ថ្នាក់ដឹកនាំខេត្តព្រៃវែងដឹកនាំព្រះសង្ឃ ពលរដ្ឋ ប្រមាណជិត ១ម៉ឺនអង្គ/នាក់ ដង្ហែក្បួនគណៈធម្មយាត្រា គាំទ្របទឈប់បាញ់រវាងកងទ័ពកម្ពុជា និងថៃ
16-08-2025 15:08
(ព្រៃវែង)៖ លោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និងលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី ១៦ ខែសីហាឆ្នាំ ២០២៥ បានអញ្ជើញដឹកនាំព្រះសង្ឃ មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជន ប្រជាពលរដ្ឋប្រមាណជិត ១ម៉ឺននាក់ដង្ហែរក្បួន និងគណៈធម្មយាត្រាលើការគាំទ្របទឈប់បាញ់រវាង កងទ័ពកម្ពុជា នឹងកងទ័ពថៃ អរគុណសន្តិភាព កម្ពុជាត្រូវការសន្តិភាព។
លោក សួន សុម៉ាលីន បានថ្លែងថា ថ្ងៃនេះពិជាមានក្តីសោមនស្សរីករាយ ដែលបានចូលរួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង សិស្សានុ សិស្ស បងប្អូនប្រជាពលរដ្ឋ ដើម្បីហែរក្បួន និងធម្មយាត្រា គាំទ្របទឈប់បាញ់រវាងកងទ័ពកម្ពុជា និងថៃ។
លោកអភិបាលខេត្ត បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវីរកងទ័ពជួរមុខដ៏អង់អាចក្លាហាន ដែលបានខិតខំយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវ ក្នុងកិច្ចការរក្សាការពារបូរណភាពទឹកដី អធិបតេយ្យភាព និងធ្វើឲ្យសណ្តាប់ធ្នាប់នៅតាមព្រំដែន មានភាពល្អប្រសើរធានាបាននូវសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ។
លោកបានគូសបញ្ជាក់ថា ជាការពិតណាស់ ការរៀបចំក្បួនដង្ហែនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីបង្ហាញយ៉ាងច្បាស់នូវស្មារតី ស្នេហាជាតិ សាមគ្គី ឯកភាពជាតិ ជាពិសេសបង្ហាញពីឆន្ទះទៅកាន់ពិភពលោកទាំងមូលពីការស្រលាញ់សន្តិភាពរបស់ប្រជាជនកម្ពុជា។ តាមរយៈសកម្មភាពជាស្មារតីជាតិនិយម ឆន្ទៈមនសិកា ការរួបរួមសាមគ្គីគ្នា នាថ្ងៃនេះ ប្រជាជនខ្មែរ សូមបង្ហាញ និងចែករំលែកទៅកាន់ពិភពលោកថា កម្ពុជាស្រលាញ់សន្តិភាព (Cambodia Love Peace Cambodia Needs Peace. Cambodia Wants Peace) ។
លោកបានបន្តថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយភាពស្វាហាប់ និងភាពប៉ិនប្រសព្ទ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានការរីក ចម្រើនជាបន្តបន្ទាប់ រួមទាំងការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ការងារសេដ្ឋកិច្ច និង ជីវភាពប្រជាពលរដ្ឋ ការងារកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា និងការផ្តល់សេវាជូនប្រជាពលរដ្ឋស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងវិស័យនានា ទាំងនៅថ្នាក់ខេត្ត និងថ្នាក់ ក្រុង ស្រុក ឃុំ សង្កាត់។
លោកថា ទាំងនេះ ស្តែងឲ្យឃើញពីស្ថានភាពដែលប្រទេសជាតិទទួលបាននូវសុខសន្តិភាព តាមរយៈគោលនយោបាយ ឈ្នះ-ឈ្នះ បានជំរុញឲ្យកម្ពុជាមានឱកាសក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាជំរុញសេដ្ឋកិច្ចជាតិរហូត សម្រេចបានកំណើនខ្ពស់ ក្នុងរយៈពេលជាង២ទស្សវត្សរ៍នេះ។
លោកបានបន្ថែមថា ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត ទោះបីស្ថិតក្នុងស្ថានភាពណាក៏ ដោយក៏សម្តេច តែងតែនៅរួមសុខទុក្ខជានិច្ចជាមួយប្រជាពលរដ្ឋ ពិសេសជាមួយនាយទាហាន នាយទាហានរង ពលទាហាន និងមិនអាចបំភ្លេចបាននូវ គុណូបការៈ និងការលះបង់ដ៏ធំធេងរបស់វីរៈយុទ្ធជនយើងឡើយ និងបាន ដោះស្រាយបញ្ហា ការលំបាក និងលើកកម្ពស់ជីវភាពរបស់យុទ្ធជន ជាមួយក្រុមគ្រួសារ ដែលនេះបានបង្ហាញពីឆ្លើយ តបទៅនឹងគុណបំណាច់មិនអាចកាត់ថ្លៃបាន របស់បងប្អូនយុទ្ធជនក្នុងបុព្វហេតុជូនប្រទេសជាតិមាតុភូមិ។
ជាមួយនេះ លោក សួន សុម៉ាលីន បានស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនដែលកំពុងកើត មានប្រកបដោយចក្ខុវិស័យ និងការពារឧត្តមប្រយោជន៍ជាតិ និងប្រជាជន, សូមបន្តចូលរួមរក្សាឲ្យបាននូវបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ដើម្បីរួមគ្នាការពារសន្តិភាព និង ភាពរីកចម្រើនសម្បូរសប្បាយ, យើងទាំងអស់គ្នា នៅជួរក្រោយនៅតែបន្តជួយគាំទ្រ និងផ្តល់កម្លាំងចិត្តជូនសមរភូមិជួរមុខ ទោះក្នុង តម្លៃណាក៏ដោយ យើងនៅតែរួមរស់ជាមួយកងកម្លាំងសមរភូមិមុខជានិច្ច៕




































