លទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមា លើកទី២, តំណាងកម្មករនិយោជិត ស្នើដំឡើងថែម១០ដុល្លារលើតួលេខបច្ចុប្បន្ន ២០៨ដុល្លារ, ភាគីនិយោជក ស្នើរក្សាតួលេខដដែល (Video inside)

03-09-2025 16:05

(ភ្នំពេញ)៖ នៅថ្ងៃពុធ ទី៣ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្តកិច្ចប្រជុំរបស់ខ្លួនចាប់ពីម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ១៣:៣០នាទី ដើម្បីបន្តពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ ឆ្នាំ២០២៦។

គិតត្រឹមថ្ងៃនេះ កិច្ចប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា សរុបមានចំនួន ១១លើក រួមមាន កិច្ចប្រជុំ ត្រីភាគី ចំនួន ២លើក កិច្ចប្រជុំទ្វេភាគី ចំនួន ៣លើក កិច្ចប្រជុំផ្ទៃក្នុងរបស់តំណាងភាគីកម្មករនិយោជិត ចំនួន ៣លើក និងកិច្ចប្រជុំផ្ទៃក្នុងរបស់តំណាងភាគីនិយោជក ចំនួន ៣លើក។ ភាគីពាក់ព័ន្ធបានបន្តលើកហេតុផល និងបង្ហាញ នូវគោលជំហរផ្ទៃក្នុងរបស់ខ្លួនទៅវិញទៅមកប្រកបដោយវិជ្ជាជីវៈ និងភាពចាស់ទុំអំពីសំណើរបស់ខ្លួន។

ជាលទ្ធផល តំណាងភាគីកម្មករនិយោជិត បានស្នើនូវតួលេខកំណើនចំនួន ១០ដុល្លារអាម៉េរិក លើតួលេខ បច្ចុប្បន្ន ២០៨ដុល្លារអាម៉េរិក និងតំណាងភាគីនិយោជក បានស្នើរក្សាតួលេខបច្ចុប្បន្ន ២០៨ដុល្លារអាម៉េរិក។ អង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាជាលក្ខណៈត្រីភាគីបន្តទៀត នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដូចកាលវិភាគដែលបានព្រមព្រៀងគ្នាក្នុងសេចក្តីជូនដំណឹង កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥៕