អ៊ុយក្រែន៖ រុស្ស៊ីកំពុងប្រើ «Starlink» ផលិតក្នុងស្រុក សម្រាប់ទំនាក់ទំនងយោធាលើទឹកដីអ៊ុយក្រែន
06-11-2026 22:20
(កៀវ)៖ ទីភ្នាក់ងារស៊ើបការណ៍យោធាអ៊ុយក្រែន បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា រុស្ស៊ីបានចាប់ផ្តើមប្រើបណ្តាញផ្កាយរណបថ្មី Rassvet ដែលត្រូវបានផ្សព្វផ្សាយថាជា Starlink ផលិតក្នុងស្រុក សម្រាប់ទំនាក់ទំនងយោធានៅលើទឹកដីអ៊ុយក្រែនរួចហើយ ក្នុងគោលបំណងធ្វើឱ្យដ្រូនវាយប្រហាររបស់ខ្លួនមានភាពជាក់លាក់ជាងមុន និងពិបាកនឹងរំខានសញ្ញា។
តាមការបញ្ជាក់របស់នាយកដ្ឋានស៊ើបការណ៍សម្ងាត់ចម្បងនៃក្រសួងការពារជាតិអ៊ុយក្រែន (GUR) រុស្ស៊ីបានបាញ់ផ្កាយរណប Rassvet ចំនួន៣២គ្រឿងឡើងគន្លងក្នុងឆ្នាំនេះ ជាពីរលើកនៅខែមីនា និងខែកក្កដា ហើយគ្រោងបាញ់បន្ថែមទៀតមុនចុងឆ្នាំ២០២៦ ដើម្បីពង្រីកតំបន់គ្របដណ្តប់។ ទោះជាយ៉ាងណា អ្នកនាំពាក្យ GUR លោក Andrii Yusov បានឱ្យដឹងថា ចំនួនផ្កាយរណបបច្ចុប្បន្ននៅមិនទាន់គ្រប់គ្រាន់ ដើម្បីគ្របដណ្តប់ទឹកដីអ៊ុយក្រែនជាប់ជានិច្ចនៅឡើយទេ ដោយ «ការទំនាក់ទំនងអាចប្រើបានតែម្តងម្កាល ពេលផ្កាយរណបឆ្លងកាត់តំបន់ពាក់ព័ន្ធ»។
ចំនួន៣២គ្រឿងនេះ នៅតិចតួចណាស់បើធៀបនឹងផ្កាយរណបជាង១០,០០០គ្រឿងនៃបណ្តាញ Starlink របស់ក្រុមហ៊ុន SpaceX ដែលជាកម្មសិទ្ធិរបស់លោក Elon Musk។ កំណែយោធារបស់ Starlink ដែលមានឈ្មោះថា Starshield ដំណើរការនៅអ៊ុយក្រែន ប៉ុន្តែមិនមែននៅរុស្ស៊ីទេ ហើយប្រព័ន្ធរបស់ SpaceX បានជួយអ៊ុយក្រែនយ៉ាងច្រើនក្នុងសង្គ្រាមប្រឆាំងនឹងកងទ័ពរុស្ស៊ី។
គួរបញ្ជាក់ថា ក្រសួងការពារជាតិរុស្ស៊ីមិនទាន់ឆ្លើយតបនឹងព័ត៌មាននេះភ្លាមៗទេ ខណៈក្រុមប្រឹក្សាវិទ្យាសាស្ត្រ និងអ្នកជំនាញរបស់រុស្ស៊ី នៅថ្ងៃសុក្រនេះ បានព្រមានពីហានិភ័យដែលបង្កឡើងដោយ Starlink ហើយអំពាវនាវឱ្យដាក់ពង្រាយប្រព័ន្ធ Rassvet ឱ្យបានលឿនជាងមុន៕




