ថ្លែងចេញពីប្រទេសចិន លោកស្រី Takaichi ប្រកាសថា ជំហររបស់ជប៉ុនចំពោះបញ្ហាកោះតៃវ៉ាន់ មិនមានការផ្លាស់ប្ដូរឡើយ
19-11-2026 16:45
(សិនជិន)៖ ថ្លែងចេញពីភាគខាងត្បូងប្រទេសចិន នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi នាថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ បានប្រកាសថា ជំហររបស់ប្រទេសជប៉ុនចំពោះបញ្ហាកោះតៃវ៉ាន់ មិនមានការផ្លាស់ប្ដូរឡើយ ចាប់តាំងតែពីឆ្នាំ១៩៧២ មក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ការលើកឡើងរបស់លោកស្រី Takaichi នៅក្រៅកិច្ចប្រជុំកំពូលនៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ក្នុងទីក្រុង Shenzhen គឺស្របពេលដែលទំនាក់ទំនងរវាងចិននិងជប៉ុន កំពុងនៅតែស្ថិតក្នុងភាពតានតឹងខ្លាំង ចាប់តាំងពីលោកស្រី បានការធ្វើអត្ថាធិប្បាយពាក់ព័ន្ធនឹងកោះតៃវ៉ាន់ កាលពីខែវិច្ឆិកា ឆ្នាំ២០២៥។ កាលពីពេលនោះ លោកស្រី បាននិយាយថា ការវាយប្រហារណាមួយពីសំណាក់ចិនលើកោះតៃវ៉ាន់ អាចបង្កឱ្យទីក្រុងតូក្យូ ឆ្លើយតបតាមផ្លូវយោធា។
ដោយឡែក នាថ្ងៃព្រហស្បតិ៍នេះ លោកស្រី Takaichi បានថ្លែងថា ជំហររបស់ជប៉ុនចំពោះកោះតៃវ៉ាន់ ដូចដែលបានចែងក្នុងសេចក្ដីប្រកាសរួមចិន-ជប៉ុន ឆ្នាំ១៩៧២ ដែលបានបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ គឺមិនមានការផ្លាស់ប្ដូរឡើយ។ ក្រោមសេចក្ដីប្រកាសរួមឆ្នាំ១៩៧២ ជប៉ុនបានបញ្ជាក់ថា ខ្លួន «យល់ច្បាស់និងគោរពយ៉ាងពេញលេញ» ចំពោះគោលជំហររបស់ទីក្រុងប៉េកាំង ដែលថាកោះតៃវ៉ាន់ជាផ្នែកមួយរបស់ចិន។ លោកស្រី Takaichi បានគូសបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានដូច្នេះថា «ជំហរនេះពិតជាមិនមានការផ្លាស់ប្ដូរអ្វីទាំងអស់»។
កន្លងមក ចិនបានទាមទារឱ្យលោកស្រី ដកពាក្យសម្ដីដែលខ្លួនចាត់ទុកថា «មិនអាចទទួលយកបានយ៉ាងខ្លាំង» កាលពីឆ្នាំមុន ដោយព្រមានថា បើមិនដូច្នោះទេ ជប៉ុនត្រូវតែទទួលខុសត្រូវ ចំពោះផលវិបាកទាំងអស់ ដែលបណ្ដាលមកពីការលើកឡើងនោះ។ ចិនក៏បានរឹតត្បិតលើការនាំចេញរ៉ែសំខាន់ៗ ហាមឃាត់ការនាំចូលគ្រឿងសមុទ្ររបស់ជប៉ុន និងអំពាវនាវឱ្យពលរដ្ឋរបស់ខ្លួន ចៀសវាងការធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ផងដែរ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ បណ្តាមេដឹកនាំជប៉ុន តែងតែបានចៀសវាងការលើកឡើងពីបញ្ហាកោះតៃវ៉ាន់ជាសាធារណៈ នៅពេលពិភាក្សាអំពីសេណារីយ៉ូបែបនោះ ដើម្បីរក្សាជំហរយុទ្ធសាស្រ្តនៃការមិនបញ្ជាក់ឱ្យច្បាស់លាស់។ ខុសពីមេដឹកនាំដទៃទៀត រួមទាំងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ផងដែរ លោកស្រី Takaichi មិនបានជួបពិភាក្សាទ្វេភាគី ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅក្រៅកិច្ចប្រជុំកំពូល APEC នោះទេ។
យ៉ាងណាមិញ លោកស្រីនាយករដ្ឋមន្រ្តីជប៉ុន បានប្រាប់ថា លោកស្រីបានអរគុណចំពោះលោក ស៊ី ដែលបានអញ្ជើញលោកស្រី អំឡុងពេលជួបរាក់ទាក់គ្នា ដោយលោកស្រីបានគូសបញ្ជាក់ថា ចិនគឺជា «ប្រទេសជិតខាងដ៏សំខាន់» ដែលជប៉ុនត្រូវរក្សាការចូលរួម និងការធ្វើប្រាស្រ័យទាក់ទងជាមួយ។ ជាចុងក្រោយ ឡោកស្រី Takaichi បានសង្កត់ធ្ងន់ថា លោកស្រីមានចង់កសាងទំនាក់ទំនងមួយ ដែលមានលក្ខណៈស្ថាបនានិងមានស្ថិរភាពជាមួយចិន៕







