លោក ស៊ី និងលោក ពូទីន រិះគន់គោលនយោបាយគាំពារនិយម និងទណ្ឌកម្មលោកខាងលិច ខណៈលោក ត្រាំ ធ្វើដំណើរដល់ប្រទេសចិន
18-11-2026 23:02
(សិនជិន)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្ដេជ្ញាប្រឆាំងនឹងគោលនយោបាយគាំពារនិយមពាណិជ្ជកម្ម ខណៈប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានរិះគន់ទណ្ឌកម្មរបស់លោកខាងលិច ក្នុងសុន្ទរកថានៅកិច្ចប្រជុំកំពូល APEC នាទីក្រុងសិនជិន ប្រទេសចិន នៅថ្ងៃពុធនេះ ប៉ុន្មានម៉ោងមុនពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្វើដំណើរមកដល់ ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំត្រីភាគីដ៏សំខាន់រវាងមេដឹកនាំទាំង ៣។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ថ្លែងទៅកាន់ក្រុមអ្នកធុរកិច្ច លោក ស៊ី បានអំពាវនាវឱ្យគាំទ្រ «ពាណិជ្ជកម្មសេរី និងបើកចំហ» ដោយសង្កត់ធ្ងន់ថា «យើងត្រូវប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវប្រព័ន្ធពាណិជ្ជកម្មពហុភាគីផ្អែកលើច្បាប់ ដែលមានអង្គការពាណិជ្ជកម្មពិភពលោកជាស្នូល» ព្រមទាំងប្ដេជ្ញាបញ្ចុះពន្ធ និងបើកចំហទីផ្សារបន្ថែមទៀត បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនទើបប្រកាសរឹតត្បិតការនាំចេញបន្ទះឈីប AI កម្រិតខ្ពស់ទៅកាន់ប្រទេសចិន។ ដោយឡែក លោក ពូទីន ដែលថ្លែងបន្ទាប់ពីអ៊ុយក្រែនវាយប្រហារធ្វើឱ្យខូចខាតស្ពានថ្នល់ Kerch ដ៏សំខាន់តភ្ជាប់ឧបទ្វីបគ្រីមៀទៅនឹងរុស្ស៊ី បានហៅមហាអំណាចលោកខាងលិចថាជា «អតីតអ្នកត្រួតត្រា» និងអះអាងថា «ទោះបីជាទណ្ឌកម្ម ពន្ធគយ និងការរឹតត្បិតការនាំចេញអាចមានឥទ្ធិពលរារាំងខ្លះក្ដី ប៉ុន្តែវាមិនអាចបញ្ឈប់កំណើន ឬកម្ទេចសេដ្ឋកិច្ចរបស់គូប្រជែងបានឡើយ»។ ក្នុងជំនួបទ្វេភាគីក្រោយមក មេដឹកនាំចិន និងរុស្ស៊ីបានកោតសរសើរភាពជាដៃគូដ៏រឹងមាំ និងប្ដេជ្ញាជំរុញ «ពិភពលោកពហុប៉ូល» ខណៈលោក ពូទីន បានបង្ហាញក្ដីរំពឹងលើអត្ថប្រយោជន៍ធំធេងពីកិច្ចប្រជុំត្រីភាគីជាមួយលោក ត្រាំ និងលោក ស៊ី។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលត្រីភាគីនៅថ្ងៃព្រហស្បតិ៍នេះ រំពឹងថានឹងពិភាក្សាអំពីសង្គ្រាមនៅអ៊ុយក្រែន សង្គ្រាមអាមេរិកនៅអ៊ីរ៉ង់ ពាណិជ្ជកម្ម បញ្ញាសិប្បនិម្មិត (AI) និងអាវុធនុយក្លេអ៊ែរ ខណៈមេដឹកនាំប្រទេសសេដ្ឋកិច្ចតូចៗនៅអឺរ៉ុប និងអាស៊ីបារម្ភថា មហាអំណាចទាំង ៣ អាចនឹងបែងចែកដែនឥទ្ធិពលដូចសន្និសីទ Yalta ឆ្នាំ១៩៤៥ ដោយមិនគិតគូរពីផលប្រយោជន៍របស់ពួកគេ។ ទោះជាយ៉ាងណា វិមានក្រឹមឡាំងបានច្រានចោលការប្រៀបធៀបនេះ ហើយអ្នកវិភាគរំពឹងថាទំនាក់ទំនងអាមេរិក-ចិននឹងរក្សាបានលំនឹង ដោយលោក ត្រាំ និងលោក ស៊ី គ្រោងជួបគ្នាជាលើកទី ៤ ប្រចាំឆ្នាំនេះនៅក្នុងកិច្ចប្រជុំ G20 នាទីក្រុងម៉ៃអាមី ក្នុងខែធ្នូខាងមុខ៕






