អ៉ីរ៉ង់ បញ្ជូនសំណើពាក់ព័ន្ធបញ្ហានុយក្លេអ៊ែរ ទៅកាន់សហរដ្ឋអាមេរិក តាមរយៈប្រទេសកាតា (Video inside)
06-11-2026 16:49
(តេហេរ៉ង់)៖ មន្ត្រីជាន់ខ្ពស់អ៉ីរ៉ង់ម្នាក់ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថាអ៉ីរ៉ង់បានផ្ញើសំណើពាក់ព័ន្ធបញ្ហានុយក្លេអ៊ែរ ទៅកាន់សហរដ្ឋអាមេរិកតាមរយៈប្រទេសកាតា ជាមួយការបញ្ជាក់ថា សំណើនេះនឹងត្រូវយកមកពិភាក្សា ក៏លុះត្រាតែទីក្រុងវ៉ាស៉ីនតោន បំពេញបានតាមលក្ខខណ្ឌទាំង៧ របស់ទីក្រុងតេហេរ៉ង់ជាមុនសិន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
មន្ត្រីរូបនោះ បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ថាសហរដ្ឋអាមេរិកកំពុងពិនិត្យមើលសំណើនេះ ប៉ុន្តែបដិសេធផ្តល់ព័ត៌មានលម្អិតបន្ថែម។ មន្ត្រីសន្តិសុខជាន់ខ្ពស់អ៉ីរ៉ង់ លោក Mohsen Rezaei បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ អំឡុងពេលបំពេញទស្សនកិច្ចនៅរុស្ស៉ី «ពាក់ព័ន្ធនឹងបញ្ហាការទូត យើងបានប្រកាសលក្ខខណ្ឌចំនួន៧ ជូនភាគីអាមេរិក។ ដរាបណាពួកគេមិនអនុវត្តតាមលក្ខខណ្ឌទាំង៧ទេនោះ យើងនឹងមិនបើកច្រក Strait of Hormuz ហើយក៏នឹងមិនចរចាអ្វីដែរ»។
អ៉ីរ៉ង់ ទាមទារឱ្យមានការដកទណ្ឌកម្ម បញ្ចេញទ្រព្យសម្បត្តិរបស់អ៉ីរ៉ង់ដែលត្រូវបានបង្កក និងសំណងសម្រាប់សង្គ្រាម ព្រមទាំងលក្ខខណ្ឌផ្សេងទៀត ខណៈដែលទីក្រុងវ៉ាស៉ីនតោន បានថាបញ្ហានុយក្លេអ៊ែរត្រូវតែជាផ្នែកមួយនៃការចរចាជំហានដំបូង។
ក្រុមអ្នកសម្របសម្រួល បានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាមរវាងអ៉ីរ៉ង់ និងសហរដ្ឋអាមេរិក ចំពេលដែលមានការព្រួយបារម្ភថាសង្គ្រាមនេះអាចនឹងផ្ទុះឡើងវិញ ក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិអាមេរិក។ កាលពីថ្ងៃអង្គារ លោក ត្រាំ បានបដិសេធច្រានចោលលទ្ធភាពធ្វើសង្រ្គាមក្រោយការបោះឆ្នោតនោះឡើយ ខណៈអ៉ីរ៉ង់ក៏បានគ្រោងនឹងសងសឹកទ្រង់ទ្រាយធំជាងមុនផងដែរ ប្រសិនបើសង្គ្រាមផ្ទុះឡើងវិញ៕





