កិច្ចប្រជុំ RBC: កម្ពុជា-ថៃឯកភាពគ្នារក្សាទំនាក់ទំនងជាប្រចាំរវាងតំបន់យោធា និងបណ្តាយោធភូមិភាគ ព្រមទាំងអង្គភាពតាមបណ្តោយព្រំដែន និងខិតខំដោះស្រាយរាល់បញ្ហាដោយសន្តិវិធី ជៀសវាងការប៉ះទង្គិចគ្នា (Video inside)
16-08-2025 15:27
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការយោធភូមិភាគទី៣ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែន ថ្នាក់យោធភូមិភាគ (RBC) និងលោកឧត្តមនាវីឯក អភិឆាត សាប់ប្រសើត មេបញ្ជាការ ការពារព្រំដែនច័ន្ទបុរី-ត្រាត និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែន ថ្នាក់យោធភូមិភាគ (RBC) បានឯកភាពគ្នាក្នុងការរក្សាទំនាក់ទំនងជាប្រចាំរវាងតំបន់យោធា និងបណ្តាយោធភូមិភាគ ព្រមទាំងអង្គភាពនៅតាមបណ្តោយព្រំដែន និងខិតខំដោះស្រាយរាល់បញ្ហាដោយសន្តិវិធី ដើម្បីជៀសវាងនូវការប៉ះទង្គិចគ្នា។
ការឯកភាពគ្នារវាងភាគីទាំងពីរ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ នៅខេត្តត្រាត ប្រទេសថៃ។
កិច្ចប្រជុំខាងលើនេះ កើតចេញពីលទ្ធផលនៃកិច្ចប្រជុំពិសេស ដែលធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀង១៣ចំណុច ក្នុងកិច្ចប្រជុំ GBC នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំ បានបញ្ជាក់យ៉ាងដូច្នេះ «ភាគីទាំងពីរបានឯកភាពគ្នាក្នុងការរក្សាទំនាក់ទំនង ជាប្រចាំរវាងតំបន់យោធា និង បណ្តាយោធភូមិភាគ ព្រមទាំងអង្គភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងខិតខំដោះស្រាយរាល់បញ្ហា ដោយសន្តិវិធី ដើម្បីជៀសវាងនូវការប៉ះទង្គិចគ្នា។ ភាគីទាំងពីរបានគូសបញ្ជាក់ពីការតាំងចិត្តវិជ្ជមាន និង ស្មារតីឆ្ពោះទៅមុខក្នុងការពង្រឹងទំនាក់ទំនង តាមរយៈការប្រាស្រ័យទាក់ទងគ្នានេះ»។
ជាមួយគ្នានេះ ភាគីទាំងពីរក៏បានលើកឡើងផងដែរ អំពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងបន្ថែមទៀត នៅគ្រប់កម្រិត ដើម្បីកសាងទំនុក ចិត្ត និងលើកកម្ពស់ភាពជាអ្នកជិតខាងល្អ។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល ភាគីទាំងពីរ ក៏បានឯកភាពគ្នាជាគោលការណ៍ក្នុងការបង្កើតក្រុមការងារសម្របសម្រួល (CG) ដើម្បីពង្រឹងទំនាក់ទំនងនៅគ្រប់កម្រិត រួមបញ្ចូលទាំងថ្នាក់មេបញ្ជាការ ក្រុមការងារទំនាក់ទំនងតាមព្រំដែន កងកម្លាំងឈរជើងតាមតំបន់ព្រំដែន និងអង្គភាពប្រតិបត្តិការតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងគោល បំណងដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចគ្នា។ ខ្លឹមសារលម្អិតនឹងត្រូវយកទៅ ពិភាក្សានៅក្នុងកិច្ចប្រជុំបន្ទាប់របស់គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។
សូមជម្រាបដែរថា ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់ចំណុចផ្សេងៗទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការប្រយុទ្ធគ្នានេះបានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់។
ក្រោយកិច្ចប្រជុំជុំវិញបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានដាក់ចេញបទឈប់បាញ់បន្ទាន់ និងឥតលក្ខខណ្ឌ ដែលចូលជាធរមាននៅវេលាម៉ោង២៤៖០០ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ តាំងពីបទឈប់បាញ់ចូលជាធរមាន កម្ពុជាមិនដែលល្មើសម្តងណាឡើយ៕










