* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា ចុះពិនិត្យព្រំដែនកម្ពុជា-ថៃ នៅច្រកគីឡូ១៣ ក្នុងខេត្តបាត់ដំបង
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារថ្លែងអំណរគុណប្រធានរដ្ឋសភាវៀតណាម ដែលផ្ញើសារអបអរសាទរក្នុងឱកាសខួបលើកទី៧៣ ទិវាបុណ្យឯករាជ្យជាតិរបស់កម្ពុជា
* ក្រោយចាប់បដិសន្ធិជិត៦០ឆ្នាំ, កម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអង្គការប្រទេសនិយាយភាសាបារាំងជាលើកដំបូង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍ ប្រធានាធិបតីរវ៉ាន់ដា និងភរិយា មកកាន់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* ប្រធានាធិបតីបារាំង លោក ម៉ាក្រុង នឹងមកដល់កម្ពុជាល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ដើម្បីទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* ប្រធានរដ្ឋសភាឡាវ ថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ចំពោះសារអបអរសាទរលោកពេលជាប់ឆ្នោត និងប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា-ឡាវ ឱ្យកាន់តែរឹងមាំ
* ប្រធានាធិបតីរវ៉ាន់ដា និងភរិយា ព្រមទាំងគណៈប្រតិភូ អញ្ជើញមកដល់កម្ពុជាហើយ
* Nvidia ត្រៀមដកហូតតំណែង CEO លោក Jensen Huang ក្រោយរឿងអាស្រូវជាប់ពាក់ព័ន្ធចារកម្មចិន
* វិភាគអន្តរជាតិ៖ លទ្ធភាពនៃ «សន្និសីទ Yalta សម័យទំនើប» កំពុងអង្រួនសណ្ដាប់ធ្នាប់អាស៊ី ក្រោយសម័យសង្រ្គាម
* អនុប្រធានាធិបតីឥណ្ឌូណេស៊ី លោក Gibran Rakabuming Raka លាលែងពីតំណែង
* រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent ប្ដូរទៅស្នាក់នៅក្នុងមូលដ្ឋានទ័ព ក្រោយរងការគំរាមកំហែងអាយុជីវិតពីអ៊ីរ៉ង់
* ព្រះមហាក្សត្រ ស្តេចយាងពន្លត់ភ្លើងជ័យ ខួបលើកទី៧៣ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នៅវិមានឯករាជ្យ
* Fresh Exclusive: «កុំយកកាយវិការចាប់ដៃធ្វើជាឧបករណ៍នយោបាយ៖ មេរៀនពីការទូត និងការទទួលខុសត្រូវចំពោះផលប្រយោជន៍ជាតិ»
* ផ្ទុះគ្រាប់បែកចំរថយន្តដឹកសិស្សសាលានៅខេត្ត Satun ភាគខាងត្បូងប្រទេសថៃ បណ្តាលឱ្យរងរបួស៣នាក់
* លើសពីរឿងអាស្រូវស្នេហ៍! ហេតុអ្វីករណី Alice Huang និង Jensen Huang ក្លាយជាសង្គ្រាមចារកម្ម AI រវាងអាមេរិក និងចិន?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ការប្រែក្លាយពីការប្រឆាំងអំពើពុករលួយទៅជាអភិបាលកិច្ចជាប្រព័ន្ធ៖ ការគ្រប់គ្រងដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយរបស់បក្សកុម្មុយនីស្តចិន

12-11-2026 17:19

(ប៉េកាំង)៖ កិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ដែលបានប្រព្រឹត្តទៅនៅទីក្រុងប៉េកាំង ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ គឺជាកិច្ចប្រជុំពេញអង្គក្នុងអាណត្តិនេះ ដែលផ្តោតទាំងស្រុងលើប្រធានបទសំខាន់ គឺការកសាងបក្ស។ បើកិច្ចប្រជុំពេញអង្គលើកទី៣ (ខែកក្កដា ២០២៤) ផ្តោតលើការធ្វើកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និងកិច្ចប្រជុំពេញអង្គលើកទី៤ (ខែតុលា ២០២៥) ផ្តោតលើសំណើផែនការអភិវឌ្ឍន៍ ៥ឆ្នាំលើកទី១៥ នោះកិច្ចប្រជុំលើកទី៥ នេះ បានបង្វែរការយកចិត្តទុកដាក់មកលើ «អ្នកអនុវត្ត» គោលនយោបាយទាំងនោះ ពោលគឺខ្លួនបក្ស និងកម្មាភិបាលរបស់បក្សផ្ទាល់។

