មេដឹកនាំអាស៊ាន នឹងជួបប្រជុំគ្នាក្នុងទីក្រុងម៉ានីល ជាមួយការផ្តោតលើសមុទ្រចិនខាងត្បូង មីយ៉ាន់ម៉ា (Video inside)
14-11-2026 13:43
(ម៉ានីល)៖ បណ្ដាមេដឹកនាំក្នុងតំបន់អាស៊ីអាគ្នេយ៍នឹងត្រូវជួបជុំគ្នា ក្នុងប្រទេសហ្វីលីពីន នៅចុងសប្ដាហ៍នេះសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន ដែលក្រុមអ្នកវិភាគរំពឹងថានឹងមានភាពរីកចម្រើនតិចតួចប៉ុណ្ណោះលើបញ្ហាធំៗមួយចំនួនក្នុងតំបន់ ដូចជាសំណុំរឿងសមុទ្រចិនខាងត្បូង និងវិបត្តិនយោបាយក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នឹងប្រព្រឹត្តទៅពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ជាទីដែលមេដឹកនាំជាសមាជិកអាស៊ានទាំង១១ប្រទេសត្រូវជួបប្រជុំគ្នានៅក្រោមការរៀបចំរបស់ហ្វីលីពីន ក្នុងនាមជាប្រធានប្ដូរវេនក្នុងឆ្នាំ២០២៦នេះ ខណៈសន្តិសុខតំបន់ វិបត្តិថាមពល ភាពធន់សេដ្ឋកិច្ច សមុទ្រចិនខាងត្បូង វិបត្តិនៅមីយ៉ាន់ម៉ា និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយស្ថិតនៅក្នុងរបៀបវារៈកំពូល។
កិច្ចប្រជុំអាស៊ាននៅហ្វីលីពីននេះដែរកើតមានឡើងនៅចំពោះមុខការកើនឡើងគោលនយោបាយគាំពារនិយម ភាពមិនច្បាស់លាស់ជុំវិញពាណិជ្ជកម្មពិភពលោក ព្រមទាំងការកើនឡើងសម្ពាធលើបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលកំពុងប្រឹងប្រែងរក្សាតុល្យភាពទំនាក់ទំនងនៅក្នុងការប្រកួតប្រជែងគ្នារវាងប៉េកាំង និងវ៉ាស៊ីនតោន។
តាមការគ្រោងទុក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីចិន លោក Li Qiang សុទ្ធតែស្ថិតនៅក្នុងចំណោមមេដឹកនាំពិភពលោកដែលត្រូវបានគេរំពឹងថានឹងមានវត្តមាននៅឯកិច្ចប្រជុំកំពូលអាស៊ាននៅម៉ានីល ដែលនេះនឹងធ្វើឱ្យតំបន់អាស៊ីអាគ្នេយ៍ស្ថិតនៅក្រោមការផ្ដោតសាជាថ្មី មុននឹងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក APEC ប្រព្រឹត្តទៅនៅទីក្រុង Shenzhen ប្រទេសចិន នៅថ្ងៃទី១៨ ខែវិច្ឆិកា។
ប៉ុន្តែបើទោះជាមានវត្តមានមេដឹកនាំពិភពលោកកំពូលចូលរួមក៏ដោយ ក៏ក្រុមអ្នកវិភាគនៅតែរំពឹងថាកិច្ចប្រជុំអាស៊ានទំនងជានឹងមិនអាចសម្រេចបានលទ្ធផលធំៗនោះឡើយ។ «ខ្ញុំរំពឹងថាកិច្ចប្រជុំកំពូលនឹងមានភាពរីកចម្រើនលើបញ្ហាសេដ្ឋកិច្ច ប៉ុន្តែទំនងជាមិនអាចសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់លើបញ្ហានយោបាយដ៏ស្មុគស្មាញនោះទេ»។ នេះជាការយល់ឃើញរបស់លោក Andrew Mantong ជាអ្នកស្រាវជ្រាវជាន់ខ្ពស់ម្នាក់ពីអាស៊ាន មកពី Centre for Strategic and International Studies (CSIS) ក្នុងប្រទេសឥណ្ឌូណេស៊ី។
គួរបញ្ជាក់ថា នៅមុនកិច្ចប្រជុំកំពូលអាស៊ាន ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានអំពាវនាវឱ្យអាស៊ានធ្វើសកម្មភាពរួមគ្នាជាធ្លុងមួយ ខណៈកំពុងប្រឈមមុខនឹងបញ្ហាជាច្រើនរាប់ចាប់ពីការឡើងថ្លៃតម្លៃថាមពល រហូតដល់បញ្ហាសន្តិសុខ និងបាតុភូត El Niño៕







