លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ចាត់ទុកការទទួលបានពានរង្វាន់ «Smile Asia Philanthropic Visionary Award» របស់លោកជំទាវ ពេជ ចន្ទមុន្នី គឺជាសក្ខីភាពឆ្លុះបញ្ចាំងយ៉ាងប្រត្យក្ស ពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម ពិសេសលើវិស័យសុខាភិបាល
15-08-2025 08:41
(ភ្នំពេញ)៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានចាត់ទុកថា ការទទួលបានពានរង្វាន់ «Smile Asia Philanthropic Visionary Award» នៅក្នុងកម្មវិធី «Smile Asia Charity Gala 2025» របស់អង្គការ Smile Asia នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី របស់លោកជំទាវ ពេជ ចន្ទមុន្នី គឺជាសក្ខីភាពឆ្លុះបញ្ចាំងយ៉ាងប្រត្យក្សពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់លោកជំទាវបណ្ឌិត ដែលតែងតែបាននិងកំពុងលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងពេលវេលាផ្ទាល់ខ្លួនបំពេញការងារសង្គមដោយមិនខ្លាចនឿយហត់ និងប្រកបដោយទឹកចិត្តស្មោះសរបរិសុទ្ធ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជា ជាពិសេសលើវិស័យសុខាភិបាល។
តាងនាមលោកជំទាវអ្នកឧកញ៉ាផ្ទាល់ ក៏ដូចជាថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមសិល្បករខ្មែរ សូមសម្តែងនូវសេចក្តីសោមនស្សក្រៃលែង និងអំណរសាទរដោយស្មោះអស់ពីដួងចិត្តប្រកបដោយមោទកភាពបំផុតគោរពជូនចំពោះលោកជំទាវបណ្ឌិត ក្នុងឱកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ។
ការទទួលបានពានរង្វាន់ដ៏ប្រសើរថ្លៃថ្លានេះ ពិតជាស័ក្តិសមបំផុតចំពោះស្នាដៃ សមិទ្ធផល និងភាពជាអ្នកដឹកនាំប្រកប ដោយចក្ខុវិស័យរបស់ លោកជំទាវបណ្ឌិត ដែលបានចូលរួមចំណែកយ៉ាងសំខាន់លើការងារមនុស្សធម៌ សប្បុរសធម៌ ជាពិសេសលើវិស័យសុខាភិបាលក៏ដូចជាការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព ការទទួលបាននូវការអប់រំដ៏ល្អប្រសើរ និងការអភិវឌ្ឍសមត្ថភាពជំនាញសម្រាប់អនាគតរបស់កុមារ ជាពិសេសកុមារី យុវតីនៅទូទាំងប្រទេស។
នៅក្នុងសុន្ទរោកាសដ៏ប្រសើរថ្លៃថ្លានេះ ថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមសិល្បករខ្មែរ សូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សាការពារ អភិបាលប្រោះព្រំនូវ សព្ទសាធុការពរជ័យ បវរមហាប្រសើរថ្លៃថ្លាជូនចំពោះ លោកជំទាវបណ្ឌិត និង សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ សុខសុភមង្គល និងសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀតក្នុងបុព្វហេតុជាតិ មាតុភូមិ និងសូមជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕










