កូរ៉េខាងជើងគំរាមបិទការិយាល័យការទូតរបស់ស្វ៉ីស ក្រោយសម្ពោធមិនទាន់បានមួយខែផង (Video inside)
24-11-2026 10:17
(សេអ៊ូល)៖ ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺលោកស្រី គីម យ៉ូជុង នៅថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បានគំរាម បិទការិយាល័យការទូតរបស់ស្វ៉ីស តែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះបន្ទាប់ពីការិយាល័យនេះបើកសម្ពោធ ជាការសងសឹកទៅនឹងទណ្ឌកម្មថ្មីប្រកាសដោយប្រទេសអឺរ៉ុបមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA លោកស្រី គីម យ៉ូងជុងបានថ្កោលទោសការដាក់ទណ្ឌកម្មថ្មីមួយរបស់ស្វ៉ីសលើជំរំមួយក្នុងទីក្រុង Wonsan របស់កូរ៉េខាងជើង ដែលមានការចូលរួមពីកុមារមកពីប្រទេសចិន និងរុស្ស៉ី។ ជំរំ Songdowon International Children បានរងការចោទប្រកាន់ថាជាកន្លែងបញ្ចូលមនោគមន៍វិជ្ជា ឬលាងខួរក្បាលកុមារអ៊ុយក្រែនមកពីតំបន់របស់អ៊ុយក្រែនកំពុងស្ថិតនៅក្រោមការគ្រប់គ្រងដោយកងទ័ពរុស្ស៉ី។
ស្វ៉ីសជាប្រទេសមួយក្នុងចំណោមប្រទេសលោកខាងលិចមួយចំនួនតូច ដែលនៅតែបន្តរក្សាកិច្ចសន្ទនាជាមួយទីក្រុងព្យុងយ៉ាង ហើយការគំរាមរបស់លោកស្រី គីមផងដែរធ្វើឡើងប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសស្វ៉ីសបានបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង ជាទីដែលរូបលោកបានពិភាក្សាពីការធ្វើប្រក្រតីកម្មទំនាក់ទំនង។ «ជាទស្សនៈរបស់ខ្ញុំ ការិយាល័យការទូតស្វ៉ីសបានបាត់បង់ភាពស្របច្បាប់ដោយស្វ័យប្រវត្តិទៅហើយសម្រាប់អត្ថិភាពរបស់ខ្លួន។ ខ្ញុំនឹងផ្ដល់យោបល់ឱ្យក្រសួងការបរទេសរបស់យើងធ្វើការត្រួតពិនិត្យយ៉ាងហ្មត់ចត់លើបញ្ហា បិទការិយាល័យការទូតស្វ៉ីសក្នុងទីក្រុងព្យុងយ៉ាង នៅប៉ុន្មានថ្ងៃខាងមុខ ជាមួយការចាត់វិធានការពាក់ព័ន្ធ»។ នេះការព្រមានរបស់លោកស្រី គីម យ៉ូជុង។
គួរបញ្ជាក់ថា ការិយាល័យការទូតស្វ៉ីសបានបើកសម្ពោធជាផ្លូវការកាលពីចុងខែតុលាកន្លងទៅ អំឡុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសស្វ៉ីស លោក Ignazio Cassis ដែលជាដំណើរទស្សនកិច្ចលើកដំបូងបំផុតរបស់ប្រមុខការទូតស្វ៉ីសម្នាក់ទៅកាន់កូរ៉េខាងជើង ចាប់តាំងពីឆ្នាំ២០០៣មក។ ស្វ៉ីសដែលធ្លាប់ជាកន្លែងលោក គីម ជុងអ៊ុន និងលោកស្រី គីម យ៉ូជុងបន្តការសិក្សានៅបរទេស កាលពីថ្ងៃទី៤ ខែវិច្ឆិកានេះ បានប្រកាសដាក់ទណ្ឌកម្មលើជំរំ Songdowon International Children ដោយចោទថាជំរំនេះបានចូលរួមក្នុងការផ្ទេរកុមារអ៊ុយក្រែនពីតំបន់អ៊ុយក្រែនគ្រប់គ្រងដោយរុស្ស៉ីទៅកាន់កូរ៉េខាងជើង ដើម្បីបំពាក់បំប៉នមនោគមន៍វិជ្ជា និងធ្វើឱ្យកុមារឱ្យអ៊ុយក្រែនទាំងនោះក្លាយជាជនជាតិរុស្ស៉ី៕




