កោះតៃវ៉ាន់ ថាទំនាក់ទំនងជាមួយប៉ារ៉ាហ្កាយមិនរងផលប៉ះពាល់ទេ ក្រោយប្រធានាធិបតីប្រទេសអាមេរិកឡាទីននេះ លាលែងពីតំណែង (Video inside)
06-11-2026 14:22
(តៃប៉ិ)៖ នៅថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ តៃវ៉ាន់បាននិយាយថា ចំណងមិត្តភាពរបស់ខ្លួន ជាមួយប្រទេសប៉ារ៉ាហ្កាយ មិនរងផលប៉ះពាល់ ដោយសារព្រឹត្តិការណ៍ដែលកើតឡើង នៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះទេ បន្ទាប់ពីប្រធានាធិបតីប៉ារ៉ាហ្កាយ លោក Santiago Peña ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់តៃវ៉ាន់ បានលាលែងពីតំណែង ក្រោយការដួលរលំធនាគារសំខាន់មួយ បានបង្កជាវិបត្តិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ក្រសួងការបរទេសតៃវ៉ាន់ បានឱ្យដឹងថា ខ្លួនកំពុងតាមដានយ៉ាងដិតដល់ចំពោះការវិវត្តនយោបាយនៅប៉ារ៉ាហ្កាយ និងគោរពប្រព័ន្ធរដ្ឋធម្មនុញ្ញ ព្រមទាំងដំណើរការប្រជាធិបតេយ្យរបស់ប្រទេសនេះ។ ក្រសួងបានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍ដូច្នេះថា «តៃវ៉ាន់និងប៉ារ៉ាហ្កាយ មានទំនាក់ទំនងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ហើយគម្រោងពាក់ព័ន្ធនានា បានផ្ដល់ផលប្រយោជន៍ដល់ជីវភាព និងសុខុមាលភាពរបស់ប្រជាជនទាំងពីរ»។ ក្រសួងបានបន្ថែមថា «ការវិវត្តនៃស្ថានការណ៍នយោបាយនៅប៉ារ៉ាហ្កាយ មិនប៉ះពាល់ដល់មិត្តភាពរវាងភាគីទាំងពីរ ឬការជំរុញកិច្ចសហប្រតិបត្តិការនោះទេ»។
ប៉ារ៉ាហ្កាយគឺជាប្រទេសមួយក្នុងចំណោមប្រទេសសរុបចំនួន១២ លើពិភពលោក ដែលនៅបន្តរក្សាទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់។ ប្រទេសចិនអះអាងថា តៃវ៉ាន់គឺជាខេត្តមួយប៉ុណ្ណោះរបស់ខ្លួន ដូច្នេះគ្មានសិទ្ធិប្រព្រឹត្តខ្លួនដូចជារដ្ឋឯករាជ្យមួយឡើយ។ ប៉ុន្តែរដ្ឋាភិបាលតៃប៉ិ បានច្រានចោលជំហរនេះយ៉ាងដាច់ខាត។ អនុរដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក Chen Ming-chi បាននិយាយនៅថ្ងៃសុក្រនេះថា រដ្ឋាភិបាលរបស់លោក នៅតែរក្សាទំនាក់ទំនងល្អជាមួយប៉ារ៉ាហ្កាយ និងគណបក្សកាន់អំណាចរបស់ប្រទេសនេះ។
លោក Peña បានធ្វើទស្សនកិច្ចលើកចុងក្រោយ មកកាន់តៃវ៉ាន់កាលពីខែឧសភា ដែលពេលនោះលោកបានលើកសរសើរទំនាក់ទំនង រវាងប៉ារ៉ាហ្កាយ និងតៃវ៉ាន់។ ចិនបានចេញមុខរិះគន់រូបលោក ជុំវិញដំណើរទស្សនកិច្ចនេះ ដោយហៅថាជា «កូនអុករបស់ក្រុមផ្ដាច់ខ្លួន»។ កាលពីខែតុលា ចិនបានដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីរបស់ប្រទេសប៉ារ៉ាហ្កាយ និងប្រទេសបេលី ដោយសារតែទំនាក់ទំនងរបស់ពួកគេជាមួយតៃវ៉ាន់។
ទំនាក់ទំនងជាមួយតៃវ៉ាន់ បានក្លាយជាបញ្ហាចម្រូងចម្រាសកាន់តែខ្លាំងឡើង នៅក្នុងប្រទេសប៉ារ៉ាហ្កាយ ស្របពេលដែលអ្នកនយោបាយ និងម្ចាស់ក្រុមហ៊ុនធំៗមួយចំនួន នាំគ្នាលើកឡើងថា ទំនាក់ទំនងនេះ ផ្ដល់ផលប្រយោជន៍សេដ្ឋកិច្ចតិចតួច ហើយប្រទេសនេះ គួរតែប្ដូរទំនាក់ទំនងទៅរកប្រទេសចិនវិញ។
គួរបញ្ជាក់ថា ទីក្រុងប៉េកាំង បានបង្កើនសម្ពាធលើសម្ព័ន្ធមិត្តការទូតដែលនៅសេសសល់របស់តៃវ៉ាន់ ឱ្យកាត់ផ្ដាច់ទំនាក់ទំនង ជាមួយទីក្រុងតៃប៉ិ។ ប្រទេសចុងក្រោយដែលបានធ្វើដូច្នោះ គឺប្រទេសដែនកោះតូចមួយនៅមហាសមុទ្រប៉ាស៊ីហ្វិក គឺ Nauru កាលពីក្នុងឆ្នាំ២០២៤។ រីឯប្រទេសហុងឌូរ៉ាស បានបញ្ចប់ទំនាក់ទំនងរយៈពេលជាច្រើនទសវត្សរ៍ជាមួយតៃវ៉ាន់ នៅឆ្នាំ២០២៣៕






