លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន និងលោក ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សខែសីហា និងលើកទិសដៅភារកិច្ចខែកញ្ញា ឆ្នាំ២០២៥ នៅមន្ទីរគណបក្សខេត្តកំពង់ស្ពឺ

30-08-2025 15:51

(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ និងលោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាសហធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សខែសីហា និងលើកទិសដៅភារកិច្ចខែកញ្ញា ឆ្នាំ២០២៥ នៅមន្ទីរគណបក្សខេត្តកំពង់ស្ពឺ។

អញ្ជើញចូលរួមនាឱកាសនោះរួមមាន អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្ត ក្រុមការងារចុះជួយមូលដ្ឋានខេត្ត-ក្រុង ស្រុក-ឃុំ-សង្កាត់ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សក្រុង-ស្រុក លោក លោកស្រីគណៈកម្មាធិការគណបក្សឃុំ-សង្កាត់ជាច្រើនរូប។

ជាកិច្ចចាប់ផ្តើម លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់ ក្រុមការងារ អាជ្ងាធរ ភាគីពាក់ព័ន្ធ ដែលបានចូលរួមក្នុងចលនាប្រមូលផ្តុំនូវសម្ភារ បរិក្ខារ និងថវិកា ឧបត្ថម្ភជូនកងទ័ពនៅសមរភូមិជួរមុខ និងបងប្អូនជនភៀសសឹក។

ទន្ទឹមនេះ លោកបានកោតសរសើរដល់ស្មារតីរួបរួមរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងក្របខណ្ឌខេត្តកំពង់ស្ពឺ ក៏ដូចជាទូទាំងប្រទេស ដែលបានបង្ហាញនូវស្មារតីជាតិនិយម ការគាំទ្រ និងរួមមតិគ្នាយ៉ាងផុសផុល ជូនចំពោះរាជរដ្ឋាភិបាល និងកងកម្លាំងរបស់យើងដែលកំពុងឈរជើងនៅតាមបណ្ដោយព្រំដែន ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ។

បន្ទាប់ពីបានស្តាប់នូវរបាយការណ៍ លោកបានធ្វើការបូកសរុបលទ្ធផលកិច្ចប្រជុំ និងចែករំលែកនូវមតិផ្ទាល់ខ្លួន ក៏ដូចជាបានផ្តល់អនុសាសន៍ណែនាំ ដល់សមាជិក សមាជិកា ក្នុងអង្គប្រជុំ។ ជាមួយគ្នានោះ លោកក៏បានថ្លែងអំណរគុណដល់វាគ្មិន ដែលបានចែករំលែកនូវបទពិសោធន៍ ទស្សនៈ និងពុទ្ធិជាគតិដល់អង្គប្រជុំ ដោយផ្តោតសំខាន់លើ កិច្ចការគណបក្ស ការសម្របសម្រួលបងប្អូនដែលត្រឡប់មកពីប្រទេសថៃ និងទស្សនៈប្រវត្ដិសាស្រ្តរបស់កម្ពុជា។

លោក ហ៊ុន ម៉ានី ក៏បានគូសបញ្ជាក់ថា ទស្សនៈប្រវត្ដិសាស្រ្តរបស់កម្ពុជាគឺបានឆ្លុះបញ្ចាំងពីការលំបាករបស់កម្មាភិបាលជំនាន់មុនក្នុងការការពារ និងស្វែងរកសន្តិភាពជូនជាតិ តាមរយៈវិធីសាស្រ្តនៃការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ការប្រកាន់ភ្ជាប់នូវស្មារតីលៈបង់ និងការតំកល់ផលប្រយោជន៍ជាតិជាចម្បង៕