សភាជាន់ខ្ពស់ឥណ្ឌូនេស៊ីនឹងជ្រើសរើសអនុប្រធានាធិបតីថ្មីនៅថ្ងៃទី២ ខែធ្នូ ក្រោយលោក Gibran លាលែង
13-11-2026 18:10
(ហ្សាកាតា)៖ ប្រធានសភាជាន់ខ្ពស់ឥណ្ឌូនេស៊ី លោក Ahmad Muzani បានប្រកាសនៅថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះថា សភានឹងជ្រើសរើសអនុប្រធានាធិបតីថ្មីនៅថ្ងៃទី២ ខែធ្នូ ក្រោយការលាលែងដ៏ភ្ញាក់ផ្អើលរបស់លោក Gibran Rakabuming Raka ដែលជាអនុប្រធានាធិបតី និងជាកូនប្រុសរបស់អតីតប្រធានាធិបតី លោក ជូកូ វីដូដូ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Muzani បានឱ្យដឹងថា សភាជាន់ខ្ពស់ ដែលមានតួនាទីតាមច្បាប់ក្នុងការតែងតាំងអនុប្រធានាធិបតី នឹងផ្ញើលិខិតទៅប្រធានាធិបតី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ដើម្បីស្នើសុំឈ្មោះបេក្ខជនពីរនាក់ ហើយក៏បានបង្កើតក្រុមសមាជិកសភា៣៦នាក់ ដើម្បីពិនិត្យលក្ខណសម្បត្តិរបស់បេក្ខជនផងដែរ។ រហូតមកដល់ពេលនេះ មិនទាន់ដឹងថា លោក ប្រាបូវ៉ូ នឹងស្នើឈ្មោះនរណាខ្លះនៅឡើយទេ។
ការលាលែងរបស់លោក Gibran អាយុ៣៩ឆ្នាំ កើតឡើងក្រោយរយៈពេលមួយខែ ដែលលោករងសម្ពាធកាន់តែខ្លាំងពីសមាជិកសភា បន្ទាប់ពីតុលាការកំពូលរបស់ឥណ្ឌូនេស៊ីសម្រេចថា លោកមានកម្រិតវប្បធម៌មិនគ្រប់គ្រាន់ ដើម្បីឈរឈ្មោះសម្រាប់តំណែងនេះ។ ទោះជាយ៉ាងណា កាលពីថ្ងៃព្រហស្បតិ៍ លោក Gibran បានថ្លែងថា ការលាលែងនេះជាការសម្រេចចិត្តផ្ទាល់ខ្លួន ហើយមិនពាក់ព័ន្ធនឹងបញ្ហាកម្រិតវប្បធម៌របស់លោកឡើយ។
អ្នកវិភាគយល់ថា ការលាលែងនេះអាចធ្វើឱ្យទំនាក់ទំនងរវាងលោក ប្រាបូវ៉ូ និងលោក ជូកូ វីដូដូ កាន់តែឃ្លាតឆ្ងាយ និងក្លាយជាការប្រជែងគ្នាយ៉ាងជូរចត់។ លោក ជូកូ វីដូដូ ធ្លាប់យកឈ្នះលោក ប្រាបូវ៉ូ ក្នុងការបោះឆ្នោតប្រធានាធិបតីពីរលើក នៅឆ្នាំ២០១៤ និង២០១៩ មុនពេលតែងតាំងលោក ប្រាបូវ៉ូ ជារដ្ឋមន្ត្រីការពារជាតិ ហើយគាំទ្រលោកដោយស្ងាត់ៗ ក្នុងការបោះឆ្នោតឆ្នាំ២០២៤។ ប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍ ទាំងលោក ជូកូ វីដូដូ និងលោក Gibran បានបង្ហាញសំនៀងសម្រុះសម្រួល ដោយលោក Gibran បាននិយាយក្នុងវីដេអូមួយទៅកាន់អ្នកស្ម័គ្រចិត្តថា «ខ្ញុំមានសារតែមួយ៖ ទោះនៅក្នុង ឬក្រៅរដ្ឋាភិបាល យើងនៅតែត្រូវគាំទ្រលោកប្រធានាធិបតី»។
គួរបញ្ជាក់ថា អ្នកវិភាគចាត់ទុករឿងលួចស្តាប់ទូរស័ព្ទ ដែលពាក់ព័ន្ធនឹងមន្ត្រីប៉ូលិសជាន់ខ្ពស់៤រូប រួមទាំងអតីតប្រធាននគរបាលជាតិ លោក Listyo Sigit Prabowo ដែលត្រូវបានគេចាត់ទុកជាអ្នកស្មោះត្រង់របស់លោក ជូកូ វីដូដូ ជាសញ្ញាមួយទៀតនៃភាពបែកបាក់នេះ ខណៈប៉ូលិសកាលពីថ្ងៃព្រហស្បតិ៍ ថាមានភស្តុតាងដំបូងគ្រប់គ្រាន់ ដើម្បីចោទប្រកាន់ជនសង្ស័យទាំង៤នាក់ពីបទក្បត់ជាតិ៕




