Robert Pattinson ត្រូវបានជ្រើសរើសឱ្យគ្រងតំណែងជាភ្នាក់ងារសម្ងាត់ 007 ក្នុងរឿង James Bond ជំនាន់ថ្មី
17-11-2026 09:14
(វ៉ាស៊ីនតោន)៖ ពិភពភាពយន្តហូលីវូដ និងមហាជនទូទាំងពិភពលោកកំពុងផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមានសេចក្តីប្រកាសជាផ្លូវការថា តារាសម្តែងល្បីឈ្មោះ Robert Pattinson ត្រូវបានជ្រើសរើសឱ្យគ្រងតំណែងដ៏មានឥទ្ធិពលជាភ្នាក់ងារសម្ងាត់អង់គ្លេស James Bond (007) ជំនាន់ថ្មី ដែលជាការបោះជំហានដ៏ធំមួយទៀតក្នុងអាជីពសម្តែងរបស់លោក ក្រោយពីជោគជ័យយ៉ាងត្រចះត្រចង់លើតួអង្គមនុស្សវីរបុរសប្រចៀវ Batman ។
Robert Pattinson ដែលធ្លាប់បានលះបង់កេរ្តិ៍ឈ្មោះពីភាពយន្តយុវវ័យ Twilight រហូតដល់ការប្រែក្លាយខ្លួនជាតួអង្គងងឹតក្នុង The Batman និងភាពយន្តបែប sci-fi ដ៏ស្មុគស្មាញរបស់ Christopher Nolan គឺ Tenet ឥឡូវនេះត្រូវបានផលិតកម្មសម្រេចចិត្តទុកចិត្តឱ្យកាន់កាប់តំណែងជា James Bond (007) នៃភាពជាបុរសដ៏ស្រស់សង្ហា និងឆ្លាតវៃរបស់អង់គ្លេស។
ការប្រកាសនេះក៏ទទួលបានការសាទរយ៉ាងខ្លាំងផងដែរពីសំណាក់តារាសម្តែងជើងចាស់ Ralph Fiennes (អ្នកដែលធ្លាប់សម្តែងជាប្រធាន M ក្នុងចក្រវាឡភាពយន្ត 007) ដោយលោកបានលើកឡើងក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខថា Robert Pattinson មានរូបរាងមុខមាត់ និងស្ទីលប្លែកពី Daniel Craig ដែលជាការផ្លាស់ប្តូរទស្សនវិស័យដ៏ល្អបំផុតសម្រាប់ភាពយន្តជំនាន់ក្រោយ។
ការជ្រើសរើស Robert Pattinson បង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ផលិតកររឿង Bond គឺចង់បានស្ទីល ឬបែបបទថ្មីមួយមកដាក់បញ្ចូលក្នុងភាពយន្ត ថ្មីស្រឡាងមួយ ដែលមិនសូវផ្អែកទាំងស្រុងលើភាពរឹងមាំបែបបុរាណ ប៉ុន្តែផ្តោតលើភាពស៊ីជម្រៅ ភាពវៃឆ្លាត និងភាពទាក់ទាញបែបសម័យថ្មី។
មុនពេលធ្លាក់មកលើ Robert Pattinson ទីផ្សារហូលីវូដបានចោទសួរ និងប៉ាន់ស្មានលើតារាសម្តែងអង់គ្លេសជាច្រើនរូប ប៉ុន្តែភាពជោគជ័យក្នុងការធ្វើតេស្ត និងការបំពេញគ្រប់លក្ខខណ្ឌរបស់ Pattinson បានធ្វើឱ្យរូបគេក្លាយជាជម្រើសដ៏ល្អឥតខ្ចោះក្នុងការបើកទំព័រប្រវត្តិសាស្ត្រថ្មីឱ្យខ្សែភាពយន្ត 007 នេះ។
គួរបញ្ជាក់ផងដែរថា Robert Pattinson ចាប់ផ្ដើមល្បីឈ្មោះនៅក្នុងពីភាពយន្តយុវវ័យ Twilight ដោយបានសម្ដែងជា Edward Cullen ដែលជាបិសាចជញ្ជក់ឈាមអាយុជាង ១០០ ឆ្នាំ និងមានស្នេហាជាមួយ Bella Swan (សម្តែងដោយ Kristen Stewart) ជាក្មេងស្រីក្រុងដែលបានផ្លាស់ទៅរស់នៅទីក្រុងតូចមួយ។ អ្នកទាំងពីរក៏បានស្រឡាញ់គ្នានៅក្រៅឆាកផងដែរ ប៉ុន្តែនៅពេលដែលវគ្គចុងក្រោយគឺ The Twilight Saga: Breaking Dawn – Part 2 កំពុងត្រៀមខ្លួនដាក់បញ្ចាំង ពិភពលោកក៏ត្រូវភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលសារព័ត៌មានល្បីៗបានបោះពុម្ពផ្សាយរូបភាពអាក្រក់ៗថា Kristen Stewart បាន «ផិតក្បត់» Robert Pattinson ទៅលួចមានទំនាក់ទំនងស្នេហាសម្ងាត់ជាមួយអ្នកដឹកនាំរឿងជនជាតិអង់គ្លេសម្នាក់ (Rupert Sanders) ដែលមានប្រពន្ធកូនរួចទៅហើយ ក្នុងពេលដែលនាងថតរឿង Snow White and the Huntsman ហើយក៏ធ្វើឱ្យ Robert Pattinson ស្ងាត់ និងមាត់មុខមួយរយៈធំ ទើបក្រោយមកលេចមុខវិញនៅក្នុងរឿង Batman ៕













