ក្រុមការងារ CPP ចុះជួយមូលដ្ឋានឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃចំនួន២វត្ត នៅឃុំហោងសំណំ
21-07-2025 16:39
(កំពង់ស្ពឺ)៖ លោកបណ្ឌិត កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានស្រុកឱរ៉ាល់ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានឃុំ ហោងសំណំ និងលោក វី ហៀង អនុប្រធានទី១ ចុះមូលដ្ឋានឃុំ ព្រមទាំងអនុប្រធាន សមាជិកក្រុមការងារ ក្រុមប្រឹក្សាឃុំ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ បាននាំយកនូវទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃចំនួន ២វត្ត រួមមាន វត្តសុច័ន្ទគីរី ហៅវត្តភ្នំចាស់ នៅភូមិមនោរម្យ និងវត្តមន្នីឧត្តម ហៅវត្តតាំងរបង នៅភូមិតាំងរបង ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ដោយក្នុងមួយវត្តប្រគេននូវថវិកាចំនួន ១.០០០.០០០រៀល ទៀនវស្សា១គូរ, អង្ករ១បេ (៥០គីឡូ), ស្លាដក់១, ទឹកផ្លែឈើ ២កេស, មី ២កេស, ទឹកបរិសុទ្ធ ២កេស, ប្រេងឆា ១ធុង(៥លីត្រ) , ទឹកត្រី ២យួរ, ទឹកស៊ីអ៉ីវ ២យួរ, អំបិល ១គីឡូ ,ស្ករស ១គីឡូ , ប៊ីចេង ១គីឡូ។
បុណ្យចូលព្រះវស្សា គឺជាបុណ្យក្នុងព្រះពុទ្ធសាសនា ដែលសាវ័កផ្នែកបព្វជិត តែងចូលវស្សាតាមពុទ្ធានុញ្ញាតអស់រយៈពេល៣ខែ (មួយត្រៃមាស) ក្នុងវស្សានរដូវ ដោយមិនដាច់វស្សា។ ចំណែកឯពុទ្ធបរិស័ទជាទាយកទាយិកា ឧបាសក ឧបាសិកា វិញក៏នាំគ្នាប្រារព្ធធ្វើបុណ្យចូលវស្សានោះដែរ ជាពិសេសគឺចាត់ចែងវស្សិកសាដក (សំពត់សម្រាប់ងូតទឹកភ្លៀង) ដែលនិយមហៅថា សំពត់សាដកចំណាំវស្សា ព្រមទាំងប្រេងកាត ទៀន ធូប និងភេសជ្ជៈមួយចំនួនទៀតតាមលទ្ធភាព។
ឆ្លៀតក្នុងឱកាសនោះដែរ ដោយទឹកចិត្តជ្រះថ្លាក្នុងព្រះពុទ្ធសាសនា លោកបណ្ឌិត កែរ រដ្ឋា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានស្រុកឱរ៉ាល់ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានឃុំ ហោងសំណំ បានជូនថវិកា លោកតាអាចារ្យ និងគណៈកម្មការវត្ត ១២នាក់ ម្នាក់ៗ ២០ ០០០រៀលលោកតា លោកយាយ បងប្អូនពុទ្ធបរិស័ទសរុបចំនួន ៩៦នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០ ០០០រៀល ។ ដោយឡែក ឯកឧត្ដម ផូង វណ្ណឬទ្ធិ អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំ តាសាល បានឧបត្ថម្ភកុមារា កុមារី ២៤នាក់ ម្នាក់ៗ ទទួលបានថវិកា ៥ ០០០រៀល។
បន្ទាប់មក លោកតា លោកយាយ ក៏បានជូនពរជ័យសេរីមង្គលដល់លោកបណ្ឌិត កែរ រដ្ឋា និងក្រុមការងារទាំងអស់ សូមអោយមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕











































