លោក គីម ជុងអ៊ុន៖ កូរ៉េខាងជើងចង់បានសន្តិសុខ មិនមែនអនុត្តរភាពនោះទេ (Video inside)
23-11-2026 09:23
(វ៉ាស៊ីនតោន)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថាកូរ៉េខាងជើងចង់សម្រេចឱ្យបាននូវអំណាច និងសមត្ថភាពដើម្បីអាចការពារសន្តិសុខ និងសន្តិភាពតែប៉ុណ្ណោះ មិនមែនចង់បានអនុរត្តភាព ឬអំណាចខ្លាំងក្លាលើសគេនោះទេ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ការអត្ថាធិប្បាយរបស់លោក គីម ជុងអ៊ុន ត្រូវបានដកស្រង់ចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ និងធ្វើឡើងនៅឯពិធីទទួលសារតាំងពីឯកអគ្គរដ្ឋទូតថ្មីរបស់បណ្ដាប្រទេសមួយចំនួនក្នុងនោះរួមមានទាំងឯកអគ្គរដ្ឋទូតរុស្ស៉ី ហើយនេះជារឿងដ៏កម្រមួយដែលមេដឹកនាំកូរ៉េខាងជើងចូលរួមដោយផ្ទាល់ក្នុងពិធីបែបនេះ ដែលកន្លងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងម្នាក់តែប៉ុណ្ណោះ។
ពិធីនេះដែរកើតមានឡើងក្រោយការប្រងើយកន្ដើយរបស់លោក គីម ជុងអ៊ុន ចំពោះសំណើជួបគ្នាសាជាថ្មីពីប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ កាលពីសប្ដាហ៍មុនអំឡុងដំណើរទស្សនកិច្ចរបស់លោក ត្រាំ ទៅកាន់ប្រទេសចិនដើម្បីចូលរួមកិច្ចប្រជុំកំពូល APEC។ លោក ត្រាំ បានចាកចេញពីអាស៊ីកាលពីល្ងាចថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ក្រោយចូលរួមកិច្ចប្រជុំត្រីភាគីដ៏កម្រជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៉ី លោក វ៉ា្លឌីមៀ ពូទីន ដោយមិនមានវត្តមានលោក គីម បើទោះជាលោក ត្រាំលើកឡើងម្ដងហើយម្ដងទៀតពីលទ្ធភាពនៃជំនួបជាមួយមេដឹកនាំកូរ៉េខាងជើងក៏ដោយ។
តាម KCNA នៅឯពិធីទទួលសារតាំងនោះ លោក គីម បានកត់សម្គាល់ថាពិភពលោកសព្វថ្ងៃកំពុងពើបប្រទះនឹងអស្ថិរភាពសន្តិសុខ វិបត្តិនយោបាយ និងភាពចលាចលសេដ្ឋកិច្ចកំពុងកើតមាននៅជុំវិញពិភពលោក។ លោក គីម បានបន្ថែមទៀតថាគោលដៅការទូតរបស់ទីក្រុងព្យុងយ៉ាង នោះគឺការពង្រីក និងអភិវឌ្ឍទំនាក់ទំនងការបរទេសឈរលើគោលការណ៍ឯករាជ្យភាព សន្តិភាព មិត្តភាព និងគោលការណ៍ការពារអធិបតេយ្យ រួមទាំងសន្តិសុខជាតិ។ ពោលគឺកូរ៉េខាងជើងមិនមែនកំពុងព្យាយាមពង្រីកឥទ្ធិពលដើម្បីក្លាយជាកំពូលមហាអំណាចនោះទេ។
គួរបញ្ជាក់ថា បើទោះជាជាប់ទណ្ឌកម្ម UN ជាច្រើនឆ្នាំមកហើយក៏ដោយ ក៏កូរ៉េខាងជើងនៅតែអាចបន្តអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទីគ ជាមួយការបញ្ចូលឋានៈជា រដ្ឋប្រដាប់ដោយយអាវុធនុយក្លេអ៊ែរទៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន ហើយប្រកាសជាសាធារណៈថាឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនមិនមានអ្វីអាចមកកែប្រែបាននោះឡើយ៕




