លោក អេង ចំរើន និងលោកស្រី នាំយកទៀនវស្សាទេយ្យទាន ទៅប្រគេនព្រះសង្ឃគង់នៅវត្តដូងប្រេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
21-07-2025 17:39
(ព្រះសីហនុ)៖ លោក អេង ចំរើន ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងលោកស្រី កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំសហការី និងក្រុមការងារ នាំយកទៀនវស្សា ព្រមទាំងទេយ្យទាន ប្រគេនព្រះសង្ឃគង់នៅវត្តមនោធម្មាភិរម្យ (ហៅវត្តដូងប្រេង) ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងឱកាសបុណ្យចូលព្រះវស្សា ដែលជាទំនៀមទម្លាប់ប្រពៃណីប្រជាជនខ្មែរ ដែលបដិបត្តិតាមគន្លងព្រះពុទ្ធសាសនា។
ពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទានសម្រាប់ព្រះសង្ឃចូល ព្រះវស្សានេះ ត្រូវបានលោក អេង ចំរើន និងលោកស្រី ដឹកនាំសហការី និងក្រុមការងារ តែងតែប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងបរិយាកាសប្រកប ដោយសេចក្តីសោមនស្សរីករាយ និងសទ្ធាជ្រះថ្លា ដែលជាការនឹករលឹកឃើញនូវព្រះសម្មាសម្ពុទ្ធ ជាការបូជាចំពោះគុណរបស់ព្រះពុទ្ធ ហើយក៏ដើម្បីបំពេញបុណ្យកុសល្យ និងឧទ្ទិកុសល្យផលបុណ្យដល់ញ្ញាតិកា និងបុព្វការីជន ហើយក៏ដើម្បីរួមចំណែក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនាអោយមានការរីកចំរើនទៅមុខផងដែរ។
ពិធីប្រគេទៀនព្រះវស្សា ជាពិធីមួយដែលជាប្រពៃណី និងជាទំនៀមទម្លាប់របស់ប្រជាពុទ្ធបរិស័ទខ្មែរ តែងតែប្រារព្ធធ្វើឡើងនៅមុនការចូលមកដល់នៃបុណ្យចូលព្រះវស្សា ដោយបុណ្យចូលព្រះវស្សា មានរយៈពេល ប្រមាណជា ៣ខែ ជាពេលវេលាមួយ ដែលព្រះសង្ឃពិបាកនិមន្តបិណ្ឌបាត្រ ព្រោះជារដូវភ្លៀង អាស្រ័យហេតុនេះហើយ ទើបថ្នាក់ដឹកនាំខេត្ត និងប្រជាពុទ្ធ បរិស័ទខ្មែរ តែងមានការរៀបចំពិធីប្រគេនទានព្រះវស្សាសម្រាប់អុជបំភ្លឺក្នុងទីអារាម ព្រមទាំងមានការប្រគេននូវទេយ្យទានផ្សេងៗ សម្រាប់ជាចង្ហាន់ព្រះសង្ឃក្នុងកំលុងរដូវវស្សា ដែលពិបាកក្នុងការនិមន្តបិណ្ឌបាត្រ ។
នៅព្រឹកដដែលនោះលោក អេង ចំរើន បានអញ្ជើញជួបសំណេះសំណាលពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ និងជាប្រធានគណៈកម្មាធិការសមាគមអតីត យុទ្ធជនកម្ពុជា ខេត្តព្រះសីហនុ ចុះពិនិត្យមើលផ្លូវស្ថិតនៅចំណុច (អូតាសេក) ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះលោក អេង ចំរើន បានពិនិត្យឃើញពីស្ថានភាពផ្លូវក្នុងតំបន់ផ្ទះអតីតយុទ្ធជនមានសភាពខូចខាតខ្លាំង ក៏បានសម្រេចរៀបចំជួសជុលកែលម្អស្ថានភាពផ្លូវ ដែលមានប្រវែងសរុប ៥៥០ម៉ែត្រ ដើម្បីជួយសម្រួលឲ្យការ ធ្វើដំណើរមានភាពល្អប្រសើរ និងប្រកបដោយសោភ័ណភាព៕





