កិច្ចប្រជុំបានអនុម័ត «សេចក្តីសម្រេចរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ស្តីពីបញ្ហាសំខាន់ៗមួយចំនួនទាក់ទងនឹង ការជំរុញការគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹងគ្រប់ជ្រុងជ្រោយឱ្យបានជាប់លាប់» ហើយឯកសារនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃដដែល។ កិច្ចប្រជុំមានការចូលរួមពីសមាជិកពេញសិទ្ធិ នៃគណៈកម្មាធិការមជ្ឈិមបក្សចំនួន ១៦២ រូប និងសមាជិកបម្រុងចំនួន ១១៧ រូប។ កិច្ចប្រជុំបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល នៃការគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹងក្នុងយុគសម័យថ្មី ដោយលើកឡើងថា បញ្ហារ៉ាំរ៉ៃដែលធ្លាប់កើតមានក្នុងបក្ស ដូចជាការដឹកនាំរបស់បក្សទន់ខ្សោយ ការត្រួតពិនិត្យខ្លួនឯងធូររលុង និងទំនោរមិនល្អផ្សេងៗ ត្រូវបានដោះស្រាយពីឫសគល់។ បក្សនៅតែប្រឈមនឹង «ការសាកល្បងទាំងបួន» (ការកាន់អំណាច កំណែទម្រង់និងបើកចំហ សេដ្ឋកិច្ចទីផ្សារ និងបរិយាកាសខាងក្រៅ) និង «គ្រោះថ្នាក់ទាំងបួន» (ការធ្លាក់ទឹកចិត្តខាងស្មារតី ការខ្វះសមត្ថភាព ការឃ្លាតឆ្ងាយពីប្រជាជន និងអំពើពុករលួយ) ដែលមានលក្ខណៈយូរអង្វែង ស្មុគស្មាញ និងធ្ងន់ធ្ងរ។ គោលការណ៍សំខាន់គឺ ការបម្រើបេសកកម្មរបស់បក្ស ចាត់ទុកការពង្រឹងនយោបាយជាគោលការណ៍ចម្បង គ្រប់គ្រងយ៉ាងតឹងរ៉ឹងគ្រប់វិស័យ ផ្តោតលើការដោះស្រាយបញ្ហា ប្រកាន់ខ្ជាប់គោលការណ៍មូលដ្ឋានព្រមទាំងច្នៃប្រឌិតថ្មី អនុវត្តពីលើចុះក្រោម និងដឹកនាំបក្សតាមបទប្បញ្ញត្តិ។ ការពង្រឹងស្មារតីបក្ស ការអនុវត្តរបបមជ្ឈការបែបប្រជាធិបតេយ្យ ការកសាងកម្មាភិបាល ការពង្រឹងអង្គការបក្សគ្រប់ថ្នាក់ ការកែលម្អរបៀបធ្វើការនិងវិន័យ ការប្រឆាំងអំពើពុករលួយ ការកសាងបទប្បញ្ញត្តិនិងស្ថាប័ន ការពង្រឹងប្រព័ន្ធត្រួតពិនិត្យ និងការកំណត់ភាពទទួលខុសត្រូវ។

