* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

គ.ជ.ប៖ តាមការប៉ាន់ស្មាន នៅឆ្នាំ២០២៦ ពលរដ្ឋមានអាយុ ១៨ឆ្នាំឡើង គិតដល់ថ្ងៃបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោតមានប្រមាណ១លាននាក់ (Video inside)

17-07-2025 16:32

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តាមរយៈសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៦ ខាងមុខ តាមការប៉ាន់ស្មានអ្នកដែលមានអាយុ ១៨ឆ្នាំឡើង គិតដល់ថ្ងៃបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោតមានប្រមាណជាង ១,០០០,០០០នាក់ និងអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតរួចហើយ ប៉ុន្តែ មិនទាន់ធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោតមានចំនួនប្រមាណ ៤,៥០០,០០០នាក់។

គ.ជ.ប បានបន្ថែមថា ដូចនេះរយៈពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតត្រូវការរយៈពេល ៧០ថ្ងៃ ដោយមិនទាន់រួមបញ្ចូលពេលវេលានៃការដោះស្រាយពាក្យបណ្តឹងពាក់ព័ន្ធនឹងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតទេ។

ក្រោយពីបានស្តាប់របាយការណ៍របស់អង្គភាពជំនាញ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប រួចមក អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាតាមរបៀបវារៈនីមួយៗ ហើយអង្គប្រជុំ គ.ជ.ប ឯកភាពលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពី ការផ្តល់សុពលភាព និងដាក់ឱ្យប្រើប្រាស់បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៥។ ផ្អែកតាមខ្លឹមសារនៃសេចក្តីព្រាងសេចក្តីសម្រេចនោះ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៥ សរុបចំនួន ១០.១៦២.២៣២ នាក់ ស្មើនឹង ៩០,៥០% ធៀបនឹងស្ថិតិប៉ាន់ស្មានប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើង ក្នុងនោះស្រីសរុបចំនួន ៥.៣៩៣.៣០៩ នាក់ និងការិយាល័យបោះឆ្នោតសរុបចំនួន ២៤.២៣៥ ការិយាល័យ។ បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៥ នឹងត្រូវធ្វើការផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។

លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានធ្វើសេចក្តីរាយការណ៍ អំពីគម្រោងផែនការដែលត្រូវធ្វើការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ ជូនអង្គប្រជុំ គ.ជ.ប ថា នៅឆ្នាំ២០២៦ គ.ជ.ប នឹងត្រូវធ្វើការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត មានរយៈពេលវែងជាងឆ្នាំដែលមិនមានការបោះឆ្នោត ពីព្រោះបញ្ជីបោះឆ្នោត ឆ្នាំ២០២៦ នឹងត្រូវប្រើប្រាស់សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦។

ក្រោយពីបានស្តាប់អំពីគម្រោងផែនការសកម្មភាពការងារដែលបានលើកឡើងដោយអគ្គលេខាធិការ គ.ជ.ប រួចមក អង្គប្រជុំ គ.ជ.ប ក៏បានសម្រេចឯកភាពលើរយៈពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅឆ្នាំខាងមុខ។

គួរឱ្យដឹងថា នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ លោក ប្រាជ្ញ ចន្ទ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកកិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើកំណត់ហេតុនៃកិច្ចប្រជុំរបស់ គ.ជ.ប និងសេចក្តីសម្រេចស្តីពី ការផ្តល់សុពលភាព និងដាក់ឱ្យប្រើប្រាស់បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៥។

លោក ប្រាជ្ញ ចន្ទ បានណែនាំដល់អង្គភាពជំនាញនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ព្រមទាំងជ្រួតជ្រាបដល់ប្រជាពលរដ្ឋទាំងនៅទីប្រជុំជន និងនៅជនបទអំពីការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រនៅឆ្នាំ២០២៦ ខាងមុខ៕