ព្រះចៅអធិការវត្តទឹកជុំ និងអាជ្ញាធរស្រុកទឹកផុស រៀបចំពិធីបង្សុកូល និងគោរពវិញ្ញាណក្ខន្ធដល់វីរកងទ័ពដែលបានពលីកក្នុងសមរភូមិមុខ
18-08-2025 15:15
(កំពង់ឆ្នាំង)៖ ព្រះចៅអធិការវត្ត វារីផាសុខារាម ហៅវត្តទឹកជុំ ព្រះមុនីសីលវង្សា ខុន ឆុន នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥នេះ បានរៀបចំពិធីបង្សុកូល និងគោរពវិញ្ញាណក្ខន្ធឧទ្ទិសដល់វីរកងទ័ពកម្ពុជា ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ ការពារបូរណភាព ទឹកដីពីការឈ្លានពានដោយកងទ័ពសៀម។ ពិធីនេះបានធ្វើឡើងដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះមន្រ្តីសង្ឃខេត្ត និងលោក ស លាង ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ឆ្នាំង និងអាជ្ញាធរស្រុកទឹកផុស សិស្សានុសិស្ស ប្រជាពលរដ្ឋយ៉ាងច្រើនអង្គ-នាក់។
ព្រះមុនីសីលវង្សា ខុន ឆុន ព្រះចៅអធិការវត្ត វារីផាសុខារាម ហៅវត្តទឹកជុំ និងជាព្រះជំនួយការសាលាគណខេត្តកំពង់ឆ្នាំង បានមានសង្ឃដីកាបញ្ជាក់ថា នៅថ្ងៃនេះដើម្បីរំលឹកអំពីគុណបំណាច់ដល់ វីរយុទ្ធជនកងទ័ព ដែលបានពលីជីវិតនៅក្នុងសមរភូមិនោះ ព្រះសង្ឃមន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាយ៉ាងច្រើនអង្គ-នាក់ បានរៀបចំពិធីគោរពនូវវិញ្ញាណក្ខន្ធ និងបង្សុកូលឧទ្ទិសមហាកុសលផលបុណ្យដល់វីរកងទ័ព និងប្រជាជនដែលបានស្លាប់ និងពលីក្នុងពេលសង្គ្រាមឈ្លានពានរបស់ថៃ មកលើកម្ពុជារយៈពេលថ្មីៗនេះ។
ព្រះមុនីសីលវង្សា ខុន ឆុន បានមានសង្ឃដីកាបញ្ជាក់ថា យើងទាំងអស់គ្នាពិតជាបានសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុត ដែលនេះជាការបាត់បង់នូវកុលបុត្រខ្មែរដ៏អស្ចារ្យ និងធនធានការពារជាតិ ចូលរួមបុព្វហេតុថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ពិសេសការតស៊ូប្រយុទ្ធការពារបូរណភាពទឹកដីដែនអធិបតេយ្យភាពជាតិ និងការពារប្រជាជនប្រកបដោយភាពអង់អាចក្លាហាន។
ការលះបង់អាយុជីវិតរបស់វីរកងទ័ពកម្ពុជាពលីកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ នៅគ្រប់កាលៈទេសៈ សំដៅរួមចំណែកយ៉ាងមោះមុត នៅក្នុងបុព្វ ហេតុការពារអធិបតេយ្យ និងបូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធវីរយុទ្ធ ជនទាំងអស់បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
នៅក្នុងពិធីបង្សុកូល និងគោរពវិញ្ញាក្ខន្ធដល់វីរយុទ្ធជនកងទ័ពខាងលើនេះ គឺបានរៀបចំជា៩ផែន ដែលផែននីមួយៗមានយុវជនកាកបាទក្រហម កាន់គូរ៉ោន និងស្មឹងស្មាតគោរពវិញ្ញាណក្ធន្ធ ព្រមទាំងធ្វើពិធីសាសនា បង្សុកូលឧទ្ទិសកុសលដល់វីរកងទ័ព ហើយបានពាក់លីនៅលើសមរភូមិក្នុងបុព្វហេតុការពារជាតិមាតុភូមិផងដែរ៕























