FBI៖ hackers កូរ៉េខាងជើងមួយក្រុមទៀត លួចលុយបានជាង ៤០០លានដុល្លារ ដោយប្រើរូបភាពវីដេអូ (Video inside)
13-11-2026 15:46
(វ៉ាស៉ីនតោន)៖ ទីភ្នាក់ងារស៉ើបអង្កេតសហព័ន្ធ (FBI) បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ថា ក្រុម hackers ដែលទំនុបបម្រុងដោយរដ្ឋកូរ៉េខាងជើង បានលួចយកប្រាក់គ្រីបតូ (cryptocurrency) ដែលមានតម្លៃជាង ៤០០លានដុល្លារ ក្នុងរយៈពេល ១៨ខែកន្លងមក ដោយប្រើប្រាស់រូបភាពរបស់បុគ្គលនានាដែលត្រូវបានថតដោយលួចលាក់ រួចយកទៅប្រើប្រាស់ដើម្បីកំណត់គោលដៅលើទំនាក់ទំនង (contacts) របស់បុគ្គលទាំងនោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។
ជាផ្នែកមួយនៃល្បិចកលឆបោក តាមរយៈការរៀបចំបោកបញ្ឆោតមនុស្ស (social engineering) ដែល FBI ហៅថា FaceStealer ជនរងគ្រោះត្រូវបានគេលួងលោម ឱ្យចូលរួមប្រជុំក្លែងក្លាយតាមប្រព័ន្ធវីដេអូ ដែលធ្វើឱ្យមើលទៅដូចជាកម្មវិធីពិតៗ តាមរយៈប្រព័ន្ធ Zoom Microsoft Teams និង Google Meet ជាដើម។ ជនរងគ្រោះទទួលបានការអញ្ជើញពីបុគ្គលដែលខ្លួនស្គាល់ ប៉ុន្តែគណនីបណ្តាញសង្គម និងលេខទូរសព្ទទំនាក់ទំនងរបស់បុគ្គលទាំងនោះ ត្រូវបានគេលួចចូលប្រើ (hack)។
ពេលកំពុងនិយាយក្នុងកម្មវិធីប្រជុំនោះ ជនរងគ្រោះដែលការសន្ទនារបស់ពួកគេក៏ត្រូវបានថតទុកផងនោះ នឹងជួបប្រទះបញ្ហាបច្ចេកទេសក្លែងក្លាយ ដែលតម្រូវឱ្យមានការជួសជុលតាមរយៈការចុចលើតំណភ្ជាប់ (link)។ សកម្មភាពនេះនឹងធ្វើឱ្យកុំព្យូទ័រ និងគណនីបណ្តាញសង្គមរបស់ជនរងគ្រោះឆ្លងមេរោគ។ បន្ទាប់មកលេខទូរសព្ទនៅក្នុងគណនីរបស់ជនរងគ្រោះ នឹងត្រូវបានគេយកទៅប្រើប្រាស់ ដើម្បីកំណត់គោលដៅវាយប្រហារលើមនុស្សផ្សេងទៀតបន្តទៀត។ យោងតាមសេចក្តីជូនដំណឹង FBI កំណត់អត្តសញ្ញាណបាន និងរឹបអូសវីដេអូពីកាមេរ៉ា webcam របស់ជនរងគ្រោះចំនួនជាង ៩០០វីដេអូ។
FBI បានឱ្យដឹងថា ពួក hackers កំពុងចាប់ផ្តើមប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើតវីដេអូប្រភេទ deepfake របស់បុគ្គលល្បីៗ និងមានឥទ្ធិពលនៅក្នុងវិស័យរូបិយប័ណ្ណគ្រីបតូ និង blockchain។ FBI ចាត់ទុកសកម្មភាពនេះថាជាស្នាដៃ hackers មកពីកូរ៉េខាងជើងមួយក្រុមឈ្មោះ Sapphire Sleet ឬ UNC1069។ ក្រុមនេះគឺជាក្រុមដាច់ដោយឡែកមួយផ្សេងទៀត មិនមែនជា hackers កូរ៉េខាងជើងដែល FBI និងវិស័យឯកជន រកឃើញថាមានជាប់ពាក់ព័ន្ធនឹងករណី hack ប្រព័ន្ធទីផ្សារជួញដូររូបិយប័ណ្ណគ្រីបតូរបស់ក្រុមហ៊ុន Binance ដែលមានទឹកប្រាក់ចំនួន ៦,៣ពាន់លានដុល្លារកាលពីពេលថ្មីៗនេះទេ៕





