សាលារៀនសុវណ្ណភូមិ បើកបវេសនកាលថ្នាក់ចំណេះដឹងទូទៅខ្មែរ និងថ្នាក់អន្ដរភាសា (IEP) ឆ្នាំសិក្សា២០២៥-២០២៦ ទូទាំងរាជធានី-ខេត្ត

01-09-2025 17:04

(ភ្នំពេញ)៖ លោកឧកញ៉ា ជា ធីឡាយ អគ្គនាយក អ៉ិនធីស៊ីគ្រុប នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពបើកបវេសនកាលថ្នាក់ចំណេះដឹងទូទៅខ្មែរ និងថ្នាក់អន្ដរភាសា (IEP) ឆ្នាំសិក្សា២០២៥-២០២៦ របស់សាលារៀនសុវណ្ណភូមិ នៅទូទាំងរាជធានី-ខេត្ត។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ប្រធាននាយកប្រតិបតិ្ត អ៉ិន ធី ស៊ី គ្រុប, តំណាងដៃគូសហការរបស់សាលារៀនសុវណ្ណភូមិ, ភ្ញៀវជាតិ អន្តរជាតិ លោក លោកស្រីអ្នកអាណាព្យាបាល ព្រមទាំងថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ បុគ្គលិក និងក្មួយៗសិស្សានុសិស្សផងដែរ។

នាឱកាសនោះដែរ លោកឧកញ៉ា ជា ធីឡាយ បានថ្លែងថា៖ «យើងបានដឹងហើយថា ការសិក្សាមិនត្រឹមតែត្រូវរៀនពេញមួយជីវិតប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាថ្នាលមួយជួយលើកកម្ពស់ និងអភិវឌ្ឍសមត្ថភាពគ្មានទីបញ្ចប់ ដើម្បីផលិតបាននូវធនធានមនុស្ស ប្រកបដោយគុណភាព និងសមត្ថភាពគ្រប់គ្រាន់។ ជាតិមួយរីកចម្រើន ពិតណាស់គឺ ត្រូវការធនធានមនុស្សប្រកបដោយសមត្ថភាពពេញលេញក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ។ ពិតជាបានដឹងហើយថា វត្ថុមួយដ៏មានតម្លៃបំផុតដែលយើងទាំងអស់គ្នាអាចផ្តល់ទៅឱ្យបុត្រធីតារបស់យើងបាននោះគឺ ការអប់រំដ៏ត្រឹមត្រូវ និងប្រកប ដោយគុណភាព។ អនាគតភ្លឺស្វាងរបស់បុត្រធីតាយើងម្នាក់ៗ គឺពឹងផ្អែកទាំងស្រុងទៅលើ ការសម្រេចចិត្តរបស់មាតាបិតាក្នុងការជ្រើសរើសថ្នាលបណ្តុះបណ្តាលដ៏ត្រឹមត្រូវ។ សាលារៀនសុវណ្ណភូមិ គឺជាសាលារៀនឯកជនឈានមុខគេ និងល្អបំផុតសម្រាប់ក្មួយៗសិស្សានុសិស្សនិងជាថ្នាលបណ្ដុះបញ្ញា ដើម្បីឱ្យក្មួយៗទទួលបានការអប់រំមួយដ៏ប្រសើរ»

លោកឧកញ៉ា ជា ធីឡាយ បានបន្តថា ប្រាកដណាស់ សាលារៀនសុវណ្ណភូមិ គឺជាថ្នាលដ៏គាប់ប្រសើរ ជាទីកន្លែងមួយ ដែលលោក លោកស្រី អ្នកអាណាព្យាបាល មានទំនុកចិត្តខ្ពស់ក្នុងការយកបុត្រធីតា របស់លោក-លោកស្រី ដែលជាគ្រាប់ពូជដ៏មានតម្លៃមហាសាល មកផ្ញើវាសនានៅសាលារៀនសុវណ្ណភូមិ ពិតជាជម្រើសដ៏ត្រឹមត្រូវបំផុត។ ការអប់រំនៅសាលារៀនសុវណ្ណភូមិ សិស្សានុសិស្សទាំងអស់ មិនត្រឹមតែទទួលបាននូវចំណេះវិជ្ជាដ៏ថ្លៃថ្លាតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែពួកគាត់ថែមទាំងទទួលបាននូវការអប់រំអំពីសុជីវធម៌ សីលធម៌ និងការឱ្យតម្លៃគ្នាទៅវិញទៅមក។

លោកឧកញ៉ា ជា ធីឡាយ បានបន្ថែមថា ក្មួយៗក៏នឹងទទួលបានការសិក្សាបន្ថែមពីបំណិនជីវិតលើជំនាញផ្សេងៗដូចជា៖ បច្ចេកវិទ្យាកុំព្យូទ័រ សិល្បៈ កីឡា ការអប់រំបំណិតវិទ្យាសាស្ដ្រស្ទែម (STEM) ភាពជាអ្នកដឹកនាំ និងគុណធម៌នៅក្នុងសង្គម ដែលជាគុណវុឌ្ឍិដ៏សំខាន់បំផុតសម្រាប់អាជីពការងាររបស់ក្មួយៗនៅពេលអនាគត។ សាលារៀនសុវណ្ណភូមិ មានរចនាសម្ព័ន្ធរឹងមាំ តាំងពីកម្រិតការិយាល័យរហូតដល់កម្រិតសាលារៀន។ ចំពោះគណៈគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូ បុគ្គលិកគ្រប់ផ្នែក សុទ្ធតែមានចំណេះដឹងខ្ពស់ ជំនាញច្បាស់លាស់ មានសមត្ថភាពគ្រប់គ្រាន់ និងបទពិសោធយូរឆ្នាំលើការងារអប់រំ។ បន្ថែមពីនេះ បរិយាកាសសិក្សានៅសាលារៀនសុវណ្ណភូមិមានភាពទាក់ទាញ និងផាសុខភាព ហើយសម្ភារឧបទេសទំនើបសម្បូរបែប និងមានកម្មវិធីសិក្សាច្បាស់លាស់ស្របតាមបរិបទអប់រំសតវត្សរ៍ទី២១ និងបំណិនបញ្ញាសិប្បនិម្មិត (AI)។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ លោកឧកញ៉ា ជា ធីឡាយ សូមសំដែងនូវការកោតសរសើរដោយស្មោះ ចំពោះ លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាលសិស្ស ដែលបានខិតខំប្រឹងប្រែងរួមចំណែកទាំងកម្លាំងកាយ កម្លាំងចិត្ត ទាំងធនធានក្នុងការគាំទ្រសាលារៀនសុវណ្ណភូមិដែលជាផ្នែកមួយ នៃការចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ឱ្យមានដំណើរការប្រកបដោយវឌ្ឍនភាព។ លោកគ្រូ-អ្នកគ្រូ បានខិតខំអស់ពីលទ្ធភាព ឈរលើមនសិការវិជ្ជាជីវៈ គំនិតច្នៃប្រឌិត ក្នុងការបំពេញការងារនូវទិសដៅអប់រំ ដោយឈរលើគោលការណ៍ ចតុស្តម្ភទាំង៤ នៃវិស័យអប់រំគឺ៖ ចំណេះដឹង ចំណេះធើ្វ សីលធម៌ល្អ និងសាមគ្គីភាព ប្រកបដោយសុខដុមរមនា។

តាងនាមឱ្យថ្នាក់ដឹកនាំ លោកគ្រូ-អ្នកគ្រូ បុគ្គលិកគ្រប់លំដាប់ថ្នាក់នៃសាលារៀនសុវណ្ណភូមិទូទាំងប្រទេស, លោកឧកញ៉ា ជា ធីឡាយ សូមសន្យាថានឹងខិតខំប្រឹងប្រែងឱ្យអស់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងការជួយផ្តល់នូវចំណេះដឹងប្រកបដោយសមត្ថភាពពេញលេញ ដើម្បីឱ្យបុត្រធីតារបស់លោកអ្នក ក្លាយជា កូនល្អ សិស្សល្អ ពលរដ្ឋល្អ និងទទួលបានអនាគត ភ្លឺថ្លាត្រចះត្រចង់សម្រាប់គ្រួសារ និងប្រទេសជាតិ៕