Fresh Exclusive៖ ភាពរញ៉េរញ៉ៃនយោបាយថៃ៖ បក្សភឿថៃចាប់ផ្តើមអស់ឥទ្ធិពល ខណៈថាក់ស៊ីនចាប់ផ្តើមបាត់ទំនុកចិត្តពីអ្នកនយោបាយ

03-09-2025 15:06

(ភ្នំពេញ)៖ វិបត្តិនយោបាយថៃ កំពុងបើកទំព័រថ្មីដល់ប្រទេសមួយនេះហើយ។ អំណាចវង្សត្រកូល ថាក់ស៊ីន ស៊ីណាវ៉ាត្រា កំពុងតែរលាយបន្តិចម្តងៗ បន្ទាប់ពីការដកតំណែងនាយករដ្ឋមន្ត្រី Paetongtarn Shinawatra, ការបាត់បង់សម្ព័ន្ធមិត្តសំខាន់ៗ និងភាពមិនទុកចិត្តយ៉ាងខ្លាំងក្នុងសង្គមរបស់ថៃ។ ពេលនេះ អ្នកនយោបាយថៃ កំពុងស្វែងរកកម្លាំងថ្មី និងរដ្ឋាភិបាលចម្រុះ ដើម្បីបញ្ចប់សម័យអំណាចរបស់វង្សត្រកូលថាក់ស៊ីន។

Fresh Exclusive មានអត្ថបទវិភាគ ស៊ីជម្រៅមួយជុំវិញបញ្ហានេះ៖

នៅក្នុងប្រវត្តិនយោបាយថៃកន្លងមកនេះ គណបក្សភឿថៃ (Pheu Thai) និងអំណាចរបស់ត្រកូល ថាក់ស៊ីន ស៊ីណាវ៉ាត្រា តែងតែជាកម្លាំងនយោបាយដ៏មានឥទ្ធិពល។ ប៉ុន្តែក្រោយហេតុការណ៍មាននយោបាយថ្មីៗ ដែលបាននិងកំពុងឆ្លងកាត់នេះ ឥទ្ធិពលនៃគណបក្សភឿថៃ ក្រោមអំណាចរបស់ត្រកូលមហាសេដ្ឋី ថាក់ស៊ីន បានធ្លាក់ចុះជាខ្លាំង ជាពិសេសបន្ទាប់មានការបណ្តេញលោកស្រី Paetongtarn Shinawatra ចេញពីតួនាទីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥។ ក្នុងស្ថានភាពចុងនេះ បើទោះបីគណបក្សភឿថៃ សុខចិត្តយល់ព្រមតាមលក្ខខណ្ឌទាំង២ខ របស់គណបក្សប្រជាជន ដោយការបើកផ្លូវសម្រាប់ការរំលាយសភាក្នុងរយៈពេល៤ខែ និងយល់ព្រមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ក៏ដោយ ក៏ចំណុចធ្វើសម្បទានទាំង២ខនេះ មិនអាចទិញទឹកចិត្តគណបក្សប្រជាជនបានឡើយ។

តាមពិតលក្ខខណ្ឌទាំង២ខ របស់គណបក្សប្រជាជន ក៏ជាលក្ខខណ្ឌដែលគណបក្សភូមិចៃថៃ ដែលមានអាសនៈតិចជាងគណបក្សភឿថៃ បានទទួលយកផងដែរ ប៉ុន្តែល្បិចនយោបាយរបស់គណបក្សដែលកាច់ចង្កូតដោយលោក ថាក់ស៊ីន គឺជាល្បិចមួយដែលគ្មានអ្នកនយោបាយថៃណាអាចជឿទៀតបានទេ ពីព្រោះគណបក្សប្រជាជន មិនទុកចិត្តថាភឿថៃនឹងអនុវត្តតាមពិតប្រាកដឡើយ។

ប្រវត្តិសាស្ត្រនយោបាយ បានបង្ហាញច្បាស់រួចមកហើយថា គណបក្សភឿថៃ និងវង្សត្រកូលមហាសេដ្ឋី ថាក់ស៊ីន នេះ តែងតែផ្លាស់ប្តូរយុទ្ធសាស្ត្រ និងក៏ធ្លាប់បដិសេធកិច្ចព្រមព្រៀងកាលពីមុនៗ ជារឿយៗ ដើម្បីបំពេញអត្ថប្រយោជន៍នយោបាយរបស់ខ្លួន។ ភាពបាត់បង់សេចក្តីទុកចិត្តនេះហើយ បានជំរុញឱ្យគណបក្សប្រជាជន កំណត់យុទ្ធសាស្ត្រថ្មី ដោយសម្រេចគាំទ្រលោក Anutin Charnvirakul ប្រធានគណបក្ស Bhumjaithai ជាបេក្ខជននាយករដ្ឋមន្ត្រី។

* ភឿថៃនៅក្នុងស្ថានភាព «ទាល់ច្រកនយោបាយ»

