ប្រធានាធិបតី ស៊ី ជីនពីង៖ ការបង្រួបបង្រួមកោះតៃវ៉ាន់ជាមួយប្រទេសចិន «ត្រូវតែកើតឡើង» ខណៈចរន្តប្រវត្តិសាស្ត្រមិនអាចបញ្ឈប់បានដាច់ខាត
12-11-2026 16:12
(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ បានថ្លែងថា ចរន្តប្រវត្តិសាស្ត្រមិនអាចបញ្ឈប់បានឡើយ ស្របពេលដែលលោកជំរុញឱ្យមានការបង្រួបបង្រួមកោះតៃវ៉ាន់ជាមួយប្រទេសចិន ពេញលេញទាំងស្រុង ហើយបានប្តេជ្ញាថា នឹងសម្រេចគោលដៅនេះដោយសន្តិវិធី ដោយមិនបានលើកឡើងពីការប្រើប្រាស់កម្លាំងយោធានោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ចិនចាត់ទុកកោះតៃវ៉ាន់ ដែលមានការដឹកនាំគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ទោះបីជាទីក្រុងតៃប៉ិ បានបដិសេធយ៉ាងដាច់ខាតចំពោះការអះអាងនេះក៏ដោយ។ ទីក្រុងប៉េកាំងក៏បានផ្តល់សំណើម្តងហើយម្តងទៀត នូវគំរូដឹកនាំបែបស្វ័យភាព «ប្រទេសមួយ ប្រព័ន្ធពីរ» ផងដែរ ប៉ុន្តែវាមិនទទួលបានការគាំទ្រពីគណបក្សនយោបាយធំៗណាមួយ នៅតៃវ៉ាន់ឡើយ។
អំឡុងសុន្ទរកថាមួយនៅសាលវិមានប្រជាជនចិន ក្នុងទីក្រុងប៉េកាំង លោក ស៉ី បានថ្លែងថា ការដោះស្រាយបញ្ហាតៃវ៉ាន់ គឺជាបេសកកម្មប្រវត្តិសាស្ត្រដែលគ្មានការប្រែប្រួល របស់បក្សកុម្មុយនិស្តចិន។ លោកប្រធានាធិបតីចិន បានបន្ថែមដូច្នេះថា «ចរន្តប្រវត្តិសាស្ត្រ មិនអាចបញ្ឈប់បានឡើយ។ ការបង្រួបបង្រួមមាតុភូមិចិនឱ្យបានពេញលេញទាំងស្រុង ត្រូវតែសម្រេចឱ្យបាន ហើយវានឹងត្រូវសម្រេចបានជាក់ជាមិនខាន»។
ការអត្ថាធិប្បាយដូចខាងលើរបស់លោក ស៊ី ធ្វើឡើងក្នុងសុន្ទរកថារំឭកខួបគម្រប់ ១៦០ឆ្នាំរបស់វីរបុរសបដិវត្តន៍ លោក Sun Yat-sen ដែលបានដើរតួនាទីដឹកនាំចលនាបះបោរ កាលពីឆ្នាំ១៩១១ ដែលបានបិទបញ្ចប់របបគ្រប់គ្រងរបស់ព្រះចៅអធិរាជនិងអធិរាជនី អស់រយៈពេលជាច្រើនសតវត្សរ៍ ហើយបាននាំឱ្យមានការបង្កើតប្រទេសចិនបែបសាធារណរដ្ឋ។
លោក ស៊ី បាននិយាយថា ចិនប្រកាន់ខ្ជាប់នូវការបង្រួបបង្រួមដោយសន្តិវិធី និងគោលការណ៍ប្រទេសមួយ ប្រព័ន្ធពីរ ហើយមានឆន្ទៈក្នុងការចរចាជាមួយតៃវ៉ាន់ ដោយរក្សាគោលការណ៍ «ចិនតែមួយ» ឬជំហររបស់ទីក្រុងប៉េកាំងដែលថា ភាគីទាំងពីរនៃត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់ គឺជាប្រទេសតែមួយ។ លោក ស៊ី បានបន្ថែមថា ប្រជាជនចិនទាំងអស់ រួមទាំងអ្នករស់នៅលើកោះតៃវ៉ាន់ គួរតែរួមដៃគ្នាប្រឆាំងនឹងកម្លាំងបំបែកខ្លួន ដែលគាំទ្រឯករាជ្យភាពតៃវ៉ាន់ ហើយខិតខំជំរុញការអភិវឌ្ឍទំនាក់ទំនងឆ្លងច្រកសមុទ្រតៃវ៉ាន់ដោយសន្តិវិធី។
គួរបញ្ជាក់ថា ទោះបីជាលោក ស៊ី មិនបានលើកឡើងពីការប្រើប្រាស់កម្លាំងយោធា ដែលចិនមិនដែលបោះបង់ចោល ជាជម្រើសក្នុងការដោះស្រាយបញ្ហាតៃវ៉ាន់ក៏ដោយនោះ យោធាចិនបានធ្វើប្រតិបត្តិការនៅជុំវិញដែនកោះនេះជាប់ស្ទើររៀងរាល់ថ្ងៃ ហើយកំពុងពង្រីកសមត្ថភាពនិងវិសាលភាពប្រតិបត្តិការរបស់ខ្លួន កាន់តែឆ្ងាយចូលទៅមហាសមុទ្រប៉ាស៊ីហ្វិកថែមទៀត៕







