* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អាជីវកម្មរ៉ែមាសក្នុងស្រុកកែវសីមា កំពុងធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យ​ផ្ទុយពីច្បាប់​របស់ក្រសួង

24-10-2016 13:58

(មណ្ឌលគិរី)៖ អាជីវកម្មរ៉ែមាស ដែលមានម្ចាស់ភាគច្រើនជាជនជាតិវៀតណាម និងចិននោះ កំពុងធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេង និងអនាធិបតេយ្យក្នុងសហគមន៍មួយនៅចំណុចពូទុងអូរក្ល ក្នុងឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ អាជីវកម្មរ៉ែមាស ដែលប្រើប្រាស់ឧបករណ៍បច្ចេកវិជ្ជាទំនើបៗនេះ ត្រូវបានប្រជាពលរដ្ឋក្នុងសហគមន៍អះអាងថា ធ្វើផ្ទុយទាំងស្រុងពីច្បាប់អនុញ្ញាតរបស់ក្រសួង។

ប្រជាពលរដ្ឋក្នុងសហគមន៍ បានឲ្យដឹងថា ការជីករណ្តៅរ៉ែមាសជាច្រើនរណ្តៅនៅទីនោះ ម្ចាស់រណ្តៅរ៉ែទាំងអស់យកម៉ាស៊ីនខ្នាតយក្សធំៗមកប្រើប្រាស់ ហើយគ្រប់រណ្តៅគេបាន​ដាក់រំសេវគ្រឿងបំផ្ទុះ​ដោយសេរី។ រណ្តៅនីមួយៗមានជម្រៅរាប់រយម៉ែត្រទៅក្រោម មានជនជាតិបរទេសដូចជា វៀតណាម និងចិន ជាម្ចាស់។

អ្វីដែលគេកត់សម្គាល់ ការធ្វើអាជីវកម្មរ៉ែមាសនៅតំបន់នោះ មានការឃុបឃិតគ្នាជាប្រព័ន្ធពីអាជ្ញាធរក្នុងមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធរួមនិងមន្រ្តីមន្ទីររ៉ែ និងថាមពលខេត្តផងដែរ ដើម្បីជួយសម្រួល​ឲ្យក្រុម​ម្ចាស់អាជីវកម្មធ្វើសកម្មភាពដោយរលូន បើទោះបីពួកគេធ្វើផ្ទុយពីច្បាប់យ៉ាងណាក្តី។

តាមច្បាប់ និងអាជ្ញាប័ណ្ណអនុញ្ញាត្តរបស់ក្រសួងរ៉ែ និងថាមពល តម្រូវឲ្យសហគមន៍ខួង ឬជីករណ្តៅរ៉ែមាសពីផ្ទៃដីរាបជម្រៅ ២០ម៉ែត្រប៉ុណ្ណោះ ហើយតម្រូវឲ្យជនជាតិខ្មែរជាអ្នកធ្វើអាជីវកម្ម ការប្រើប្រាស់​សម្ភារៈ ឬឧបករណ៍ និងរំសេវគ្រឿងបំផ្ទុះ តម្រូវឲ្យមានការត្រួតពិនិត្យយ៉ាងល្អិតល្អន់ពីមន្រ្តីសមត្ថកិច្ច និងមន្រ្តីជំនាញមុនធ្វើការប្រើប្រាស់។

តែអាជីវកម្មនោះកំពុងធ្វើផ្ទុយទាំងស្រុងពីច្បាប់អនុញ្ញាតរបស់ក្រសួង រីឯការចុះស្រាវជ្រាវ និងពិនិត្យអាជីវកម្មរ៉ែមាសនៅទីតាំងនោះ របស់មន្ទីរជំនាញវិញ ត្រូវបង្ខំបិទភ្នែកធ្វើមិនដឹងមិន​ឮក្រោម​ទម្ងន់សំណូក​ទឹកប្រាក់របស់ម្ចាស់អាជីវកម្ម។ ពេលបែកធ្លាយរឿងរ៉ាវដ៏រស៊ើបបែបនេះ ក្រសួងរ៉ែ និងថាមពល បានចាត់ឲ្យមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី ចុះពិនិត្យនិងបិទជាបន្ទាន់ ប៉ុន្តែលទ្ធផល​មហាជនកំពុងទន្ទឹងរង់ចាំមើលករណីនេះយ៉ាងអន្ទះសារព្រោះពួកគេមិនសូវមានទំនុកចិត្តលើមន្រ្តីមន្ទីររ៉ែ និងថាមពលនោះឡើយ។

លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦នេះ បានថ្លែងប្រាប់ Fresh News ថា លោកបាន ដាក់បទបញ្ជាឲ្យមន្រ្តីសាលាខេត្ត មន្ទីររ៉ែ ថាមពលខេត្ត និងសមត្ថកិច្ចដែលជាគណៈកម្មការចម្រុះដឹកនាំកម្លាំងចុះទៅពិនិត្យនៅទីតាំងអាជីវកម្មរ៉ែមាសនៅទីនោះ។

លោកបានបញ្ជាក់ផងដែរថា លោកបានបញ្ជាឲ្យបិទ និងបញ្ឈប់សកម្មភាពអាជីវកម្មរ៉ែមាសរបស់សហគមន៍ ដែលអនុវត្តផ្ទុយពីគោលការច្បាប់ឲ្យខាងតែបាន ហើយខេត្តរង់ចាំទទួលស្វាគមន៍​ជានិច្ចរាល់​ក្រុម​ហ៊ុនវិនិយោគណា ដែលចូលមកធ្វើការវិនិយោគអភិវឌ្ឍន៍ពិតប្រាកដស្របតាមគោលការណ៍អនុញ្ញាត្តរបស់ក្រសួង ប្រយោជន៍នាំចំណូលពន្ធចូលរដ្ឋ និងប្រជាពលរដ្ឋក្នុងស្រុកមាន​ការងារធ្វើកាត់បន្ថយការ​ធ្វើចំណាកស្រុក។

ពាក់ព័ន្ធករណីនេះលោក សាន់ ដារឹទ្ធ ប្រធានមន្ទីររ៉ែនិងថាមពលខេត្តនៅថ្ងៃនេះ មិនអាចសុំការទាក់ទងពន្យល់ពីលោកបានទេ៕