ភាពតឹងរ៉ឹងក្នុងការគ្រប់គ្រង បានធ្វើឱ្យប្រទេសចិនមានស្ថិរភាពនយោបាយ និង អាចពង្រឹងសមត្ថភាពក្នុងការអនុវត្តគោលនយោបាយជាតិ ដែលបក្សកុម្មុយនីស្តចិនដឹកនាំប្រទេសដែលមានប្រជាជនប្រមាណ ១,៤ ពាន់លាននាក់ ហើយមានសមាជិកបក្សជាង ១០០ លាននាក់ និងអង្គការមូលដ្ឋានជាង ៥ លាន។ ក្នុងទំហំបែបនេះ គោលនយោបាយល្អណាក៏ដោយនឹងគ្មានប្រសិទ្ធភាព ប្រសិនបើប្រព័ន្ធដឹកនាំខ្វះវិន័យ ឬខ្វះការឯកភាព។ នៅពេលដែលប្រទេសចិនទើបចាប់ផ្តើមអនុវត្តផែនការ ៥ឆ្នាំលើកទី១៥ (២០២៦-២០៣០) ការពង្រឹងបក្សមានន័យថា ការពង្រឹង «ក្បាលម៉ាស៊ីន» ដែលនឹងបំប្លែងគោលដៅលើក្រដាសទៅជាលទ្ធផលជាក់ស្តែង ពោលគឺការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ការច្នៃប្រឌិតបច្ចេកវិទ្យា និងការជំរុញតម្រូវការក្នុងស្រុក។ នេះជាហេតុផលដែលអ្នកវិភាគចិនមួយចំនួនចាត់ទុកការគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹង ថាជា «លេខកូដសម្ងាត់» នៃភាពជោគជ័យនៃអភិបាលកិច្ចជាតិចិន។ ចំណុចសំខាន់ទី២ គឺការប្រឆាំងអំពើពុករលួយជាប្រព័ន្ធ ដែលធ្វើឱ្យអ្នកអនុវត្តមិនហ៊ានធ្វើអំពើពុករលួយ ព្រោះការអនុវត្តច្បាប់មានវិន័យយ៉ាងម៉ឺងម៉ាត់ ដោយមិនលើកលែងតំបន់ណា ឬថ្នាក់ណាឡើយ មិនអាចពុករលួយតាមរយៈការរឹតបន្តឹងការគ្រប់គ្រងអំណាច បិទចន្លោះប្រហោងនៃប្រព័ន្ធ និងដាក់អំណាចក្នុង «ទ្រុងនៃប្រព័ន្ធ» និង មិនចង់ពុករលួយ តាមរយៈការអប់រំសីលធម៌ ការពង្រឹងស្មារតីបក្ស និងការលើកកម្ពស់វប្បធម៌សុចរិតភាព។ សេចក្តីសម្រេចឆ្នាំ២០២៦ បានបន្ថែមទិសដៅថា ត្រូវដោះស្រាយទាំងរោគសញ្ញា និងឫសគល់ ដោយរួមបញ្ចូលគ្នានូវការដាក់ទណ្ឌកម្ម ការកែតម្រូវ និងការបង្ការ ព្រមទាំងភ្ជាប់ការកែលម្អរបៀបធ្វើការទៅនឹងការប្រឆាំងអំពើពុករលួយ។ ដូច្នេះ ការប្រឆាំងអំពើពុករលួយត្រូវបានមើលឃើញថាជាវិធានការបង្ការដើម្បីកាន់អំណាចរយៈពេលវែង។

ការពង្រឹងបទប្បញ្ញត្តិ និងស្ថាប័នបក្ស គឺជា «យុទ្ធសាស្ត្រមូលដ្ឋាន និងរយៈពេលវែង» នៃការគ្រប់គ្រងដ៏តឹងរ៉ឹង រួមមានការប្រកាន់ខ្ជាប់ លក្ខន្តិកៈបក្សជាមូលដ្ឋាន និងការកែលម្អក្របខ័ណ្ឌបទប្បញ្ញត្តិឱ្យកាន់តែពេញលេញ ការលុបបំបាត់ «ច្បាប់លាក់កំបាំង» ពោលគឺទម្លាប់ក្រៅផ្លូវការដែលធ្វើឱ្យប្រព័ន្ធផ្លូវការបាត់បង់ប្រសិទ្ធភាព និង ការពង្រឹងប្រព័ន្ធត្រួតពិនិត្យ រួមមានការត្រួតពិនិត្យទូទៅ របស់គណៈកម្មាធិការបក្ស ប្រព័ន្ធដឹកនាំទ្វេនៃស្ថាប័នត្រួតពិនិត្យវិន័យ ការភ្ជាប់ការត្រួតពិនិត្យរបស់បក្សជាមួយបណ្តាញត្រួតពិនិត្យផ្សេងទៀត និងការចុះត្រួតពិនិត្យតាមវគ្គ។ ដូច្នេះ ការគ្រប់គ្រងបក្សលែងពឹងផ្អែកតែលើយុទ្ធនាការនយោបាយទៀតហើយ ប៉ុន្តែពឹងផ្អែកលើវិធានច្បាស់លាស់ ការត្រួតពិនិត្យជាប្រចាំ និងការកំណត់ភាពទទួលខុសត្រូវ។