ការបាត់បង់តំណែងនាយករដ្ឋមន្ត្រីរបស់លោកស្រី Paetongtarn Shinawatra កាលពីចុងសីហា គឺជាការប៉ះទង្គិចដ៏ធំសម្រាប់គណបក្សភឿថៃ។ ឥឡូវនេះគណបក្សកំពុងប្រឈមមុខនឹងសម្ពាធពីគណបក្សប្រជាជន ដែលមានកម្លាំងធំនៅក្នុងសភា និងចូលរួមជាមួយគណបក្ស Bhumjaithai ដើម្បីបោះឆ្នោតជ្រើសនាយករដ្ឋមន្ត្រីថ្មី។ គណបក្សភឿថៃ បានបង្ខំចិត្តដើម្បីទទួលយកលក្ខខណ្ឌ២ ដើម្បីទាក់ទាញរកការគាំទ្រ ប៉ុន្តែការធ្វើសម្បទានយ៉ាងនេះទៅហើយ ក៏មិនអាចទិញសេចក្តីទុកចិត្តបានពីគណបក្សប្រជាជនបានដែរ។ គណបក្សប្រជាជន បានមើលឃើញថាគោលបំណងរបស់គណបក្សភឿថៃគឺ «ចង់ទាញពេលវេលា និងរកការគាំទ្រថ្មីសម្រាប់ខ្លួនឯង» តែប៉ុណ្ណោះ និងម្យ៉ាងទៀតប្រសិនបើបន្តគាំទ្រគណបក្សភឿថៃ គឺនឹងធ្វើឱ្យគណបក្សប្រជាជនខ្លួនឯង បាត់ឱកាសគ្រប់គ្រងនយោបាយ នៅក្នុងរយៈពេលវែងថែមទៀត។ ស្ថានភាពនេះកំពុងបង្ហាញថា អំណាចនយោបាយរបស់វង្សត្រកូលថាក់ស៊ីន កំពុងឈានដល់ថ្ងៃទន្សាហើយ។

* ដំណើរទៅមុខរបស់គណបក្សភូមចៃថៃ

ប្រធានគណបក្ស Bhumjaithai លោក Anutin Charnvirakul កំពុងក្លាយជាបេក្ខជនសំខាន់ក្នុងការបង្កើតរដ្ឋាភិបាលថ្មី។ គេរំពឹងថា លោកអាចទទួលបានការគាំទ្រពីគណបក្សប្រជាជនផង និងពីគណបក្សសម្ព័ន្ធដទៃមួយចំនួនទៀត។ ការលើកលោក Anutin Charnvirakul ឡើងជាបេក្ខជននាយករដ្ឋមន្ត្រី គឺជាយុទ្ធសាស្ត្រមួយ ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ និងបញ្ចប់អំណាចដ៏ពិសពុលរបស់វង្សត្រកូលថាក់ស៊ីន។ មានការវិភាគលើកឡើងថា បើលោក Anutin ឡើងជានាយករដ្ឋមន្ត្រី វានឹងជួយផ្លាស់ប្តូរទិសដៅនយោបាយថៃ បង្កើនស្ថិរភាពនិងបង្ហាញភាពជាអ្នកចរចាសេដ្ឋកិច្ចសំខាន់សម្រាប់ប្រទេសថៃថែមទៀត។

* ហេតុអ្វីបានជានយោបាយថៃ ទាត់ចោលអំណាចត្រកូលថាក់ស៊ីន?

វង្សត្រកូល ថាក់ស៊ីន ស៊ីណាវ៉ាត្រា តែងតែជាកម្លាំងបំប្លែងនយោបាយថៃជាយូរមកហើយ។ ប៉ុន្តែហេតុអ្វីបានជាឥទ្ធិពលនៃនយោបាយដឹកនាំដោយលោកថាក់ស៊ីន បានទទួលការធ្លាក់ចុះ ក្នុងពេលនេះ? នយោបាយថៃ កំពុងតែផាត់ចេញនូវកម្លាំងនយោបាយដ៏មានឥទ្ធិពលរបស់វង្សត្រកូលថាក់ស៊ីន ដោយសារតែវិបត្តិ ដែលជាប់ពាក់ព័ន្ធវេលាចុងក្រោយដូចតទៅនេះ៖

១៖ ការដកតំណែងនាយករដ្ឋមន្ត្រីលោកស្រី Paetongtarn Shinawatra ដែលជាកូនស្រីរបស់លោកថាក់ស៊ីន ដោយតុលាការកំពូលរបស់ថៃ បន្ទាប់ពីការចោទប្រកាន់ពីបទប្រព្រឹត្តខុសក្រមសីលធម៌ធ្ងន់ធ្ងរ។ ការសម្រេចចិត្តនេះបានធ្វើឲ្យ «គ្រាប់ពេជ្រ» នៃក្តីសង្ឃឹមដ៏មុតមាំរបស់វង្សត្រកូល ថាក់ស៊ីន បានក្លាយជា «គ្រាប់ក្រួស» ដែលអស់តម្លៃ។

