មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ ការរីកចម្រើនជាបន្តបន្ទាប់នៃវិស័យទេសចរណ៍ ដែលជាមាសបៃតង និងជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា
14-08-2025 17:13
(សៀមរាប)៖ លោក កាទើ មហាំម៉ាត់ណោសស្រ៊ី រដ្ឋលេខាធិការ តំណាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ការរីកចម្រើនជាបន្តបន្ទាប់នៃវិស័យទេសចរណ៍កម្ពុជា ដែលជាមាសបៃតង និងជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា គឺកើតចេញមកពីមរតកដ៏មានតម្លៃមហិមាមិនអាចកាត់ថ្លៃបាននៃសន្តិភាព ពេញលេញ, ស្ថិរភាពនយោបាយ, សន្តិសុខសណ្តាប់ធ្នាប់សាធារណៈមានភាពល្អប្រសើរ, ស្ថិរភាពម៉ាក្រូ សេដ្ឋកិច្ចមានលំនឹង និងសុខដុមនីយកម្មនៅក្នុងសង្គម។
លោកបន្តថា ដែលបានកើតឡើងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលជាអគ្គមគ្គុទេសក៍ឯក និងប្រតិបត្តិករ ឆ្នើមនៃគោលនយោបាយឈ្នះ-ឈ្នះ គឺជាការស្ថាបនាគ្រឹះដ៏រឹងមាំ គួបផ្សំនឹងការថែបំប៉ន បង្កើត និងបង្កើន សមិទ្ធផលថ្មីៗជាច្រើនទៀត។
ការលើកឡើងយ៉ាងដូច្នេះរបស់លោក កាទើ មហាំម៉ាត់ណោសស្រ៊ី នៅក្នុង សិក្ខាសាលាស្តីពី «ការពង្រឹងគុណភាព និងសង្គតិភាពទិន្នន័យទេសចរណ៍» នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីលោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប និងលោកស្រី ប៉ូច វរលក្ខណ៍ នាយិកាវិទ្យាស្ថានជាតិទេសចរណ៍ ព្រមទាំង លោក លោកស្រី តំណាងក្រសួង ស្ថាប័ន, តំណាងមន្ទីរ អង្គភាពជុំវិញខេត្តសៀមរាប, តំណាងសមាគមទេសចរណ៍, វិស័យឯកជន និងសិស្ស និស្សិតជាច្រើនចូលរួមផងដែរ។
លោកបានបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ កម្ពុជា បាននិងកំពុងបន្តដំណើរលើមាគ៌ាដ៏ត្រឹមត្រូវ និងប្រាកដនិយម ឆ្ពោះទៅសម្រេចឱ្យបានគោលដៅ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសមានចំណូលខ្ពស់។
លោកបញ្ជាក់ថា កាលពីឆ្នាំ២០២៤ យើងបានព្យាករណ៍ កំណើនទេសចរអន្តរជាតិ អាចនៅចន្លោះពី ៧,២ លាននាក់ ទៅ ៧,៥លាននាក់ នៅឆ្នាំ២០២៥។ ក៏ប៉ុន្តែ, ការព្យាករណ៍នេះតម្រូវឱ្យ មានការគិតគូរ ពិនិត្យ វិភាគ និងវាយតម្លៃឡើងវិញ ដោយយោងលើបរិការណ៍ និងអរិភាពដែលកើតមាន ឡើងនាពេលបច្ចុប្បន្ន ជាមួយនឹងស្ថានភាពកាន់តែប្រែប្រួលរហ័សជាងការរំពឹងទុក។ មានដូចជា៖ បម្រែបម្រួល ពន្ធបដិការណ៍របស់សហរដ្ឋអាម៉េរិក, ការបិទច្រកព្រំដែនគោក កម្ពុជា-ថៃ ដែលបណ្តាលមកពីការ ឈ្លានពានពីសំណាក់យោធាថៃមកលើដែនអធិបតេយ្យភាពកម្ពុជា, ភូមិសាស្ត្រនយោបាយនៅបន្តស្ថានភាព តានតឹង, សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ព្រមទាំងវិបត្តិនៅមជ្ឈិមបូព៌ាក៏នៅបន្តឡើងកម្ដៅ។