ការកែលម្អរបៀបធ្វើការ និងការពង្រឹងទំនាក់ទំនងជាមួយប្រជាជន នៅតែជាឧបករណ៍ស្នូលក្នុងសេចក្តីសម្រេចឆ្នាំ២០២៦នេះ។ បទប្បញ្ញត្តិនេះផ្តោតលើការចុះមូលដ្ឋាន ការកាត់បន្ថយកិច្ចប្រជុំ និងឯកសារមិនចាំបាច់ ការកាត់បន្ថយពិធីការហួសហេតុ និងការសន្សំសំចៃ។ ចំណុចល្អគឺ វាប៉ះពាល់ដោយផ្ទាល់ទៅលើបទពិសោធន៍របស់ប្រជាជនក្នុងការទទួលសេវាសាធារណៈ និងជួយកាត់បន្ថយ «ទម្រង់និយម» និង «ការិយាធិបតេយ្យនិយម» ដែលជាឧបសគ្គដល់ប្រសិទ្ធភាពរដ្ឋបាល។

ការរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាជនក៏ជាការឆ្លើយតបដោយផ្ទាល់ទៅនឹង «ហានិភ័យនៃការឃ្លាតឆ្ងាយពីប្រជាជន»។ ចំណុចពិសេសមួយទៀតគឺ ការទទួលស្គាល់ថា វិន័យតែមួយមុខមិនគ្រប់គ្រាន់ទេ កម្មាភិបាលត្រូវមានចំណេះដឹង ជំនាញ សមត្ថភាពដោះស្រាយបញ្ហា និងភាពទទួលខុសត្រូវចំពោះប្រជាជន។ សេចក្តីសម្រេចបានកំណត់ឱ្យអនុវត្តស្តង់ដារតឹងរ៉ឹងលើការអប់រំ ការជ្រើសរើស ការតែងតាំង ការគ្រប់គ្រង និងការត្រួតពិនិត្យកម្មាភិបាល ព្រមទាំងបណ្តុះបណ្តាលធនធានមនុស្សមានទេពកោសល្យ និងកម្មាភិបាលវ័យក្មេង។ ក្នុងបរិបទនេះ យុទ្ធនាការសិក្សាស្តីពី «លទ្ធផលការងារ» មានសារៈសំខាន់ណាស់ ព្រោះវាជំរុញឱ្យកម្មាភិបាលវាស់វែងភាពជោគជ័យដោយផលប្រយោជន៍ពិតប្រាកដរបស់ប្រជាជន ជាជាងគម្រោងបង្ហាញមុខ ឬតួលេខដែលគ្មានខ្លឹមសារ។

ដូច្នេះកិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការមជ្ឈិមបក្សចិនអាណត្តិទី២០ បានបង្ហាញថា ការគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ បានវិវត្តពីយុទ្ធនាការប្រឆាំងអំពើពុករលួយ ទៅជាប្រព័ន្ធអភិបាលកិច្ចផ្ទៃក្នុងដ៏ទូលំទូលាយមួយ ដែលគ្របដណ្តប់ទាំងស្មារតីបក្ស វិន័យ ការកសាងកម្មាភិបាល ការត្រួតពិនិត្យ និងភាពទទួលខុសត្រូវ។ ចំណុចល្អសំខាន់ៗរបស់វារួមមាន ការធានាស្ថិរភាពនយោបាយ ការពង្រឹងសមត្ថភាពអនុវត្តផែនការ ៥ឆ្នាំលើកទី១៥ ការប្រឆាំងអំពើពុករលួយជាប្រព័ន្ធ ការដាក់អំណាចក្នុង «ទ្រុងនៃប្រព័ន្ធ» និងការកសាងកម្មាភិបាលដែលមានទាំងវិន័យ និងសមត្ថភាព៕

ដោយ បណ្ឌិត គី សេរីវឌ្ឍន៍
ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា