អ្នកជំនាញអារ្យធម៌ខ្មែរ៖ សង្រ្គាម៥ថ្ងៃ "ទង់ជាតិខ្មែរ" ឈរយ៉ាងរឹងមាំបក់រវិចៗនៅលើទឹកដីមាតុភូមិអង្គរដ៏ស្រស់បវរនៃយើង
30-07-2025 20:57
(ភ្នំពេញ)៖ លោក រ័ត្ន សណ្ដាប់ អ្នកជំនាញអារ្យធម៌ខ្មែរ និងជាអ្នកនិពន្ធសៀវភៅស្ដីពី "ប្រវត្ដិទង់ជាតិ ភ្លេងជាតិ នគរាជ" បានថ្លែងថា ចាប់ពីថ្ងៃទី២៩ កក្កដា មកនេះ ក្នុងការឈប់បាញ់គ្នារវាងកងទ័ពខ្មែរ-ថៃ គឺជារបត់ថ្មីជាប្រវត្តិសាស្ត្រ បន្ទាប់ពីកិច្ចប្រជុំកំពូលនៅថ្ងៃទី២៨ កក្កដា រវាងមេដឹកនាំកម្ពុជាដឹកនាំដោយ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងមេដឹកនាំថៃដឹកនាំដោយ លោក ភូមិថាំ វិឆាយ៉ាឆ័យ- Phumtham Wechayachai នៅប្រទេសម៉ាទ្បេស៊ី ដែលជាប្រធានអាស៊ាន ដោយមានការចូលរួមពីប្រទេសចិន ក្រោមគំនិតផ្ដួចផ្ដើមរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ - Donald Trump ដើម្បីបញ្ចប់សង្រ្គាម។
ក្រោយពីការផ្ទុះសង្រ្គាមពីថ្ងៃទី២៤ កក្កដា ដល់ថ្ងៃទី២៨ កក្កដា ឆ្នាំ២០២៥ ហៅថា "សង្រ្គាម៥ថ្ងៃ" ដែលកងទ័ពថៃ បានបើកការវាយប្រហារឈ្លានពានទាំងកំរោល ក្នុងចេតនាជាន់ឈ្លីលុបបំបាត់ "ទង់ជាតិខ្មែរ" ចេញពីទឹកដីក្រុមប្រាសាទតាមាន់ធំ, ប្រាសាទតាមាន់តូច, ប្រាសាទតាក្របី, តំបន់មុំបី និងតំបន់ផ្សេងៗទៀតនៃព្រំដែនកម្ពុជា-ថៃ ដោយប្រើសព្វាវុធគ្រប់ធុន រួមទាំងយន្ដហោះចម្បាំងទំនើបF-16 បាញ់ស្រោចគ្រាប់បែកចង្អោម និងផ្សែងពុលខ្មួលខ្មាញ់ពេញអាកាសវេហាស៍យ៉ាងសន្ធោសន្ធៅ ហើយត្រូវបានវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន បានវាយបកសន្ធាប់សង្គ្រុបយ៉ាងខ្លាំងក្លា ដោយការពារបានទាំងស្រុង "ទង់ជាតិ" នៅឈរយ៉ាងរឹងមាំលើទឹកដីមាតុភូមិអង្គរបក់រវិចៗ ចំពោះមុខអនុព័ទ្ធយោធាមកពីបណ្ដាប្រទេសនានា ដែលបានចុះពិនិត្យជាក់ស្ដែងនៅថ្ងៃទី៣០ កក្កដា ឆ្នាំ២០២៥នេះ មានដូចជា៖ សហរដ្ឋអាមេរិក, ចិន, ជប៉ុន, រុស្សី, កូរ៉េខាងត្បូង, អូស្រ្តាលី, ម៉ាឡេស៊ី,ឥណ្ឌូនេស៊ី, ហ្វីលីពីន, សិង្ហបុរី, ឡាវ, វៀតណាម និងមីយ៉ាន់ម៉ា ដូចសាធារណៈមតិជាតិ និងអន្ដរជាតិបានឃើញនេះ។
