ក្រុមប្រឹក្សាសន្តិភាពរបស់លោក ត្រាំ បន្ទោសអ៊ីស្រាអែល និងក្រុមហាម៉ាស ចំពោះការបរាជ័យក្នុងការបញ្ចប់សង្គ្រាមនៅហ្គាហ្សា
18-11-2026 19:23
(ហ្ស៊េរុយសាឡិម)៖ ស្ថាប័នត្រួតពិនិត្យផែនការរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សា បានចោទប្រកាន់ទាំងអ៊ីស្រាអែល និងក្រុមហាម៉ាស ថាបានបរាជ័យក្នុងការបំពេញតាមការប្ដេជ្ញាចិត្តបញ្ចប់អរិភាព ដែលធ្វើឱ្យប្រជាជននៅហ្គាហ្សាធ្លាក់ក្នុងស្ថានភាពដុនដាប និងបណ្ដាលឱ្យបទឈប់បាញ់ប្រឈមនឹងការដួលរលំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
របាយការណ៍កម្រាស់ ១២ ទំព័ររបស់ក្រុមប្រឹក្សាសន្តិភាព (Board of Peace) ដែលបង្កើត និងដឹកនាំដោយលោក ត្រាំ ព្រមទាំងត្រៀមបង្ហាញជូនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កនាចុងខែវិច្ឆិកានេះ បានព្រមានថា «បទឈប់បាញ់ដែលមិនផ្ដល់លទ្ធផលជាក់ស្ដែង មិនអាចស្ថិតស្ថេរបានដោយគ្មានទីបញ្ចប់ឡើយ»។
របាយការណ៍ដដែលបានរិះគន់រដ្ឋាភិបាលអ៊ីស្រាអែលចំពោះ «ការខ្វះការសម្រេចចិត្ត» លើការរៀបចំបណ្ដុះបណ្ដាល និងដាក់ពង្រាយកម្លាំងប៉ូលិសស៊ីវិលប៉ាឡេស្ទីន ដើម្បីជំនួសក្រុមហាម៉ាស ព្រមទាំងការរឹតត្បិតលើសម្ភារៈផ្គត់ផ្គង់ ដែលរារាំងពលរដ្ឋហ្គាហ្សាជាង ២ លាននាក់ពីការទប់ទល់នឹងគ្រោះទឹកជំនន់នារដូវរងា។ ទន្ទឹមនឹងនេះ ក្រុមហាម៉ាសដែលបានយល់ព្រមកាលពីខែកក្កដាលើផែនទីបង្ហាញផ្លូវរំសាយអាវុធ រងការរិះគន់ថានៅតែបន្តវាយប្រហារលើកងទ័ពអ៊ីស្រាអែល និងប្រមូលពន្ធលើទំនិញចូលហ្គាហ្សា ខណៈអ៊ីស្រាអែលបានបដិសេធផែនទីបង្ហាញផ្លូវនោះ និងបន្តការវាយប្រហារស្ទើររៀងរាល់ថ្ងៃ។ នៅថ្ងៃពុធនេះដែរ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក អ៊ីស្រាអែល កាត់ស៍ (Israel Katz) បានអះអាងថា អ៊ីស្រាអែលនឹងមិនដកទ័ពចេញពីហ្គាហ្សាឡើយ លុះត្រាតែក្រុមហាម៉ាសរំសាយអស់ និងតំបន់ហ្គាហ្សាគ្មានកម្លាំងយោធា។
គួរបញ្ជាក់ថា នេះជារបាយការណ៍លើកទី ២ របស់ក្រុមប្រឹក្សាសន្តិភាពជូនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាប់តាំងពីបទឈប់បាញ់ដែលសម្របសម្រួលដោយអាមេរិកចូលជាធរមានកាលពី ១៣ ខែមុន ក្នុងខែតុលា ឆ្នាំ២០២៥។ ចាប់តាំងពីសង្គ្រាមផ្ទុះឡើងក្រោយការវាយប្រហាររបស់ក្រុមហាម៉ាសក្នុងខែតុលា ឆ្នាំ២០២៣ ដែលសម្លាប់មនុស្សប្រមាណ ១ ២០០ នាក់នៅអ៊ីស្រាអែល ការវាយលុករបស់អ៊ីស្រាអែលលើហ្គាហ្សាបានសម្លាប់ជនជាតិប៉ាឡេស្ទីនអស់ ៧៤ ០០០ នាក់ រួមទាំងជនជាតិប៉ាឡេស្ទីនជាង ១ ៦០០ នាក់ និងទាហានអ៊ីស្រាអែល ៥ នាក់ទៀតដែលស្លាប់ក្រោយមានបទឈប់បាញ់៕





