របាយការណ៍សហភាពអឺរ៉ុប៖ បណ្តាញសម្ងាត់របស់រុស្ស៊ី លួចព្យាយាមកេងចំណេញពីកុបកម្មនៅបារាំង តាមបណ្តាញសង្គម (Video inside)
10-11-2026 14:23
(ប៉ារីស)៖ យោងតាមការវាយតម្លៃផ្ទៃក្នុងមួយរបស់សហភាពអឺរ៉ុប (EU) បណ្តាញសម្ងាត់របស់រុស្ស៊ី បានព្យាយាមកេងចំណេញផលប្រយោជន៍ ពីកុបកម្មនៅប្រទេសបារាំងកាលពីខែមុន តាមរយៈការប្រើប្រាស់បណ្តាញសង្គម ដើម្បីទម្លាក់កំហុសភាពចលាចលនេះលើបញ្ហាអន្តោប្រវេសន៍ និងដើម្បីបង្ហាញថា រដ្ឋាភិបាលបារាំងបានបាត់បង់សមត្ថភាពគ្រប់គ្រងស្ថានការណ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦។
ការវាយតម្លៃផ្ទៃក្នុងមួយផ្សេងទៀត ដែលរៀបចំដោយក្រសួងការបរទេសបារាំង បានរកឃើញថា គណនីបណ្តាញសង្គម ដែលមានទំនាក់ទំនងជាមួយអ៉ីស្រាអែល និងចលនា MAGA របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏បានផ្សព្វផ្សាយជំរុញដំណើររឿងមិនត្រឹមត្រូវមួយចំនួន ជុំវិញកុបកម្មនេះផងដែរ ដោយភ្ជាប់ភាពវឹកវរទៅនឹងនិន្នាការអ៉ីស្លាមជ្រុលនិយម និងបញ្ហាអន្តោប្រវេសន៍។
តាមការវិភាគរបស់ក្រុមអ្នកឯកទេសផ្នែកព័ត៌មានមិនពិតរបស់អឺរ៉ុប បើបូករួមបញ្ចូលគ្នា ការវាយតម្លៃទាំង២នេះ បានបង្ហាញឱ្យឃើញពីរបៀបដែលតួអង្គខាងក្រៅ កំពុងព្យាយាមប្រើប្រាស់ភាពចលាចលក្នុងស្រុករបស់ប្រទេសបារាំង ដើម្បីបម្រើគោលដៅនយោបាយរៀងៗខ្លួនរបស់ពួកគេ។ ការវិភាគរបស់សហភាពអឺរ៉ុប បានរកឃើញថា បណ្តាញសម្ងាត់របស់រុស្ស៊ីមួយ ដែលមានឈ្មោះថា Operation Overload បានផ្សព្វផ្សាយវីដេអូ ដោយក្លែងបន្លំជាស្ថាប័នសារព័ត៌មានលោកខាងលិច ដើម្បីកំណត់គោលដៅលើទស្សនិកជនបារាំង។
ក្រសួងការបរទេសរុស្ស៊ី ពុំទាន់ឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយ ជុំវិញរបាយការណ៍ខាងលើទេ។ ប៉ុន្តែកាលពីខែសីហា ឆ្នាំនេះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី លោកស្រី Maria Zakharova ធ្លាប់បានច្រានចោលការចោទប្រកាន់របស់ទីភ្នាក់ងារឃ្លាំមើលរដ្ឋបារាំងមួយ ដែលថារុស្ស៊ីបានផ្សព្វផ្សាយព័ត៌មានមិនពិត ពាក់ព័ន្ធនឹងការបោះឆ្នោតប្រធានាធិបតីបារាំង ឆ្នាំ២០២៧។ លោកស្រីបាននិយាយថា ការចោទប្រកាន់នោះ នឹងមិនមែនជាការប្រឌិតចុងក្រោយ ដែលអាជ្ញាធរបារាំងប្រើប្រាស់ ដើម្បីបំភាន់មតិសាធារណៈនោះទេ។
គួរបញ្ជាក់ថា កុបកម្មបានផ្ទុះឡើងយ៉ាងកក្រើកនៅតាមទីក្រុងនានាទូទាំងប្រទេសបារាំង កាលពីខែតុលា ខណៈការតវ៉ាប្រឆាំងនឹង ការកើនឡើងនៃថ្លៃចំណាយលើការរស់នៅ និងការធ្លាក់ចុះគុណភាពនៃសេវាសាធារណៈ បានរីករាលដាលរហូតដល់មិនអាចគ្រប់គ្រងបាន នៅតំបន់មួយចំនួន ហើយបង្កឱ្យមានអំពើហិង្សាដ៏អាក្រក់បំផុតមួយ ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។
ការវាយតម្លៃរបស់សហភាពអឺរ៉ុប ដែលផ្តោតលើរយៈពេលចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២១ ខែតុលា បានរកឃើញថា រុស្ស៊ីបានព្យាយាមចង់បង្ហាញឱ្យឃើញ ថ្នាក់ដឹកនាំបារាំងមានភាពទន់ខ្សោយ និងកាន់តែមាននិន្នាការផ្តាច់ការខ្លាំងឡើង។ ទោះជាយ៉ាងណា របាយការណ៍នេះ មិនបានរកឃើញភស្តុតាងណាមួយដែលបង្ហាញថា ទីក្រុងមូស្គូឬតួអង្គផ្សេងទៀត ជាអ្នកបង្កឱ្យមានបាតុកម្ម ឬដុតបញ្ឆេះធ្វើឱ្យបាតុកម្មកាន់តែធ្ងន់ធ្ងរឡើងនោះទេ៕






