្តង់ដាចំនួនបីនៃការជ្រើសរើសបុគ្គលឆ្នើមឱ្យធ្វើការ ពោលគឺភក្តីភាព ភាពស្អាតស្អំ និងមានទំនួលខុសត្រូវ មិនត្រឹមតែបានបង្កើតជា ប្រព័ន្ធអភិវឌ្ឍកម្មាភិបាលនិងធនធានមនុស្សដែលមានលក្ខណៈពិសេសចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់នូវ «ដំណោះស្រាយបូព៌ា» សម្រាប់ការគ្រប់គ្រងសមាជិកបក្សកាន់អំណាចនានាជុំវិញពិភពលោកទៀតផង៕
វិទ្យុមិត្តភាពកម្ពុជាចិន




