ម៉ាឡេស៊ី ពិចារណាបង្កើតច្បាប់តាមដានប្រតិបត្តិការមជ្ឈមណ្ឌលទិន្នន័យ និងការប្រើប្រាស់បន្ទះឈីប AI
12-11-2026 19:09
(គូឡាឡាំពួរ)៖ រដ្ឋមន្ត្រីពាណិជ្ជកម្មម៉ាឡេស៊ី លោក Johari Abdul Ghani បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាលកំពុងពិចារណាបង្កើតច្បាប់ថ្មីមួយ ដើម្បីអនុញ្ញាតឱ្យអាជ្ញាធរតាមដានប្រតិបត្តិការរបស់មជ្ឈមណ្ឌលទិន្នន័យ រួមទាំងការប្រើប្រាស់បន្ទះឈីបសមត្ថភាពខ្ពស់ ដើម្បីទប់ស្កាត់ការប្រើប្រាស់ទឹកដីម៉ាឡេស៊ីជាច្រកគេចវេះពីបម្រាមរបស់សហរដ្ឋអាមេរិកលើបន្ទះឈីបបញ្ញាសិប្បនិម្មិត (AI)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Johari បានបញ្ជាក់ថា ក្រោមច្បាប់ថ្មីនេះ អ្នកស្នើសុំសាងសង់មជ្ឈមណ្ឌលទិន្នន័យនៅម៉ាឡេស៊ី ត្រូវបង្ហាញព័ត៌មានលម្អិតអំពីក្រុមហ៊ុនគ្រប់គ្រង ទីតាំង និងចំនួនបន្ទះឈីបក្រាហ្វិក (GPUs) ដែលនាំចូល ដើម្បីធានាថាបន្ទះឈីបដែលស្ថិតក្រោមបម្រាមរបស់អាមេរិក គឺនាំចូលសម្រាប់ប្រើប្រាស់ក្នុងស្រុកពិតប្រាកដ មិនមែនសម្រាប់នាំចេញបន្តនោះទេ។ លោកបានសង្កត់ធ្ងន់ថា «ប្រសិនបើពួកគេចង់ប្រើប្រាស់ប្រទេសនេះដើម្បីជួញដូរទំនិញខុសច្បាប់ យើងត្រូវតែធានាថារឿងនោះនឹងមិនកើតឡើងនៅក្នុងប្រទេសយើងឡើយ»។ យ៉ាងណាក៏ដោយ លោកបន្ថែមថា រដ្ឋាភិបាលមិនមានគម្រោងបើកការស៊ើបអង្កេតលើក្រុមហ៊ុន Speedmatrix ដែលជាបុត្រសម្ព័ន្ធនៅម៉ាឡេស៊ីរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Megaspeed មានមូលដ្ឋាននៅសិង្ហបុរីនោះទេ ដរាបណាក្រុមហ៊ុននេះទិញបន្ទះឈីបសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួននៅក្នុងមជ្ឈមណ្ឌលទិន្នន័យ។
គួរបញ្ជាក់ថា ចំណាត់ការនេះកើតឡើងក្រោយផ្ទុះរឿងអាស្រូវពាក់ព័ន្ធនឹងនាយកប្រតិបត្តិក្រុមហ៊ុន Nvidia លោក Jensen Huang ដែលរងការចោទប្រកាន់ថាមានទំនាក់ទំនងជាមួយជនសង្ស័យជាចារកម្មចិន ក៏ដូចជាការចោទប្រកាន់ថាក្រុមហ៊ុន Speedmatrix អាចជាច្រកបញ្ជូនបន្ទះឈីប Nvidia ទៅឱ្យអ្នកប្រើប្រាស់នៅប្រទេសចិន។ កាលពីឆ្នាំមុន ម៉ាឡេស៊ីក៏បានដាក់ចេញវិធានការរឹតបន្តឹងការនាំចេញបន្ទះឈីប AI សមត្ថភាពខ្ពស់ដែលមានប្រភពពីអាមេរិកផងដែរ ក្រោយរងសម្ពាធពីទីក្រុងវ៉ាស៊ីនតោនឱ្យទប់ស្កាត់លំហូរបន្ទះឈីបទាំងនោះទៅកាន់ប្រទេសចិន ខណៈក្រុមហ៊ុន Megaspeed បានចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនគោរពយ៉ាងម៉ឺងម៉ាត់តាមច្បាប់ត្រួតពិនិត្យការនាំចេញរបស់អាមេរិក និងស្វាគមន៍រាល់ការត្រួតពិនិត្យពីសំណាក់រដ្ឋាភិបាល៕




