គណបក្សលោក ណេតាន់យ៉ាហ៊ូ និងលោក អៃហ្សិនកូត បន្តកិច្ចចរចាបង្កើតរដ្ឋាភិបាលអ៊ីស្រាអែល
22-11-2026 22:00
(ហ៊ែរហ្ស្លីយ៉ា)៖ គណបក្សរបស់នាយករដ្ឋមន្ត្រីចាំផ្ទះអ៊ីស្រាអែល លោក ប៊ែនចាមីន ណេតាន់យ៉ាហ៊ូ និងគណបក្សរបស់គូប្រជែង លោក ហ្គាឌី អៃហ្សិនកូត (Gadi Eisenkot) បានបើកកិច្ចចរចាជុំថ្មីនៅថ្ងៃអាទិត្យ នៅទីក្រុងហ៊ែរហ្ស្លីយ៉ា ក្បែរទីក្រុងតែលអាវីវ ដើម្បីស្វែងរកការបង្កើតរដ្ឋាភិបាលចម្រុះ ខណៈបក្សលោក ណេតាន់យ៉ាហ៊ូ ទទូចរក្សាគោលនយោបាយស្នូលរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦។
គណបក្សយ៉ាសា (Yashar) របស់លោក អៃហ្សិនកូត បានបង្ហាញការប្តេជ្ញាបង្កើតរដ្ឋាភិបាលដ៏ទូលំទូលាយបំផុតតាមដែលអាចធ្វើបាន ប៉ុន្តែលោក អៃហ្សិនកូត និងសម្ព័ន្ធមិត្តគឺអតីតនាយករដ្ឋមន្ត្រី លោក ណាហ្វតាលី បេនណេត (Naftali Bennett) នៅតែបដិសេធមិនចូលរួមក្នុងគណៈរដ្ឋមន្ត្រីដែលដឹកនាំដោយលោក ណេតាន់យ៉ាហ៊ូ ឡើយ។ ចំណែកគណបក្សលីគូដ (Likud) របស់លោក ណេតាន់យ៉ាហ៊ូ ដែលចង់បានរដ្ឋាភិបាលឯកភាពជាតិដោយអាចផ្លាស់ប្តូរវេននាយករដ្ឋមន្ត្រីគ្នាបាននោះ ក៏បានដាក់លក្ខខណ្ឌឱ្យបញ្ឈប់ការវាយប្រហារផ្ទាល់ខ្លួនលើលោក ណេតាន់យ៉ាហ៊ូ និងមិនរាប់បញ្ចូលគណបក្សអារ៉ាប់ក្នុងរដ្ឋាភិបាលដែរ។ លើសពីនេះ បក្សលីគូដ ទាមទារឱ្យមានការឯកភាពលើគោលនយោបាយសំខាន់ៗ រួមមាន ការបដិសេធរដ្ឋប៉ាឡេស្ទីន ការរក្សាវត្តមានសន្តិសុខអ៊ីស្រាអែលនៅស៊ីរី លីបង់ និងតំបន់ហ្គាហ្សា ព្រមទាំងការសម្របសម្រួលលើការកេណ្ឌជនជាតិជ្វីហ្វជ្រុលនិយម (ultra-Orthodox) ចូលបម្រើកងទ័ព។
គួរបញ្ជាក់ថា លោក អៃហ្សិនកូត ដែលជាអតីតនាយសេនាធិការកងទ័ព មានពេលរហូតដល់ថ្ងៃទី៦ ខែធ្នូ និងអាចពន្យារពេលបាន ១៤ថ្ងៃទៀត ដើម្បីបង្កើតរដ្ឋាភិបាលថ្មី បន្ទាប់ពីការបោះឆ្នោតកាលពីខែតុលាមិនមានភាគីណាទទួលបានសំឡេងភាគច្រើនដាច់ខាត ៦១អាសនៈក្នុងសភា។ បច្ចុប្បន្ន ប្លុករបស់លោក អៃហ្សិនកូត មានសំឡេង ៤៨អាសនៈ ហើយលោកបានព្រមានកាលពីថ្ងៃសុក្រថា អាចនឹងដាក់ស្នើបង្កើត «រដ្ឋាភិបាលគ្រាអាសន្នជាតិ» ដែលជារដ្ឋាភិបាលសំឡេងភាគតិចដោយមានការគាំទ្រពីគណបក្សអារ៉ាប់ទាំង ១៩អាសនៈ ប្រសិនបើកិច្ចចរចាអូសបន្លាយ។ ទោះជាយ៉ាងណា សម្ព័ន្ធមិត្តស្តាំនិយមរបស់លោកគឺលោក អាវីកដ័រ លីបឺម៉ាន់ (Avigdor Liberman) ជំទាស់នឹងការពឹងផ្អែកលើគណបក្សអារ៉ាប់ ដោយចង់ចាប់ដៃគូជាមួយគណបក្សសាសនាជ្វីហ្វជ្រុលនិយមជំនួសវិញ៕




