ក្រុមរដ្ឋមន្ត្រីការបរទេស G7 ចោទថា សកម្មភាពរបស់ចិននៅភាគខាងកើតកោះតៃវ៉ាន់ គំរាមកំហែងដល់ស្ថិរភាព
12-11-2026 15:24
(តៃប៉ិ)៖ រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G7 បានលើកឡើងថា ការកើនឡើងសកម្មភាពរបស់ចិន នៅក្នុងដែនទឹកភាគខាងកើតកោះតៃវ៉ាន់ កំពុងគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់ ក៏ដូចជាសេរីភាពនៃការធ្វើនាវាចរណ៍។ ក្រុមរដ្ឋមន្រ្តី G7 បានលើកឡើងបែបនេះ នៅក្នុងសេចក្តីប្រកាសរួមមួយកាលថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងប៉ារីស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ចិនប្រកាន់ជំហរចាត់ទុកកោះតៃវ៉ាន់ ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយបានបង្កើនសកម្មភាពនៅក្បែរភាគខាងកើតដែនកោះនេះ ចាប់តាំងពីខែមិថុនាមក ដោយបានធ្វើការល្បាតជាប្រចាំតាមរយៈកងនាវាឆ្មាំសមុទ្រ។ មន្ត្រីតៃវ៉ាន់ បាននិយាយថា ពួកគេជឿថា ចិនកំពុងធ្វើសមយុទ្ធត្រៀមលក្ខណៈសម្រាប់ការបិទខ្ទប់ផ្លូវសមុទ្រ ដោយប្រើប្រាស់មធ្យោបាយចម្រុះ រួមមានទាំងកម្លាំងយោធា កម្លាំងប៉ារ៉ា និងកម្លាំងស៊ីវិល។
សេចក្តីថ្លែងការណ៍រួមរបស់ G7 បានឱ្យដឹងថា ក្រុមរដ្ឋមន្ត្រីការបរទេស បានសង្កត់ធ្ងន់លើសារសំខាន់នៃការរក្សាសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។ សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ថា សកម្មភាពរបស់ចិននៅក្នុងដែនទឹកភាគខាងកើតកោះតៃវ៉ាន់ គំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់ សេរីភាពនៃការធ្វើនាវាចរណ៍ និងសុវត្ថិភាពនៃការដឹកជញ្ជូនតាមផ្លូវសមុទ្រជាអន្តរជាតិ។ សេចក្តីថ្លែងការណ៍ដដែល បានបន្ថែមទៀតថា «យើងបានបញ្ជាក់ជាថ្មីពីការជំទាស់របស់យើង ចំពោះការប៉ុនប៉ងឯកតោភាគីណាមួយ ក្នុងការផ្លាស់ប្តូរស្ថានភាពដើម ជាពិសេសតាមរយៈការប្រើប្រាស់កម្លាំង ឬការបង្ខិតបង្ខំ ឬការគំរាមកំហែង»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ព្រីតថេន បារាំង និងអាល្លឺម៉ង់ កន្លងមកសុទ្ធតែធ្លាប់បានបង្ហាញការព្រួយបារម្ភ ចំពោះសកម្មភាពរបស់ចិន នៅក្បែរភាគខាងកើតកោះតៃវ៉ាន់។ ដោយឡែក ប៉ុន្មានឆ្នាំចុងក្រោយនេះ យោធាចិនក៏បានធ្វើប្រតិបត្តិការនៅជុំវិញកោះតៃវ៉ាន់ ស្ទើរតែរៀងរាល់ថ្ងៃផងដែរ។ ប្រទេសចិនមិនដែលបោះបង់ចោលជម្រើសនៃការប្រើប្រាស់កម្លាំងយោធា ដើម្បីនាំយកកោះតៃវ៉ាន់ ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួននោះទេ ប៉ុន្តែទីក្រុងប៉េកាំងអះអាងថា ខ្លួនចង់បានការបង្រួបបង្រួមគ្នាដោយសន្តិវិធី។ យ៉ាងណាមិញ រដ្ឋាភិបាលទីក្រុងតៃប៉ិ បានច្រានចោលការទាមទារអធិបតេយ្យរបស់ចិន ហើយអះអាងថា មានតែប្រជាជនតៃវ៉ាន់ផ្ទាល់ប៉ុណ្ណោះ ដែលមានសិទ្ធិសម្រេចអនាគតរបស់ដែនកោះនេះ៕