លោកបន្ថែមថា ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងសក្តិសិទ្ធភាពទៅនឹងស្ថានភាពប្រឈមនៃ វិបត្តិនានា ដែលអាចលេចឡើងពីផលប៉ះពាល់ ដែលកើតចេញពីភាពមិនប្រាកដប្រជាខ្ពស់ខាងលើ ដោយ ប្រតិបត្តិតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» គឺទាមទារឱ្យមានការចូលរួមអនុវត្តភារកិច្ច ប្រកបដោយស្មារតីម្ចាស់ការ, បុរេសកម្ម, សកម្ម, និងអន្តរសកម្មពីគ្រប់ផ្នែក, គ្រប់ថ្នាក់, គ្រប់ក្រសួង ស្ថាប័ន ថ្នាក់ជាតិ, ថ្នាក់ក្រោមជាតិ, កិច្ចសហប្រតិបត្តិការអន្តរជាតិ, ការប្រមូលផ្តុំជាសហថាមពលពីវិស័យឯកជន, បណ្តាញសារព័ត៌មាន អ្នកផលិតមាតិកាព័ត៌មាន, Influencers, និងការចូលរួមពីបុគ្គលម្នាក់ៗ ក្រោមក្របខ័ណ្ឌ សសរស្តម្ភយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការទាំង៦ របស់ក្រសួងទេសចរណ៍ ដើម្បីរួមគ្នាស្វែង រកយុទ្ធសាស្ត្រនិងវិធានការគន្លឹះសម្រាប់ពង្រឹងភាពធន់ នៃវិស័យទេសចរណ៍កម្ពុជា និងរក្សានូវភាពប្រកួត ប្រជែងខ្ពស់ក្នុងតំបន់។
លោកស្រី ប៉ូច វរលក្ខណ៍ បានលើកឡើងថា សិក្ខាសាលានេះធ្វើឡើងក្នុងគោល បំណងពង្រឹងគុណភាពទិន្នន័យទេសចរណ៍ ដែលមានគោលដៅចម្បង គឺពង្រឹងសមត្ថភាពមន្ត្រីជំនាញស្ថិតិ ទេសចរណ៍ ក្នុងការប្រមូល រៀបចំ ចងក្រង និងវិភាគទិន្នន័យទេសចរណ៍ ដោយគោរពទៅតាមបទដ្ឋាននិង វិធីសាស្ត្រគណនា ចងក្រង ដែលមានលក្ខណៈស្តង់ដា មានភាពជឿជាក់ និងទទួលស្គាល់ពីអង្គភាព ពាក់ពន្ធ័ ព្រមទាំងពង្រឹងការយល់ដឹងពីបទដ្ឋានចងក្រង និងដំណើរការនៃការប្រមូល ចងក្រង ជាមួយនឹង សង្គតិភាពទិន្នន័យ ភាពស៊ីចង្វាក់នៃប្រព័ន្ធស្ថិតិទេសចរណ៍ និងការថែរក្សាទិន្នន័យក្នុងបរិវត្តកម្មឌីជីថល។
លោកស្រីបន្តថា ស្ថិតិទេសចរណ៍ ដែលចម្រាញ់មកពីទិន្នន័យត្រឹមត្រូវ ភាពទាន់ពេលវេលា និងមានសង្គតិភាព ដើរតួ នាទីយ៉ាងសំខាន់ មិនត្រឹមតែជាតួលេខនោះទេ តែវាគឺជាមូលដ្ឋានគ្រឹះសម្រាប់អ្នកធ្វើគោលនយោបាយ ផែនការយុទ្ធសាស្ត្រទេសចរណ៍ និងការផ្សព្វផ្សាយទេសចរណ៍ ជាពិសេសជួយដល់ការវាស់ស្ទង់អំពីការចូល រួមចំណែករបស់វិស័យទេសចរណ៍នៅក្នុងចំណាត់ថ្នាក់សដ្ឋកិច្ចបានយ៉ាងជឿជាក់។ ហើយបានជាអ្នកវិទ្យាសាស្ត្រផ្នែកស្ថិតិបានពោលថា «ស្ថិតិល្អ គឺជាការសម្រេចចិត្តល្អ»។
ជាមួយនេះ លោក ង៉ូវ សេងកាក់ ក៏បានថ្លែងអំណរគុណចំពោះក្រសួងទេសចរណ៍ និងដៃគូរពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំសិក្ខាសាលាស្តីពី «ការពង្រឹងគុណភាព និងសង្គតិភាពទិន្នន័យទេសចរណ៍» នេះឡើង។ លោកសង្ឃឹមថា សិក្ខាសាលានេះ នឹងជំរុញឲ្យមានភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាប ក៏ដូចជា កម្ពុជាកាន់ច្រើនឡើងថែមទៀតផងដែរ៕
