សឲ្យឃើញថា វីរកងទ័ពសម័យតេជោ ពិតជាវីរកងទ័ពបន្ដពីឈាមពូជពង្សចក្រភពអង្គរដ៏រុងរឿងនៃយើង ពោរពេញដោយថាមពលអង់អាចក្លាហាន មោះមុតការពារទឹកដី មិនឱនក្បាលឲ្យមានការប្រមាថពីសៀមឈ្លានពានប្លន់ទឹកដីប្រាសាទបុរាណ និងជាន់ឈ្លីព្រលឹងវិញ្ញាណក្ខន្ធរបស់បុព្វបុរសខ្លួនទ្បើយ។ ជាក់ស្ដែងស្ថិតក្នុងស្ថានភាពសមរភូមិកំពុងប្រយុទ្ធបង្ហូរឈាមយ៉ាងក្តៅគគុក ដោយស្មារតីប្ដូរផ្ដាច់ការពារទឹកដីប្រាសាទបុរាណចេញពីបេះដូងពិតៗទាំងមេដឹកនាំ ទាំងវីរកងទ័ពខ្មែរគ្រប់ៗរូប ស្រែកទ្បើងព្រមៗគ្នាយ៉ាងកងរំពងនិងរំជួលចិត្ដ ថា "ស៊ូស្លាប់បង្ហូរឈាមក្នុងទីលានប្រយុទ្ធ"។ ទន្ទឹមនឹងនេះ អ្វីដែលរឹតតែធ្វើឲ្យរំជួលចិត្ដបំផុតថែមទៀតនោះ គឺស្ថិតក្នុងកាលៈទេសៈទឹកដីប្រាសាទបុរាណ និងប្រជាជនកំពុងតែនៅគែមមាត់ជ្រោះដ៏មហាគ្រោះថ្នាក់ពុំអាចគណនាបាននេះ គឺសម្រែកចេញពីបេះដូងឈាមមេដឹកនាំអ្នកប្រយុទ្ធរដ្ឋបុរសខ្មែរ គឺសម្ដេចតេជោ ហ៊ុន សែន ថា "ជីវិតជូនជាតិ ធាតុជូនគ្រួសារ" ធ្វើឲ្យស្មារតីប្រយុទ្ធនៃមេដឹកនាំ និងវីរកងទ័ពពុះកព្ជ្រោលលើទីលានសមរភូមិប្រយុទ្ធបង្ហូរឈាមតែមួយ គឺ "ស្លាប់-រស់" ជាមួយគ្នា គឺជីវិតអាចស្លាប់បានតែជាតិពុំអាចស្លាប់បានទ្បើយ។
បើពោលឲ្យខ្លី សង្រ្គាម៥ថ្ងៃសម័យតេជោ "ទង់ជាតិខ្មែរ" នៅឈរយ៉ាងរឹងមាំបក់រវិចៗលើទឹកដីមាតុភូមិអង្គរដ៏ស្រស់បវរនៃយើង និងលើឆាកអន្ដរជាតិដ៏ប្រពៃថ្លៃថ្លាបំផុត បន្ទាប់ពីការចុះស្រអាប់ប្រមាណ៥០០ឆ្នាំដ៏យូរអង្វែងមក។ នេះបង្ហញពីការងើបទ្បើងវិញនូវស្មារតីស្រទ្បាញ់ជាតិ មាតុភូមិរបស់ប្រជាជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេស គ្រប់ៗរូបនិងព្រមៗគ្នា សក្តិសមជាប្រជាជាតិដែលមានភាពថ្លៃថ្នូរ មានភាពស៊ីវិល័យ នៃចក្រភពអង្គរយ៉ាងពិតប្រាកដ។
លោក រ័ត្ន សណ្ដាប់ បន្ដថា ស្ថិតក្នុងភ្លើងសង្រ្គាម៥ថ្ងៃនេះ យើងឃើញប្រជាជាតិខ្មែរ ក្មេងចាស់ ប្រុសស្រី ទាំងក្នុងនិងក្រៅប្រទេសគ្រប់ៗរូប បានរួបរួមកម្លាំងសាមគ្គីគ្នាជាធ្លុងមួយ ម្នាក់ៗស្តែងចេញពីបេះដូង ពោរពេញដោយទឹកចិត្ដស្នេហាជាតិ ពុះកញ្ជ្រោល ស្មារតីការពារជាតិ ដោយម្នាក់ៗហ៊ានលះបង់គ្រប់បែបយ៉ាងទាំងអាយុជីវិត និងធនធាន ក្រោមដំបូលរាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាដ៏ឆ្នើមនាសម័យតេជោទំនើបនៃយើង។
ដូច្នេះក្រោយពីថ្ងៃឈប់បាញ់គ្នាមកនេះ ស្ថិតក្នុងស្មារតីស្រទ្បាញ់ជាតិ មាតុភូមិដ៏ប្រពៃថ្លៃថ្លារបស់ ប្រជាជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេស បានបង្ហូតទង់ជាតិនៅតាមគេហដ្ឋានរៀងៗខ្លួនបត់រវិចៗ លើអាកាសវេហាស៍ ក្នុងក្ដីគោរពដឹងគុណដល់វីរយុទ្ធជនពលីក្នុងសមរភូមិ ដើម្បីទុកជាចងចាំដល់កូនចៅគ្រប់ៗជំនាន់តរៀងទៅ៕
