២៖ ការបាត់បង់សម្ព័ន្ធមិត្តសំខាន់ៗរបស់សភា ជាពិសេសការដកខ្លួនរបស់គណបក្ស Bhumjaithai ចេញពីសម្ព័ន្ធរបស់ភឿថៃ ដែលនាំទៅដល់ការធ្លាក់ចុះជាខ្លាំងលើការគាំទ្រសម្លេងក្នុងសភា និងការថយចុះនូវទំនុកចិត្តសាធារណៈ។ ផ្តើមពីភាពបែកបាក់នេះហើយសំឡេងគណបក្សក្នុងសម្ព័ន្ធផ្សេងៗ បានចាប់ផ្តើមចល័តខ្លួនចាកចេញពីអំណាចរបស់ត្រកូលថាក់ស៊ីន។

៣៖ ភាពមិនទុកចិត្តដែលបានចាក់ឫសយ៉ាងជ្រៅដោយផ្អែកលើប្រវត្តិនយោបាយរបស់គណបក្សភឿថៃ និងវង្សត្រកូលថាក់ស៊ីន ដែលតែងតែផ្លាស់ប្តូរយុទ្ធសាស្ត្រ, បំបែកសម្ព័ន្ធភាព, និងបដិសេធកិច្ចព្រមព្រៀងធ្លាប់មានមុនៗ ដើម្បីរកអត្ថប្រយោជន៍នយោបាយផ្ទាល់ខ្លួន។

ភាពមិនទុកចិត្តនេះបានចាក់ឫសជ្រៅ ក្នុងចំណោមគណបក្សសម្ព័ន្ធភាព និងទំនុកចិត្តសាធារណៈ។ ការបាត់បង់សេចក្តីទុកចិត្តលើភឿថៃនេះហើយ បានបើកផ្លូវឱ្យកម្លាំងនយោបាយថ្មីៗ ដូចជាគណបក្សប្រជាជន People’s Party និងគណបក្ស Bhumjaithai បានកើនឡើងប្រជាប្រីយ៍ភាពយ៉ាងឆាប់រហ័ស។ កម្លាំងថ្មីទាំងនេះកំពុងទាមទារកំណែទម្រង់ប្រព័ន្ធនយោបាយ និងការបែងចែកអំណាចថ្មី ដើម្បីបញ្ចប់សម័យអំណាចវង្សត្រកូលថាក់ស៊ីន។

* របត់នយោបាយថៃក្នុងភាពរញ៉េរញ៉ៃ

នៅពេលនេះស្ថានភាពនៃវិបត្តិនយោបាយថៃ កំពុងតែច្របូកច្របល់ដោយគេមិនទាន់ដឹងថា តើដំណើរនយោបាយថៃត្រូវធ្វើដំណើរតាមច្រកណាមួយពិតប្រាកដទេ។ គិតត្រឹមរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥, គណបក្សភឿថៃ បានស្នើការរំលាយសភា ដើម្បីបើកផ្លូវដើម្បីរកការបោះឆ្នោតសាជាថ្មី បន្ទាប់ពីបេក្ខជនស្នើរបស់ខ្លួនត្រូវបានគណបក្សប្រជាជន បានបដិសេធ។ ប៉ុន្តែបែរជាគាំទ្របេក្ខជនពីគណ បក្សភូមចៃថៃ ដឹកនាំដោយលោកអនុទិន ចាន់វីរៈគុល និងភាពរញ៉េរញ៉ៃនយោបាយទាំងនេះ ត្រូវគេរំពឹងថានឹងរង់ចាំការឆ្លើយតបដ៏មានឥទ្ធិពលពីព្រះបរមរាជវាំងរបស់ថៃដើម្បីការបញ្ជាក់អំពីទិសដៅត្រូវដើរក្នុងពេលអនាគត។

សេចក្តីសន្និដ្ឋានចុងក្រោយ៖ គណបក្សភឿថៃ កំពុងធ្លាក់ចូលក្នុងស្ថានភាពទាល់ច្រកនយោបាយដ៏ធ្ងន់ធ្ងរ។ ទោះបីព្យាយាមយល់ព្រមតាមលក្ខខណ្ឌរបស់គណបក្សប្រជាជនក៏ដោយ ក៏គណបក្សដឹកនាំ ដោយមហាសេដ្ឋីលុយរាប់រយលានដុល្លារនេះ មិនអាចទាក់ទាញការគាំទ្រវិញបានទេ។ ភាពមិនទុកចិត្ត និងការបាត់បង់សម្ព័ន្ធមិត្តបង្ហាញថា អំណាចវង្សត្រកូលថាក់ស៊ីន កំពុងឈានដល់ថ្ងៃទន្សារបស់ខ្លួនហើយ៕